Ad Code

បុគ្គលិក​អគ្គិសនី​២​នាក់ បាន​ទារលុយ​៨​ពាន់​ដុល្លារ​ពី​អតិថិជន​អត់​មានរឿង ដល់​បុគ្គលិក​ម្នាក់ទៀត​យក​លុយ​១៥០​ដុល្លារ​ដើម្បី​រត់​ច្បាប់ បែរជា​ដកចេញ​ពី​ក្របខណ្ឌ



សៀមរាប ៖ ​ប្រភព​បាន​ទម្លាយ​ថា បុគ្គលិក​អគ្គិសនី​២​នាក់ បាន​ទារ​លុយ​៨​ពាន់​ដុល្លារ​ពី​អតិថិជន​ករណី​សុំ​ត​ភ្លើង​នៅ​ម្តុំ​ផ្សារ​ក្រឡាញ់ តែ​ត្រូវ​គេ​រត់ការ​បិទ​រឿង​។ ចំណែក​បុគ្គលិក​ម្នាក់ទៀត​ទៅ​ត​ភ្លើង​ឲ្យ​អតិថិជន​ដែល​បាន​យក​លុយ​១៥០​ដុល្លារ​ ដើម្បី​រត់​ច្បាប់ បែរជា​ដកចេញ​ពី​ក្របខណ្ឌ​យ៉ាង​តក់ក្រហល់​។

យោង​តាម​លិខិត​ស្នើសុំ​រក​ភាព​យុត្តិធម៌​របស់ សែម រតនៈ អតីតមន្ត្រី​អគ្គិសនី​បាន​ផ្តល់​មក​អ្នកកាសែត​ឲ្យ​ដឹង​ថ្ងៃទី​២៩​ខែកញ្ញា ឆ្នាំ​២០១៨ ថា នៅ​ថ្ងៃទី​១៦ ខែសីហា​ឆ្នាំ​២០១៨​នេះ លោក​ត្រូវ​បាន​អង្គភាព​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​អគ្គិសនី​កម្ពុជា ដែលមាន​ចំណារ​ឯកភាព​ចុះហត្ថលេខា ដោយ​ផ្ទាល់​ពី​លោក កែវ រតនៈ ទទួលបន្ទុក​អគ្គិសនី​កម្ពុជា ដោយ​គេ​ចោទប្រកាន់​មក​លើ​រូបលោក​ថា យក​រថយន្ត​របស់​អង្គភាព​ទៅ​ជិះ​ដើរលេង​ផឹកស៊ី​សាធារណៈ ខណៈ​ពេលនោះ​រូបលោក ក៏បាន​ទទួលកំហុស និង​ព្រម​ធ្វើ​កិច្ចសន្យា ជាមួយ​អង្គភាព​រួចរាល់​អស់ហើយ​ដែរ​។



លិខិត​នោះ​បាន​រៀបរាប់​បន្ត​ថា ក្រោយមក​មាន​ករណី​អតិថិជន​បាន​ប្តឹង​ចោទ​ខ្ញុំ​ថា យក​លុយ​ពី​គេ​ចំនួន​១៥០​ដុល្លារ ដើម្បី​ដាក់ពាក្យ​ត​ភ្លើង​ថ្មី​ឲ្យ​គាត់ ដែល​មាន​កម្លាំង ២Px២០A ខណៈ​ពេល​នោះ​ខ្ញុំបាទ​បាន​រៀប​ចំ​ដាក់​ជូន​គាត់​រួចរាល់​ផង​ដែរ​។ ហើយ​ទឹកប្រាក់​ដែល​នៅសល់​ចំនួន​៥០​ដុល្លារ​ប៉ុណ្ណោះ ចំពោះ​ករណីនេះ​មិនមែន​រូបខ្ញុំ​បាទ ទៅ​ជំរិត​ទារប្រាក់​ពី​គាត់​នោះទេ គឺ​គាត់​ប្រើ​ឲ្យ​បងប្អូន​គាត់​មក​ពឹងពាក់​រូបខ្ញុំ​ឲ្យ​ជួយ​ទេ ចុងក្រោយ​បែរ​ជា​ខ្ញុំ​មានទោស ជំរិត​ទារ​លុយ​គេ​ទៅវិញ​។

ពីព្រោះ​បុគ្គល ដូច​រូបខ្ញុំ​នេះ នៅក្នុង​ខេត្តសៀមរាប ទាំងមូល ភាគច្រើន​ឲ្យ​តែ​មាន​បញ្ហា​រឿង​អគ្គិសនី គឺ​គេ​តែងតែ​មក​រក​រូប​ខ្ញុំ ព្រោះ​ខ្ញុំ​នៅ​ជិត​មេ​ស្រាប់។ ​លិខិត​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ពេល​ថ្មីៗ​នេះ បុគ្គលិក​អគ្គិសនី​សៀមរាប ចំនួន​២​រូប បាន​ទៅ​ជំរិត​ទារ​លុយ​ពី​អតិថិជន​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ តាំង ប៊ុន ហៃ ដែល​មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ហើយ​មាន​ទីតាំង​ប្រើប្រាស់​អគ្គិសនី​លេខ​កូដ ១៩៣០២២០A ដោយ​ទាមទារ​តម្លៃ​ត​ភ្លើង ចំនួន ៨០០០​ដុល្លារ​គត់​។​

ក្រោយមក​ម្ចាស់​សុំ​ចរចា​បាន​នៅសល់​ត្រឹមតែ​៣៥០០​ដុល្លារ​គត់ ហើយក៏​ឯកភាព​គ្នា​ចាប់ផ្តើម​ចូល​ត​ភ្លើង​ភ្លាម​។ បន្ទាប់មក​ម្ចាស់ផ្ទះ​ក៏បាន​ឯកភាព ដើម្បី​ត​ខ្នែង​ខ្សែ​មេ ABC (​មានន័យថា ខ្សែ​ធំ​ខ្មៅ​) ចូល​ទៅ​ក្នុង​ផ្ទះល្វែង របស់​គាត់​ចំនួន​៤​ល្វែង ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ​ប៉ុណ្ណោះ​។ តើ​អ្នក​ដែល​ជំរិត​ទារ​លុយ​ពី​អតិថិជន​នេះ​ខុស​ឬ​ត្រូវ​? បើ​តាម​គោលការណ៍​របស់​អគ្គិសនី​កម្ពុជា ដែរ​ឬ​ទេ​? ព្រោះ​កន្លងមក​មិនដែល​មាន​ទេ នៅក្នុង​អង្គភាព​អគ្គិសនី ទើបតែ​បុគ្គលិក​ថ្មី​២​នាក់​នេះ​ទេ ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​កើតឡើង​ផ្អើល​ពេញ​អង្គភាព​បែបនេះ ហើយ​គ្មាន​មេ​ណា​ដកចេញ​ទៀត នេះ​បាន​ចំ​ជា​ខ្សែ​ធំ​មែន​។ បើ​តាម​ប្រភព​ចេញពី​ក្នុង​អង្គភាព​ដែល​គេ​ស្រឡាញ់​រាប់អាន​ខ្ញុំ លួចខ្សឹប ប្រាប់​ថា លោក​ប្រធាន​កំពុង​ដុតដៃដុតជើង ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ទាំង​២​នាក់ កុំ​ឲ្យ​ថ្នាក់លើ​ដកចេញ​ពី​ក្របខ័ណ្ឌ​អគ្គិសនី​កម្ពុជា ដូច​រូបខ្ញុំ ដោយ​យក​លេស​ថា បុគ្គលិក​ទាំង​២​នាក់​នោះ​គឺជា​សកម្មជន​ជួយ​ការងារ​។​

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​លោក គង់ ពុ​ទ្ធី អតីត​ប្រធាន​អគ្គិសនី​ខេត្តសៀមរាប បាន​ពន្យល់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០១​ខែតុលា​នេះ តាម​ទូរស័ព្ទ ករណីនេះ​អ្នកកាសែត​មិនបាច់​ខ្វល់​រឿង​ខាង​EDC នោះ​ទេ​។ ហើយ​បុគ្គលិ​ក​EDC​ណា​ដែល​ធ្វើ​ខុស​គឺ​នឹង​ត្រូវ​ដកចេញ​ពី​ក្របខណ្ឌ​ចឹ​ង​ហើយ​។ ចំណែក​លោក គង់ ផល្លា ប្រធាន​អគ្គិសនី​ខេត្តសៀមរាប ទើប​ឡើង​ថ្មី ក៏​មិនអាច​សុំ​ការ​ពន្យល់​បានទេ​នៅ​សៀ​ល​ថ្ងៃទី​០១​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu