Ad Code

អង្គការ FAO កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម



ភ្នំពេញ​ ៖ លោក Alexandre Huynh តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (FAO) បាន កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នា​ឆ្នាំកន្លងមក​ក្រោម​ការដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក Alexandre Huynh មាន​ប្រសា​ស​ន៏​បែបនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​អង្គារ ៨​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ជំនួប​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ទីស្តីការក្រសួង ដើម្បី សម្តែង​ការគួរសម និង​ពិនិត្យ​លទ្ធភាព​លើ​ការងារ​មួយចំនួន​ដែល​អង្គការ​អាចជួយ​គាំទ្រ ឬ​ផ្តល់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ធ្វើយ៉ាងណា​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​មួយកម្រិត​ទៀត​។​

​ នាឱកាស​នេះ លោក Alexandre Huynh តាងនាម​ឲ្យ​អង្គការ FAO និង​ក្នុង​នាមខ្លួន​លោក​ផ្ទាល់ សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នា​ឆ្នាំកន្លងមក​ក្រោម​ការដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​លោក​ក៏​សូម​ចូលរួម​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល​។​



​លោក​សង្ឃឹម និង​ជឿជាក់​ថា ​ក្រោម​ការដឹកនាំ​របស់លោក រដ្ឋមន្ត្រី វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ FAO នឹង​កាន់តែ​មាន​ភាព​រីកចម្រើន និង​ប្រសិទ្ធភាព​ថែមទៀត​។ ចំពោះ​គោលបំណង នៃ​ជំនួប​នា​ថ្ងៃនេះ​គឺ​ដើម្បី​ពិនិត្យ​លើ​អនុវិស័យ​នានា​ដែល​អង្គការ FAO អាចជួយ​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​ស្នើសុំ​អនុសាសន៍​មួយចំនួន ដើម្បី​ធ្វើការ​កែសម្រួល ក៏ដូចជា​តំរង់ទិស​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥​ឆ្នាំ​ថ្មី​របស់​អង្គការ​ក្នុង​ការជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា ធ្វើយ៉ាងណា​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​



​មានមតិ​ស្វាគមន៍​លោក រដ្ឋមន្ត្រី ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គការ FAO ដែល​បាន​ជួយ​គាំទ្រ​យ៉ាងច្រើន​ក្នុង​ដំណើរការ​នៃ​ការរៀបចំ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​បាន​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ថវិកា ដើម្បី​អនុវត្ត​គម្រោង​នានា​កន្លងមក​។ ស្តែង​ចេញពី​លទ្ធផល​នៃ​ការ​អនុវត្តន៍​គម្រោង​ទាំងនោះ ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ តាមរយៈ​នៃ​ការបំពេញ​បេសកកម្មរ​បស់ លោក Alexandre Huynh នៅ​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា​អង្គការ FAO នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​នាពេល​អនាគត​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នា​ថ្ងៃនេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​ត្រូវដាក់​បញ្ចូល ក៏ដូចជា​ផ្តោតជាសំខាន់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​អង្គការ មាន​ជាអាទិ៍​៖ ១. ត្រូវ​លើកកម្ពស់​ការរៀបចំ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ​។ ២. បង្កើន​ការយកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​ប្រជាកសិករ តាមរយៈ​ការលើកកម្ពស់​ទំនើបកម្ម​កសិកម្ម ការកែឆ្នៃ និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម រួម​ជាមួយនឹង​ការរៀបចំ​ផែន​ការដាំដុះ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព ដើម្បី​តម្រូវ​ចិត្ត​នៃ​ទីផ្សារ​ត្រូវការ​។ ៣. ជម្រុញ​ការអនុវត្ត​ស្តង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម ដើម្បី​ធានាបាន ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ៤. ពិនិត្យ​លទ្ធភាព​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​វិស័យ​កសិកម្ម ដើម្បី​បង្កើន​ទាំង​គុណភាព និង​ផលិតភាព ធ្វើយ៉ាងណា​កាត់បន្ថយ​ថ្លៃដើម ដើម្បី​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាកសិករ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu