Ad Code

ខេមរៈ សិរីមន្ត បារម្ភ​អំពី​ស្ថានភាព​ជំងឺ​ប្អូនស្រី ខេមរៈ ស្រី​ពៅ ខណៈ​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់



ភ្នំពេញ​ ៖​ ដូច​មហាជន ​និង​អ្នកគាំទ្រ​បានដឹង​ស្រាប់​ហើយ​កន្លងមក​តារាចម្រៀង​ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​របស់​លោក ខេមរៈ សិរីមន្ត គឺ​កញ្ញា ខេមរៈ ស្រី​ពៅ បាន​ឃ្លាតឆ្ងាយ​ពី​វិថី​សិល្បៈ​មាន​រយៈពេល​ប្រមាណ​១​ឆ្នាំ​មកហើយ​ បន្ទាប់​បែកធ្លាយ​ដំណឹង​នៃ​ការធ្លាក់​ខ្លួន​ឈឺ​របស់​នាង​យ៉ាង​ភ្ញាក់ផ្អើល​នោះ​។​

ការផ្អាក់​ពី​សិល្បៈ​របស់​តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ អំឡុង​ពេលនោះ ​ត្រូវបាន​ក្រុមគ្រួសារ​និង​សាមីខ្លួន​ធ្លាប់​អះអាងថា ​ដោយសារ​បញ្ហា​សុខភាព​(​ជំងឺ​)​ទើប​បានជា​នាង​សុខចិត្ត​ដកឃ្លា​ពី​វិថី​សិល្បៈ​មួយ​រយៈពេល​ដើម្បី​សម្រាក​ព្យាបាល​ជំងឺ។ ប៉ុន្តែ​កន្លងមក​ពុំ​ធ្លាប់មាន​ការបញ្ជាក់​ច្បាស់​ណាមួយ​ថា ខេមរៈ ស្រី​ពៅ មាន​ជំងឺ​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ ​ពោលគឺ​ត្រឹមតែ​មានការ​សង្ស័យ​លើ​បញ្ហា​ជំងឺ​ប្រតិកម្ម​ស្បែក​តែប៉ុណ្ណោះ។

ស្រប​ពេលដែល​សាមីខ្លួន​កញ្ញា ខេមរៈ ស្រី​ពៅ កំពុងតែ​រស់នៅ​ដោយ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​និង​តែងមាន​ទស្សនិកជន​មួយចំនួន​ចង់ដឹង​ពី​បញ្ហា​សុខភាព​ជាមួយ​ការវិល​ចូល​សិល្បៈ​របស់​នាង​នោះ ​ក៏​ស្រាប់តែ​តារាចម្រៀង​ប្រុស​លោក ខេមរៈ សិរីមន្ត បាន​ចេញមុខ​បញ្ជាក់ថា​ ប្អូនស្រី​របស់ខ្លួន​កញ្ញា ខេមរៈ ស្រី​ពៅ បច្ចុប្បន្ន​ត្រូវ​ប្រឈម​ការវះកាត់​ព្យាបាល​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​នាពេលខាងមុខ​នេះ​។​

លោក ខេមរៈ សិរីមន្ត​បាន​សរសេរ​ភ្ជាប់​ជាមួយ​រូបភាព​ប្អូនស្រី​កំពុងតែ​សម្រាក​ព្យាបាល​លើ​គ្រែ​នៃ​មន្ទីរ​ពេទ្យ​ថា ជាច្រើន​ឆ្នាំ​មកនេះ​ប្អូនស្រី​ដ៏​កំសត់​ម្នាក់នេះ​មិនដែល​ចង់ឃើញ Fan ដែល​គាំទ្រ​គាត់​ពិបាកចិត្ត​ព្រោះតែ​ស្ថានភាព​ជំងឺ​របស់គាត់​ឡើយ​គាត់​ចង់ឃើញ​Fan​គាត់​រីករាយ​គ្រប់ពេលវេលា​……។​

តារាចម្រៀង​ល្បីឈ្មោះ​លំដាប់​ប្រទេស​លោក ខេមរៈ សិរីមន្ត បញ្ជាក់​បន្ថែមថា ​ក្នុងនាម​ខ្ញុំ​ជា​បងប្រុស​របស់គាត់​ចង់​ប្រាប់​បងប្អូន​ទាំងអស់គ្នា​ថា​នៅពេល​ខាងមុខនេះ​គាត់​ត្រូវ​ឆ្លងកាត់​ការវះកាត់​ដ៏​គ្រោះថ្នាក់​មួយ​។​ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​អោយ​ឆ្លង​ផុតពេល​វេលា​ដ៏​លំបាក​នេះ​បើ​បងប្អូន​ស្រលាញ់​និង​គាំទ្រ​គាត់​សូម​ជូនពរ​គាត់​អោយ​ឆ្លង​ផុត​គ្រោះ​នេះ​ផង​ដើម្បី​គាត់​មាន​សុខភាព​ល្អ​មក​បំពេញការងារ​សិល្បៈ​វិញ​។​ ថ្វីត្បិតតែ​បែបនេះ​ក៏ពិតមែន​ពុំទាន់​មាន​ប្រភព​ណាប​បង្ហើប​ទេ​ថា ខេមរៈ ស្រី​ពៅ ត្រូវ​វះកាត់​ព្យាបាល​ជំងឺ​អ្វី​នៅឡើយ​ទេ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu