Ad Code

មនុស្ស​៨​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ ប្រឆាំង​រាជរដ្ឋាភិបាល



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មនុស្ស​ចំនួន​៨​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លាក់​ទុក​អាវុធ ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ផ្លូវការ​ហើយ ពី​បទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។



លោក លី សុ​ផា​ណា បានបញ្ជាក់​តាម​សា​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម កាលពី​វេលា​ម៉ោង​១១ និង​៣០ នាទី​ព្រឹក ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨ ថា អយ្យការ​បានសម្រេច​ចោទប្រកាន់ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ពីបទ ទី​១, រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​រឿង​ផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ទី​២, ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា​៤៨៥ មាត្រា ៤៨៦ និង​មាត្រា​៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​។



​សូម​បញ្ជាក់​ថា មនុស្ស​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​មេក្លោង និង​បក្ខពួក​មួយ​ចំនួន​ទៀត​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ហើយ​ជនសង្ស័យ​ទាំងនោះ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ កំពត និង​ពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ២០១៨ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។



បើ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា អាវុធ​ដែល​ដកហូត គឺ​អាកា​ស្វាយ​បត់​ចំនួន​២៨​ដើម ត្រូវបាន​ដកហូត ដោយ​ជនសង្ស័យ​កប់​លាក់​ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន​២៥​ដើម (​អាកា​ស្វាយ​បត់​)​។ នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្តកំពត រកឃើញ​កាំភ្លើង​ចំនួន​ពីរ​ដើម (​អាកា​មួយ​ដើម និង​អឹម​សី​មួយ​ដើម​) និង​នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រក​ឃើញ​កាំភ្លើង​ចំនួន​មួយ​ដើម (​សេ​កា​សេ​)​។ ក្រៅពី​កាំភ្លើង​មាន បង់​ចំនួន​ពីរ គ្រាប់​អាកា​ចំនួន​១៧​គ្រាប់ និង M16 ចំនួន​២០​គ្រាប់​។ តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​។



ទាក់ទង​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឃឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​នាយសេនាធិការ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០១ ខែតុលា ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨ នាក់ និង​ដកហូត​កាំភ្លើង​២៨​ដើម ពិតប្រាកដ​មែន ហើយនឹង​មានការ​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត​។ លោក​បញ្ជាក់​ថា ចំពោះ​រឿង​នេះ គឺមាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ច្រើនណាស់​។



ចំពោះ​ករណី​ខាងលើនេះ នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ថា មនុស្ស​ចំនួន​៨​នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ ជា​បក្សពួក​របស់ខ្លួន​នៅឡើយ​ទេ ប៉ុន្តែ​គេ​នៅចាំ​បាន​ថា សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ របស់​លោក សម សេរី ត្រូវ​បាន​អាជ្ញាធរ​រាជរដ្ឋាភិបាល​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ទាក់ទង​ការ​ធ្វើសកម្មភាព​បះបោរ និង​បង្កើត​កម្លាំង​ខុសច្បាប់​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu