ក្រោយចុះកិច្ចសន្យារយៈពេល១រដូវកាលជាមួយក្លិបភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទី លោក Yasuyuki Yoshida បានសម្រេចមិនបន្តកិច្ចសន្យាជាមួយក្រុមជើងឯក៦សម័យកាលនេះទៀតទេ ខណៈលោកក៏មិនច្បាស់ពីអនាគតរបស់ខ្លួនផងដែរ។
បុរសជនជាតិជប៉ុនរូបនេះបានលើកឡើងថា «ខ្ញុំបានផុតកិច្ចសន្យាជាមួយក្លិបហើយ ក្រោយចប់រដូវកាលថ្មីៗនេះ។ ខ្ញុំក៏សម្រេចមិនបន្តកិច្ចសន្យាជាមួយក្លិបនេះទៀត ដោយសុំមិននិយាយពីមូលហេតុ។ ខ្ញុំនៅតែបើកចំហរអាជីពនៅប្រទេសកម្ពុជា ប្រសិនបើមានក្លិបផ្សេងចង់បានខ្ញុំ។ ចំពោះអនាគតថាខ្ញុំនឹងបន្តទៅធ្វើការនៅទីណាវិញ នោះខ្ញុំមិនទាន់កំណត់នៅឡើយនោះទេ»។
យ៉ាងណាក្តីបុរសវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានអះអាងថាលោកមិនទាន់រំងាបចិត្តប្រកបអាជីពជាកីឡាករនៅឡើយនោះទេ ទោះបីជាបន្តអាជីពជាគ្រូបង្វឹកអ្នកចាំទីជាមួយក្លិបភ្នំពេញក្រោន ១រដូវកាលថ្មីៗនេះក៏ដោយ។ លោកចង់ស្វែងរកក្លិបមួយដែលអាចបន្តអាជីពជាកីឡាករ១ឬ២ឆ្នាំទៀតសិន មុនចូលនិវត្តន៍ទៅប្រកបអាជីពជាគ្រូបង្វឹក ក្រោយចប់កិច្ចសន្យា១រដូវកាលនេះ។
លោក Yasuyuki Yoshida ជាជនជាតិជប៉ុន បានត្រឡប់ទៅប្រកបអាជីពនៅស្រុកកំណើតវិញនៅឆ្នាំ២០១៦ ក្រោយធ្វើដំណើរលើកដំបូងមករាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១៣ ដោយចូលរួមជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស)។ កាលនោះតាមរយៈទំនាក់ទំនងជាមួយកីឡាករ Takihito Ota ដែលជាកីឡាករជនជាតិជប៉ុនដំបូងគេបង្អស់មកប្រកបអាជីបនៅប្រទេសកម្ពុជា កីឡាករ Yasuyuki Yoshida បានមកធ្វើជាអ្នកចាំទីនៅក្លិបប៉ូលីស នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៥ លោកបានចេញទៅបន្តអាជីបនៅក្លិប Albirex Niigata Phnom Penh ក្នុងលីគកំពូលកម្ពុជា ដែរ ហើយនៅឆ្នាំជាមួយគ្នាលោកបានចេញទៅក្រុមខេមបូឌានថាយហ្គឺរ ក្នុងនាមជាអ្នកចាំទីនិងគ្រូបង្វឹកអ្នកចាំទី។ នៅឆ្នាំ២០១៦ លោកបានធ្វើដំណើរទៅស្រុកកំណើតវិញ ដោយប្រកបអាជីពនៅក្លិប REINMEER AOMORI FC សមាជិកពានរង្វាន់លីគ លំដាប់ទី៤ ក្នុងប្រទេសជប៉ុន៕
Source: Kampuchea Thmey Daily
0 Comments