ភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីសបូរីប៉េងហួតបឹងស្នោសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់ឯកឧត្តម នៃ ប៉េណាដែលមានខ្លឹមសារជាអាទិ៍ថា តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា និងក្រុមគ្រួសារសាច់ញាតិ ចំពោះមរណភាពរបស់ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដោយរោគាពាធ។ មរណភាពរបស់ឯកឧត្តម នៃ ប៉េណា មិនត្រឹមតែបាត់បង់ស្វាមី បិតា ជីតាជាទីគោរពប្រកបដោយព្រហ្មវិហារធម៌មួយរូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់បែបយ៉ាងទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងមាតុភូមិផងដែរ។
ជាថ្មីម្តងទៀត សម្តេចតេជោ បានឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នៃ ប៉េណា ចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា ឯកឧត្តម នៃ ប៉េណា លោកប្រធានទី១ ព្រឹទ្ធសភាបានទទួលមរណភាពកាលពីរសៀលថ្ងៃសៅរ៍ ៥ រោចខែភទ្របទ ឆ្នាំចសំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០១៨ ក្នុងជន្មាយុ ៧៤ ឆ្នាំដោយរោគាពាធ៕
Source: Kampuchea Thmey Daily
0 Comments