Ad Code

ក្រុម​បឹងកេត គ្រោង​ធ្វើ​សាងសង់​ទីលាន​២​ផ្សេងគ្នា ដោយនៅ​ភ្នំពេញ​១​កន្លែង​និង​នៅ​ខេត្ត​១​កន្លែង



ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ជើងឯក​រង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ត្រៀម​សាងសង់​ទីលាន​ផ្ទាល់ខ្លួន​លើកដំបូង ក្រោយ​កកើត​ក្លិប​តាំងពី​ឆ្នាំ​២០១០ មក ដែល​គម្រោង​២​ផ្សេងគ្នា​នេះ គឺ​មាននៅ​រាជធានី​ភ្នំពេញ​ចំនួន​១​កន្លែង និង​នៅ​ខេត្តកំពង់ចាម​១​កន្លែង​។

លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្រុម​បឹងកេត ធ្លាប់បាន​បញ្ជាក់ថា ​៖ «​តាមពិតទៅ គម្រោង​យើង​ដំបូង សម្រាប់​គម្រោង​ធ្វើ​នៅ​ភ្នំពេញ គ្រាន់តែ​ជា​កន្លែង​ហ្វឹកហាត់​ទេ ព្រោះ​កីឡាករ​ភាគច្រើន​គាត់​ស្នាក់នៅ​ភ្នំពេញ ដល់ពេល​យើង​ប្រកួត​ក្នុង​ដី យើង​ទៅ​ប្រកួត​នៅ​ខេត្ត​កន្លែង​យើង​ធ្វើ​។ តែដោយសារ​យើង​អត់​ទាន់​មាន​ទីតាំងនៅ​ខេត្ត អីចឹង​យើង​ក៏​បង្វែរ​ពី​ការ​ធ្វើ​កន្លែង​ហ្វឹកហាត់​នៅ​ភ្នំពេញ ទៅជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន ដែល​ជា​គម្រោង​ទី​១។ ទោះបីជា​ទីលាន​ប្រកួត​បណ្ដោះអាសន្ន​ក្ដី ក៏​យើង​មិន​ធ្វើ​ឲ្យ​តែ​រួចពីដៃ​ដែរ គឺ​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ដែល​មើលទៅ​អាច​ទទួល​យក​បាន អ្នកគាំទ្រ​សប្បាយ​ចិត្តនឹង​មក​ទស្សនា មាន​កន្លែង​អង្គុយ និង​មាន​កន្លែង​ហាត់ប្រាណ​ជាដើម»។

លោក​បន្តថា​ទីលាន​គម្រោង​ទី​១ របស់​ក្លឹប​បឹងកេត គឺមាន​ទីតាំងនៅ​សង្កាត់​បឹង​ស្នោរ ខណ្ឌ​ច្បារអំពៅ ហើយ​គ្រោង​នឹង​បញ្ចុះបឋមសិលា​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ​។ ប៉ុន្ដែ​ចំពោះ​ខ្ទង់ចំណាយ នៅ​មិនទាន់​ដឹង​នោះទេ ព្រោះ​ក្លឹប និង​ក្រុមការងារ​បច្ចេកទេស កំពុងធ្វើការ​សិក្សា​នៅឡើយ​។ រីឯ​គម្រោង​ទី​២ ដែល​ក្លឹប​គ្រោង​សាងសង់​ជា​កីឡដ្ឋាន​ធំ​ស្ដង់ដារ នៅ​ខេត្តកំពង់ចាម ក៏​មិនទាន់​កំណត់​ពេលវេលា​សាងសង់​ដែរ ដោយ​រង់ចាំ​រកឃើញ​ទីតាំង​ដី​ល្អ​សិន។

ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President's Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu