Ad Code

ក្រុម​អ្នកស្រាវជ្រាវ និង​អ្នកធ្វើ​ការពាក់ព័ន្ធ​ទៅ​និង​ផលប៉ះពាល់​សុខភាព​ដោយសារ​បារី ស្នើ​ឲ្យ​រាជរដ្ឋាភិបាល មាន​យន្តការ​ផាកពិន័យ​ដល់​ក្រុមហ៊ុន​ថ្នាំជក់



ភ្នំពេញ ​៖ ក្រុម​ម​អ្នកស្រាវជ្រាវ​បង្ហាញថា បច្ចុប្បន្ន​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់​នៅ​កម្ពុជា បាន​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកលក់​បារី ដូចជា​ផ្តល់​ប្រាក់​ឧបត្ថម្ភ ផ្តល់​សម្ភារៈ​ប្រើប្រាស់ ផ្តល់​វត្ថុ​អនុស្សាវរីយ៍ បារី និង​ការ​លើកទឹកចិត្ត​ដទៃទៀត ដែល​ទាំងនេះ​បង្ហាញ​ពី​ចេតនា​មិន​គ្រាន់តែ​បំពាន​លើ​ច្បាប់​របស់​កម្ពុជា​នោះទេ ថែមទាំង​បាន​ជំរុញ​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ថ្នាំជក់​(​បារី​)​កាន់​តែ​ច្រើន​ថែមទៀត​។

លោក កៅ សុវណ្ណ​តារា អ្នកស្រាវជ្រាវ បាន​លើក​ឡើង​នៅក្នុង​កម្មវិធី​បង្ហាញ​លទ្ធផល ស្រាវជ្រាវ ស្តីពី​“​ការ​លើកទឹកចិត្ត​រប​ស់​ក្រុមហ៊ុន​ថ្នាំជក់ ចំពោះ​ការ​លក់​បារី និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម “​ដែល​បានធ្វើ​នៅ CKCC នា​ថ្ងៃទី ០១ ខែ តុលា​នេះ​ថា អ្នកលក់​មួយចំនួន​បាន​ទទួល​ពី​ភ្នាក់ងារ​ក្រុមហ៊ុន​ថ្នាំជក់ ជា​បារី​ចាប់ពី​២​កញ្ចប់ រហូតដល់​៤០​កញ្ចប់ និង​អ្នកលក់​បារី​ខ្លះទៀត​ទទួល​ប្រាក់​ពី ៥​ដុល្លារ ដល់​៣០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ធ្វើ​ឲ្យ​ពួកគាត់​ព្យាយាម​ជំរុញ​ការ​លក់​បារី​ឲ្យ​បាន​ច្រើន ដែល​ទង្វើ​បែបនេះ​លោក​ថា វា​ខុស​នឹង​ច្បាប់​ស្តី​ពី ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០១៥ ដែល​បាន​ចែងថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ ការ​ផ្សព្វផ្សាយ​លក់ និង​ឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហកម្ម​ថ្នាំជក់ ត្រូវ​បាន​ហាមឃាត់​។



អ្នកស្រាវជ្រាវ​រូប​នេះ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ថ្នាំជក់​បាន​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ បង្វែរ​ថវិកា​ពី​ការផ្សាយពាណិជ្ជកម្ម មក​ជា​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អ្នកលក់​បារី​វិញ​ម្តង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រុម​អ្នកស្រាវជ្រាវ និង​អ្នកធ្វើ​ការ​ពាក់ព័ន្ធ ទៅ​និង​ផលប៉ះពាល់​សុខភាព ដោយសារ​បារី ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល​មាន​យន្តការ​ផាកពិន័យ ដល់​ក្រុមហ៊ុន​តាម​ការ​ចង្អុលបង្ហាញ​របស់​ច្បាប់ និង​មាន​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។

លោក ផាន់ ចាន់​ពៅ ប្រធាន​ដេ​ប៉ា​តឺ​ម៉​ង់​ចិត្ត​វិទ្យា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បញ្ជាក់ថា ថ្នាំជក់​គឺ ជា​ផលិតផល​តែមួយគត់ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ស្លាប់​មុន​អាយុ​កំណត់​។ ក្នុង​១​ឆ្នាំៗ​ថ្នាំជក់​ធ្វើ​ឲ្យ​មនុស្ស ៨​លាន​នាក់​ស្លាប់​នៅលើ​ពិភពលោក និង​ជិត​១​ម៉ឺន​នាក់​នៅ​កម្ពុជា។

លោក​វេជ្ជបណ្ឌិត ញ៉ិល ដា​រា​វុ​ធ និង​លោក​វេជ្ជបណ្ឌិត មំ គង់ បាន​អះអាង​ថា រដ្ឋាភិបាល និង​អង្គការ​ពាក់ព័ន្ធ បាននឹងកំពុង​មាន​ចំណាត់​ការធ្វើ​អធិការកិច្ច ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មិន​គោរព​ច្បាប់ ស្តី​ពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​នេះ​។ ប៉ុន្តែ​នៅ​មាន​ចន្លោះប្រហោង​ដើម្បី​ផ្សព្វផ្សាយ​លក់​ផលិតផល​បារី និង​ជំរុញ​ការ​លក់​ឲ្យ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា ក្រុមហ៊ុន​ថ្នាំជក់​នៅ​កម្ពុជា បាន​ផ្តល់​រង្វាន់​លើក​ទឹក​ដល់​អ្នកលក់​បារី ដូចជា​ប្រាក់ឧបត្ថម្ភ សម្ភារៈ​ប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ និង​ការ​លើកទឹកចិត្ត​ដទៃទៀត ដោយ​រំលោភ​លើ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង និង​ហាមឃាត់​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នកស្រាវជ្រាវ​ដេ​ប៉ា​តឺ​ម៉​ង់​ចិត្ត​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បង្ហាញថា មាន​៨៥% នៃ​អ្នកលក់ បាន​ទទួល​វត្ថុ​ប្រើប្រាស់ និង​បារី ជា​ថ្នូរ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី និង​ការតាំង​កញ្ចប់​បារី ឲ្យ​មាន​ការទាក់ទាញ​អតិថិជន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu