Ad Code

អង្គការ​ជប៉ុន​មួយ​គ្រោង​នឹង​ប​ញ្ជូន​កម្មសិក្សាការី​ខ្មែរ​រាប់រយ​នាក់​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន



ភ្នំពេញ ​៖ ​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​គ្រោង​នឹង​ប​ញ្ជូន​កម្មសិក្សាការី​ខ្មែរ​រាប់រយ​នាក់​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ជួយ​បង្កើន​ប្រាក់ចំណូល​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

កា​រប​ញ្ជូន​កម្មសិក្សាការី​ខ្មែរ​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នេះ​ធ្វើឡើង​តាមរយៈ​ការចុះ​អនុស្សរណៈ​រួមគ្នា​មួយ​រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​អង្គការ​សមាគម​សហ​ប្រតិប​ត្តិ​ការ​កម្ពុជា​-​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១៨​នៅ​ទីស្តីការ​ក្រសួង​ដែល​ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន។



ថ្លែង​នៅក្រោយ​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​នាឱកាស​នោះដែរ លោក បណ្ឌិត អ៊ិត សំហេង​បាន​មាន​ប្រសាសន៍​ថា ​ការ​បញ្ជូន​កម្លាំង​ពលកម្ម​កម្ពុជា​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ព្រោះថា​មិន​ត្រឹមតែ​ជួយ​បង្កើន​ចំនួន​ពលករ​ទៅធ្វើ​ការ​នៅ​ទីនោះ​ឲ្យ​កាន់តែច្រើន​ថែមទៀត​ប៉ុណ្ណោះ​ទេ​ថែមទាំង​ផ្តល់ឱកាស​ឲ្យ​កម្មសិក្សាការី​ខ្មែរ​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​ពី​ប្រទេស​ជប៉ុន​ដើម្បី​យកមក​អភិវឌ្ឍន៍​នៅ​ប្រទេស​របស់ខ្លួន​វិញ​ផងដែរ។

លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ជួយ​បណ្តុះបណ្តាល​និង​ប​ញ្ជួ​ន​កម្មសិក្សាការី​ខ្មែរ​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឲ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ខណៈ​បច្ចុប្បន្ន​នេះ​មាន​កម្មសិក្សាការី​ខ្មែរ​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​៨៦០​នាក់។

ចំណែក​លោក Fumio Yamada ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​មាន​ប្រសាសន៍​ថា ​អនុស្សរណៈ​នេះ​ មាន​រយៈពេល​៥​ឆ្នាំ​ដោយ​អង្គការ​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​ជនពិការ​កម្ពុជា​ឲ្យ​ចេះ​ជំនាញ​ជួសជុល​ម៉ូតូ​និង​ជំនាញ​កាត​ដេរ​ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​អាច​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​បាន​។

ទន្ទឹមនឹងនេះ​លោក​បាន​បន្ត​ថា ​អង្គការ​ក៏​នឹង​ជួយ​បណ្តុះបណ្តាល​ដល់​កម្មសិក្សា​ការី​ខ្មែរ​នូវ​ជំនាញ​មួយចំនួន​ដូចជា​ជំនាញ​ផ្នែក​សេវា​ថែទាំ​មនុស្ស​ចាស់ សំណង់​ស្ថាបត្យកម្ម ទេសចរណ៍​និង​ផ្នែក​ធ្វើ​គ្រឿងបន្លាស់​តូចៗ​ជាដើម​ដើម្បី​ប​ញ្ជួ​ន​ទៅ​សិក្សា​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ដែល​តាម​ក្នុង​១​ឆ្នាំ​ត្រូវ​ប​ញ្ជូ​ន​ទៅ​ប្រមាណ​ពី​១០០​ទៅ​២០០​នាក់​ខណៈ​កន្លងមក​អង្គការ​ធ្លាប់បាន​ប​ញ្ជួ​ន​ទៅ​ប្រទេស​ជប៉ុន​បាន​ប្រមាណ​ជិត​៥០​នាក់​រួចមកហើយ​។

លោក​បាន​បន្ត​ថា ​ប៉ុន្តែ​កម្មសិក្សាការី​ដែល​រៀន​ចប់​ត្រឹម​ថ្នាក់​ទី​១២​ត្រូវ​មក​ចុះឈ្មោះ​រៀន​ភាសា​ជប៉ុន​និង​សិក្សា​ជំនាញ​ទាំងនេះ​រយៈ​៣​ឆ្នាំ​ជាមុនសិន​ ទើប​ប​ញ្ជូន​ទៅ​ប្រទេស​ជប៉ុន​។

គួរ​បញ្ជាក់​ថា អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​បាន​បង្កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​២០​ឆ្នាំ​មក​ហើយ​ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការបណ្តុះបណ្តាល​មុខជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​ប្រជាជន​ក្រីក្រ និង​ជនពិការ​ដើម្បីឱ្យ​ពួកគេ​មានឱកាស​ទទួល​បានការងារ​ធ្វើ​នៅក្នុង​ស្រុក​និង​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu