Ad Code

ទិញ​ថ្នាំញៀន​ពី​ស្ពាន​ព្រែក​ព្នៅ​មក​លក់​នៅ​ស្រុក​ពញាឮ​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​៣​នាក់



កណ្តាល​ ៖ បុរស​ក្មេងៗ​ចំនួន​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ពញាឮ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ​ខណៈ​ដែល​ពួកគេ​បាន​ទិញ​ថ្នាំញៀន​ពី​ម្តុំ​គល់ស្ពាន​ព្រែក​ព្នៅ​ សង្កាត់​ស្វាយប៉ាក ក្រុងភ្នំពេញ​មក​ជួញដូរ​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល កាល​ពី​យប់​ថ្ងៃទី​២៩ និង​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០១៨​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា សមាសភាព​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ​ទី​១. ឈ្មោះ សាយ រត​នះ អាយុ​២២​ឆ្នាំ មិន​មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​​ប្រក់​ក្តា ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ត្រូវបាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​១​នៅ​ចំណុច​ភូមិ​ប្រក់​ក្តា ឃុំ​វិហារ​លួង កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៨ ជាមួយ​វត្ថុតាង​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ដែល​គេ​បាន​លាក់ទុក​ស៊ក​ភ្ជាប់​ក្នុង​ស្លាក​យីហោ​ដប​ទឹក​បរិ​សុ​ទ្ធ​ ដើម្បី​បង្វែងដាន​សមត្ថកិច្ច​។ ទី​២.​ឈ្មោះ ស្មាន រ៉​ហ្វា​ឌី អាយុ​២៦​ឆ្នាំ​ជនជាតិ​ចាម មាន​ទីលំនៅ ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ មុខរបរ​លក់​គ្រឿងក្រអូប​តាម​នៅ​ខេត្ត​។ ទី​៣.​ឈ្មោះ សុក ណា​ឌី ហៅ​ទ្រ​ក អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​ពោ​ធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល។



ជន​ទី​២​និង​ទី​៣ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃទី​៣០ ឆ្នាំ​២០១៨ នៅមុខ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាឮ​ ខេត្តកណ្តាល រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​តំ​ហ្វេ​តា​មីន​ចំនួន​១​កញ្ចប់ និង​ជញ្ជីង​១​គ្រឿង​សម្រាប់​ថ្នាំ​ញៀន​លក់​ចែកចាយ​។

លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ បាន​មានប្រសាសន៍ថា ក្រុម​ជនសង្ស័យ​ទី​១ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​១៥ ខែ​នៅ​ខេត្ត​កំពង់ស្ពឺ ពីបទ​ជួញដូរ​សារធាតុ​ញៀន​នេះ​ដែរ​។ លោក អធិការ មានប្រសាសន៍​បញ្ជាក់​ថា តាម​ចម្លើយសារភាព របស់​ជន​ទាំង​២​ក្រុម​នេះ បាន​ប្រាប់ថា ថ្នាំញៀន​ទាំងនេះ​ពួកគេ​បាន​ទិញ​យក​មកពី​ម្តុំ​គល់ស្ពាន​ព្រែក​ព្នៅ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ​(​ជាប់​ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ​) យក​មក​លក់​នៅ​ស្រុក​ពញាឮ ប៉ុន្តែ​ត្រូវ​បាន សមត្ថកិច្ច​ស្រុក​ពញាឮ​បង្ក្រាបបាន​តែម្តង។

​ក្រុម​ជនល្មើស​ទាំង​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ពញាឮ ចាប់ឃុំខ្លួន និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu