Ad Code

ម៉ូតូ​ទំនើប​ម៉ាក​សេ​១២៥​ឆ្នាំ​២០១៨​ពីរ​គ្រឿង​ ត្រូវ​ក្រុមចោរ​កាច់​សោ​ជិះ​យកទៅ​បាត់​ទាំង​ព្រឹក ខណៈ​ម្ចាស់​ម៉ូតូ​ជាប់រវល់​ចូលកាន់​បិណ្ឌ​នៅ​វត្ត​ព្រៃ​តា​កុយ



កែប ៖ នេះ​ជា​ករណី​ចោរកម្ម​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​វិលមុខ ខណៈ​ម៉ូតូ​របស់​ពលរដ្ឋ​ចំនួន​ពីរ​គ្រឿង​ដែល​ចត​ទុក​ក្នុង​បរិវេណ​វត្ត ត្រូវ​ក្រុម​ចោរ​ចូលទៅ​បន្លំ​កាច់​សោ.ក ជិះ​យកទៅ​បាត់​ទាំង​ព្រឹក ដោយ​គ្មាន​រំខាន​ដល់​ប៉ូលិស​បន្តិច​ឡើយ​។



ហេតុការណ៍​ឆោឡោ​រឿង​បាត់​ម៉ូតូ​ម៉ាក​ទំនើប​ពីរ​គ្រឿង​ខាងលើ បាន​កើតឡើង​នៅក្នុង​វត្ត​ព្រៃ​តា​កុយ ភូមិ​ព្រៃ​តា​កុយ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨។



តាម​ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា មុនពេល​មាន​ករណី​ចោរកម្ម​នេះ ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​ម្ចាស់​ជិះ​ចូល​មក​ឈប់​ចត​ក្នុង​បរិវេណ​វត្ត​ព្រៃ​តា​កុយ ដើម្បី​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ឱកាស​កាន់បិណ្ឌ​វេន​ទី​៨​។ លុះ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​រួចហើយ ស្រាប់តែ​ម៉ូតូ​ត្រូវ​ចោរ​កាច់​សោ.ក យក​ទៅ​បាត់​ទាំងពីរ​គ្រឿង​តែម្តង​។



ប្រភព​បាន​បន្ត​ថា មុន​នេះ​បន្តិច​គេ​ឃើញ​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចូល​ទៅ​ក្បែរ​កន្លែង​ចត​ម៉ូតូ​នោះ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ទេ លុះ​បាត់​ម៉ូតូ​ទើប​នាំគ្នា​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។



ទាក់ទិន​នឹង​ករណី​បាត់​ម៉ូតូ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំងពីរ​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប ម៉ាក​ហុងដា​ផលិត​ក្នុង​ឆ្នាំ​២០១៨​ដូចគ្នា​។ ​ម៉ូតូ​ទី​១​ម៉ាក​C125 ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កែប 1B-5593 ម្ចាស់​ឈ្មោះ ម៉ៅ គី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពង​ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ម៉ូតូ​ទី​២ ម៉ាក​C125 ផលិត​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កែប 1B-2138 ម្ចាស់​ម៉ូតូ​ឈ្មោះ សឹង មុន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។



ក្រោយពី​មាន​ករណី​បាត់​ម៉ូតូ​ពីរ​គ្រឿង​ទាំង​ព្រឹក ​នៅក្នុង​បរិវេណ​វត្ត​ព្រៃ​តា​កុយ ភ្លាម​នោះ​គេ​ឃើញ​សមត្ថកិច្ច​បាននឹងកំពុង​ដុតដៃដុតជើង តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​ដើម្បី​វែកមុខ​ក្រុម​ចោរលួច​នេះ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu