ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បញ្ជាក់បែបនេះ នៅក្នុងចេញសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឆ្លើយតបទៅនឹងការតតាំងមតិរបស់បរទេស ក៏ដូចជាពលរដ្ឋមានដើមកំណើតខ្មែរមួយចំនួន រស់នៅឯនាយសមុទ្រ ដោយបានអះអាងថា គ្មានស្ថាប័ន ឬអង្គការណាមួយ មានសមត្ថកិច្ចគ្រប់គ្រងលើជោគវាសនារបស់កម្ពុជានោះទេ។
លោក ផៃ ស៊ីផាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីជម្រើស នៃឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត ដែលមានច្រើនជាងកៅសិបភាគរយ គាំទ្រ និងទទួលស្គាល់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសិទ្ធិ និងការទទួលខុសត្រូវលើជោគវាសនា របស់ប្រជាពលរដ្ឋខ្មែរ ដែលជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចលើកតម្កើង និងការពារ។ លោកបន្តថា កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) និងអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិ នៅកម្ពុជា (UNTAC) ត្រូវបានរំសាយ និងជំនួសជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះឆ្នោត។
លោក ផៃ ស៊ីផាន បញ្ជាក់យ៉ាងនេះថា “គ្មានស្ថាប័ន ឬអង្គការ ដាច់ដោយឡែកណាមួយ មានសមត្ថកិច្ច និងសិទ្ធិ ក្នុងកិច្ចគ្រប់គ្រងជោគវាសនាកម្ពុជា ក្រៅពីស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ របស់កម្ពុជាតែប៉ុណ្ណោះ។ ក្រៅពីកិច្ចសហការ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក រវាងប្រជាជាតិ និងអង្គការបរទេសទាំងអស់ ក្នុងភាពជាដៃគូ កម្ពុជារក្សាសិទ្ធិគ្រប់បែបយ៉ាង ដើម្បីរក្សានូវភាពជាម្ចាស់ជោគវាសនារបស់ខ្លួន។ ដូចនេះ ការតតាំងមតិ ទាំងនោះ គ្មានអ្វីក្រៅពីការបង្កើតព្រឹត្តិការណ៍ព័ត៌មាន និងការឈ្លានពានអធិបតេយ្យភាពរបស់កម្ពុជាតែប៉ុណ្ណោះ ដែលមិនអាចទទួលយកបាន”៕
Source: Kampuchea Thmey Daily
0 Comments