Ad Code

គ្រូបង្វឹក​ក្រុម​សូល​ទី​ឡូ​អង្គរ Yuki Matsuda ផុត​កិច្ចសន្យា​ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨



លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda របស់​ក្លិប​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​កាលពីពេល​ថ្មីៗ ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​នេះ ខណៈ​លោក​កំពុង​រង់ចាំ​ការ​ចរចា​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​។



​គ្រូបង្វឹក​ដែល​កំពុង​កាន់​អាជ្ញា​ប័​ណ្ណ AFC A License រូបនេះ​បាន​ប្រាប់ CNCC ថ្មីៗ​ថា «​ជាការ​ពិត ខ្ញុំ​ស្រលាញ់​ក្លឹប​មួយ​នេះ ពេញចិត្ត​អ្នកគាំទ្រ ពិសេស​ស្រលាញ់​ស្ថានភាព​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ពួក​យើង​បាន​អភិវឌ្ឍ​ខ្លួន​ជាមួយគ្នា​យ៉ាងច្រើន សម្រាប់​រដូវ​កាល​ដំបូង​ក្នុង​លី​គ​កំពូល​កម្ពុជា ហើយ​ខ្ញុំ​រំពឹង​ថា ​នឹង​បាន​ចូលរួម​ជាមួយ​កីឡាករ​ទាំងអស់​ទៀត នៅ​ឆ្នាំក្រោយ​។ ប៉ុន្តែ​អ្វីៗ​ស្ថិត​ក្នុង​ការចរចា ព្រោះ​កិច្ចសន្យា​ខ្ញុំ​ជាមួយ​សូល​ទី​ឡូ​បញ្ចប់​ត្រឹម​រដូវ​កាល​នេះ​ហើយ​។ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ពី​អ្វី​ដែល​ខ្ញុំ​ចង់បាន និង ស្ដាប់​ពី​ការចង់បាន​របស់​ក្លឹប ហើយ​បើ​យើង​អាច​រកបាន​ចំណុច​រួម​គ្នា​មួយ ខ្ញុំ​នឹង​បន្ត​នៅ​ទី​នេះ​ទៀត​»​។ លោក​បាន​ដាក់​សំណើ​មួយចំនួន​ទៅ​ក្លឹប ពាក់ព័ន្ធ​ការ​បន្ថែម​បុគ្គលិក យុទ្ធសាស្ត្រ​ដឹកនាំ​ក្លឹប និង ប្រាក់បៀវត្ស​ជាដើម។



​លោក Yuki Matsuda ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្លិប​Albirex Niigata Singapore នៅ​ប្រទេស​សឹង្ហ​បុរី ខណៈ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប Champasak United នៅ​លី​គ​កំពូល​ក្នុងប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ មុន​ធ្វើដំណើរ​មក​ចាប់​អាជីព​ជា​គ្រូ​ជំនួយ​ក្នុង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង មួយ​រយៈ​ខ្លី​។ ក្រោយមក​លោក​បានសម្រេច​ចូលរួម​ជាមួយ​ក្រុម​នៅ​ខេត្តសៀមរាប មួយ​នេះ​ដើម្បី​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ នៅ​ឆ្នាំ​២០១៧ និង​ឡើង​មក​កាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៨ តែម្តង​។



សូម​បញ្ជាក់​ថា ​ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​លោក Yuki Matsuda បាន​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ២០១៨​នេះ ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គរថាយហ្គឺរ ដោយ​លទ្ធផល​ទាំង២​ជើង ៣ទល់២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu