ភ្នំពេញ ៖ កាលពីទី១៨ ខែតុលា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម”ក្នុងគោលបំណងដើម្បីចែកពីរំលែកបទពិសោធន៍ បញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះលោក វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពអឺរ៉ុបដែលតំណាងដោយឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈកម្មវិធី “ជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន” និងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា(WFP) តំណាងដោយលោកស្រី Francesca Erdelmann ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍គេហទំព័រ សេវាព័ត៌មានទីផ្សារកសិកម្ម ដែលជាប្រភពផ្តល់នូវព័ត៌មានអំពីតម្លៃកសិផលទាន់ពេលវេលា ឱ្យបានដល់កសិករ អាជីវករ និងអ្នកពាក់ព័ន្ធទូទាំងប្រទេសប្រកបដោយភាពកក់ក្តៅ និងជឿទុកចិត្តបាន។
ការរៀបចំកម្មវិធីនាថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីចែកពីរំលែកបទពិសោធន៍ បញ្ហាប្រឈមដែលវិស័យសាធារណៈ ឯកជន និងសហគមន៍កសិករជួបប្រទះ ដើម្បីកំណត់នូវអាទិភាពនៃបញ្ហាប្រឈមនានា និងរិះរកវិធានការអន្តរាគមន៍ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករដែលមានជីវភាពរស់នៅដោយពឹងអាស្រ័យលើមុខរបរកសិកម្មជាចម្បង។
ទន្ទឹមនឹងនេះ លោក បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើ សេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា។ នេះជាការបង្ហាញឲ្យឃើញថា កសិករកម្ពុជាបាន និងកំពុងប្រែក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅរបស់ខ្លួន។ ហើយជាមួយគ្នានេះក្នុងបរិបទនេះ យើងក៏សង្កេតឃើញថា មានស្ថាប័នជាច្រើនទាំងរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បាន និងកំពុងផ្តល់សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដល់កសិករនៅមូលដ្ឋាន យ៉ាងសស្រាក់សស្រាំហើយក៏មានកសិករជាច្រើនបានក្រេបជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យទាំងអស់នោះយកទៅអនុវត្តប្រកបដោយភាពឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់នៅក្នុងតំបន់ជាច្រើនទៅតាមអនុវិស័យនីមួយៗ។
ទន្ទឹមនឹងនេះ វិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវ-ការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់លើកកម្ពស់ការនាំចេញ ជាពិសេស ការបន្តពង្រឹង និងពង្រីកសមត្ថភាពសហគមន៍កសិកម្មឲ្យក្លាយជាសហគ្រាសសេដ្ឋកិច្ចជនបទ សម្រាប់ភាពជាដៃគូជាមួយឯកជន តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា៕
Source: Kampuchea Thmey Daily
0 Comments