ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ បានឈានជើងដល់វគ្គផ្តាច់ព្រ័ត្រហើយនៅល្ងាចថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្រោយធ្វើដំណើរប្រកួតអស់រយៈពេលជាង២ខែហើយ ដែលមានក្រុមចូលរួមសរុប២១ក្រុម។
កម្មវិធីប្រកួតវគ្គចុងក្រោយគណៈកម្មការបានរៀបចំឡើងអោយក្រុមចាញ់នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រគឺក្រុមពិស្ណុការ ប៉ះក្រុមយុវជនបៃតង នៅម៉ោង៣រសៀល ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ លើទីលានពហុកីឡដ្ឋានជាតិ ខណៈក្រុមឈ្នះនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រគឺក្រុម អ៊ិនធីកណ្ដាល ជួបក្រុមអាណាចក្របៃតង នៅម៉ោង៥ល្ងាចនៅថ្ងៃដំណាលគ្នា ដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំរដូវកាល។
សូមរំលឹកថា សម្រាប់លទ្ធផលប្រកួតនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅចុងសប្ដាហ៍កន្លងទៅនេះឃើញថា ក្រុម ធីអិនកណ្ដាលអែហ្វស៊ី ឈ្នះក្រុមពិស្ណុការ ៤ទល់២ នៅល្ងាចថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន KHM ហើយនៅល្ងាចថ្ងៃជាមួយគ្នាក្រុមយុវជនបៃតងបានប្រកួតចាញ់ ក្រុមអាណាចក្របៃតង ៦ទល់៣។
ពានរង្វាន់នេះបានចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី ២៦ ខែសីហាឆ្នាំ២០១៨ មកម្ល៉េះហើយក្រុមខ្លាំងជាងគេចំនួន២ក្រុមក្នុង១ពូល ឡើងទៅប្រកួតវគ្គ ៨ ក្រុម រួចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ៣២ លានរៀល គឺច្រើនជាងឆ្នាំមុន ដែលបានត្រឹម ២៥ លានរៀល។ គណៈកម្មការក៏ត្រៀមប្រាក់រង្វាន់ដល់អ្នកចាំទីល្អ អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្រុម Fair play ក្រុមលេខ ២ និងក្រុមលេខ ៣ ផងដែរ។
ពានរង្វាន់សម្តេចចក្រីឆ្នាំដំបូងកាលពីឆ្នាំ២០១៧ មានក្រុមចូលរួមចំនួន១៨ក្រុមដោយចែកជាពូលផ្សេងៗគ្នាដើម្បីប្រកួតជម្រុះ។ ជាលទ្ធផលឆ្នាំដំបូងក្រុមជើងឯកបានទៅក្រុមអាណាចក្របៃតង ដែលកាលនោះទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ និងប្រាក់រង្វាន់ ២៥,០០០,០០០ រៀល ហើយក្រុមសម្ព័ន្ធយុវជនម៉ូស្លីមដែលទទួលបានជើងឯករងទទួលបានមេដាយប្រាក់ម្នាក់១គ្រឿង និងទឹកប្រាក់ចំនួន១២,០០០,០០០ រៀល និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមពិស្ណុការ ទទួលបានទឹកប្រាក់៦,០០០,០០០រៀល ហើយក្រុមOld Town Garden ទទួលបានពានរង្វាន់ Fair Play៕
Source: Kampuchea Thmey Daily
0 Comments