ធន់ ចាន់តាក់ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង ជាម្ចាស់ខ្សែក្រវាត់ ត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ហា ឆ្លាម(Har Chhlam) ដោយប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០ គ.ក្រ ។ ពីរនាក់នេះ ប្រកួតគ្នានៅក្នុងកម្មវិធីប្រដាល់ TV5 Knock Out Series by K.Cement លើសង្វៀន TV5 ព្រែកកំពឹស នាយប់ថ្ងៃសៅរ៍ ទី០៦ តុលា ២០១៨នេះ។
ចាន់តាក់ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់ ។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃប្រមាណជាង២០នាក់ទាំងលើកនេះ ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយនេះ (១១សីហា២០១៨) គេបានផ្តួលថៃYorth Phit អោយសន្លប់ក្នុងទឹកទី៤ ។
ធន់ ចាន់តាក់ មានប្រវត្តិប្រកួតប្រមាណជា៧០លើក ក្នុងនោះវាយឈ្នះ៥៨ ចាញ់១១ លើក និងស្មើ ០១លើក ។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ចាន់តាក់អាចយកឈ្នះហា ឆ្លាម បានឬក៏អត់នោះទេ? ។ តែបើអាចឈ្នះបាន គឺមានតែការវាយប្តូរកែងមួយមុខគត់ ដែលប្រថុយដូរជាមួយនឹងជ័យជំនះ ។
ហា ឆ្លាម ជាជើងខ្លាំងនិងជាម្ចាស់ខ្សែក្រវាត់ ដែលមានស្នៀតទាត់ និងកណ្តាប់ដៃល្អ ។ដូច្នេះធន់ ចាន់តាក់ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះមានស្នៀតប្រដាល់ល្អនិងខ្លាំង ។
អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកប្រកួតនៅកម្ពុជាប្រមាណពីរលើកហើយ ដែលការមកប្រកួតលើកចុងក្រោយនេះ(១៥កញ្ញា២០១៨) គេមកប៉ះជាមួយវេង សុភ័ក្រ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ។កាលពីមកលើកទី១(០១កញ្ញា២០១៨) គេបានផ្តួល សេង ស្រឿន អ្នកប្រដាល់កម្ពុជាក្លិបមហិទ្ធរិទ្ធតាដំបងដែក ឲ្យបោះបង់ការប្រកួតមុនទឹកទី៥ ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួនធ្លាប់ប្រកួតបានចំនួន ៥៨លើក ឈ្នះ ៥១ លើក និងចាញ់ ០៧ លើក មិនដែលស្មើ។ចាំមើល រវាង ធន់ ចាន់តាក់ និង ហា ឆ្លាម តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ? ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ តក់ សោភ័ណ្ឌ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ ដែលទើបវិលមកសង្វៀនប្រដាល់វិញនោះ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ ធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
តក់ សោភ័ណ្ឌ កាលពីសប្តាហ៍មុនត្រូវគេផ្តល់ឪកាសឲ្យឡើងប្រកួតជាមួយ ចាន់ សំអាត អ្នកប្រដាល់ក្លិបអប់រំកាយស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវវាយចាញ់សំអាត ក្នុងទឹកទី៣ ដោយសារខូចជើងក្រោម ។
មកប៉ះជាមួយធី តុងហ៊ី លើកនេះ តក់ សោភ័ណ្ឌ ក៏ប្រហែលជាយ៉ាប់ដែរ ព្រោះតុងហ៊ី គេខ្លាំងជាងចាន់ សំអាតទៅទៀត គ្រាន់តែតុងហ៊ីឥឡូវរាងអន់ខ្សោយកម្លាំងកាយសម្បទាប៉ុណ្ណោះ ។
ស៊ឹម ប៊ុនឆៃ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង នឹងជួបប្រកួតជាមួយធន់ ចាន់ឌី អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ។ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ពីរនាក់នេះ មិនធ្លាប់ដែលជួបគ្នាទេកន្លងមក ។
ធន់ ចាន់ឌី ជាអ្នកប្រដាល់ជើងថ្មី ដែលផ្ទុយពីស៊ឹម ប៊ុនឆៃ ជាអ្នកប្រដាល់ចាស់វស្សា ។ប៉ុន្តែយ៉ាងណា ប៊ុនឆៃ មិនដឹងថាអាចយកឈ្នះធន់ ចាន់ឌី បានឬអត់នោះទេ? ។
ចំណែក ឡុង ចាន់សាន់ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា ត្រូវគេផ្គូអោយជួបប្រកួតជាមួយពុទ្ធ ភារិន្ទ អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ដោយប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាមដែរ ។ ឯ សាន វាសនា ក្លិបអារុណរះកីឡា នឹងជួបប្រកួតជាមួយ ឡុង ភីរម្យ ក្លិបតាឡីដំរីមានរិទ្ធ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments