Ad Code

ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​ប្រចាំ កម្ពុជា ប្រកាស ជួយ​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម



ភ្នំពេញ​ ៖ លោក Jack Myrnt នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​ធំៗ​ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា បានប្រកាសថា នឹង​ជួយ​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ចងក្រង និង​អនុវត្ត​នូវ​វិធាន​នានា​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម ។​



ការប្រកាស​ជួយ នេះ​បាន​ធ្វើឡើង​កាលពី ព្រឹក​ថ្ងៃនេះ​ដែលជា​ថ្ងៃ​ពុធ ៩​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​នៅក្នុង​ជំនួប​ជាមួយ លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម ។​ក្រសួង បាន​ឲ្យ​ដឹងថា ដើម្បី​ផ្សារភ្ជាប់​លទ្ធផល​នៃ​ជំនួប​កំពូល​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក Michael Walter Michalak នាយក​គ្រប់គ្រង​តំបន់ និង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន កាលពី​ថ្ងៃទី​២ ខែតុលា នៅ​វិមាន​សន្តិភាព លោក Jack Myrnt នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​តំណាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​ក្រុមហ៊ុន​ធំៗ​ដែល​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ចូលជួប ជាមួយ លោក​វេ​ង សាខុន ដើម្បី​ពិភាក្សា​ការងារ​។



ក្នុងឱកាស​នោះ​លោក​ប្រធាន​ប្រតិភូ​បាន​ជម្រាបជូន​លោក រដ្ឋមន្ត្រី​ពី​គោលបំណង​នៃ​ជំនួប​នា​ថ្ងៃនេះ​គឺ​ទី​១-​ជួយ​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ទី​២-​ជួយ​រៀបចំ​ចងក្រង និង​អនុវត្ត​នូវ​វិធាន​នានា​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម ទី​៣-​កសាង​និង​អភិវឌ្ឍ​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម និង​ទី​៤-​គាំទ្រ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ខ្នាតតូច និង​មធ្យម (SME)​។



មានមតិ​ស្វាគមន៍​លោក រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ដោយ​បានឃើញ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ដែល​កើតឡើង​រវាង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក Jack Myrnt និង​សហការី ដែល​បាន​អញ្ជើញ​មក​ក្រសួង​នា​ព្រឹក​នេះ​បំណង​ស្វែងយល់​បន្ថែម​ពី​សក្តានុពល​លើ​វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្ន​។ នាឱកាស​នេះ លោក រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ដោយ​សង្ខេប​ពី​អនុវិស័យ​មួយចំនួន​ដែលមាន​សក្តានុពល​សម្រាប់​ធ្វើការ​វិនិយោគ​ក្នុងនោះ​មាន ផលិតកម្ម​ស្រូវ ពោត ដំឡូង​មី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ វារីវប្បកម្ម​ទឹកសាប​និង​សមុទ្រ និង​ផលិតកម្ម​សត្វ​ផងដែរ​។​ល​។ ដែល​អនុវិស័យ​ទាំងនោះ​ទាមទារ​ធ្វើការ​វិនិយោគ​ទាំង​លើ​ការងារ​ផលិតកម្ម ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម គុណភាព និង​សុវត្ថិភាព តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប និង​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​ការងារ​កែច្នៃ​ជា​ផលិតផល​ពាក់កណ្តាល​ស​ម្រេច ឬ​ផលិតផល​សម្រេច​តែម្តង​ដែល​អាចធ្វើ​ការប្រកួតប្រជែង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ ដែល​នេះ​គឺជា​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​នា​ជំនួប​កាលពី​ថ្ងៃ​ម្សិលមិញ​ផងដែរ​។​



លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ជូន​ភ្ញៀវ​ផងដែរ​ថា ដោយ​យល់ឃើញ​ពី​តម្រូវ​ការចាំបាច់​ក្នុងការ​នាំចេញ​កសិផល បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​គាំទ្រ​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាអាទិ៍​៖ ផ្លូវ​គមនាគមន៍ កំពង់ផែរ​ទឹង​ជ្រៅ ព្រលានយន្តហោះ ការ​ផ្ត​ត់​ផ្គង់​អគ្គិសនី​។​ល​។ ដោយឡែក ក្រសួង​បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ជួយ​ជំរុញ​វិស័យ​កែច្នៃ វេច​ខ្ចប់​ឲ្យ​មានការ​រីកចម្រើន​ដើម្បី​ធ្វើការ​នាំចេញ​កសិផល​នាពេល​អនាគត​។​

​ដើម្បី​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំង​ពីរបាន​ប្រព្រឹត្ត​ទៅដោយ​រលូន លោក​រដ្ឋមន្ត្រី​បាន​ណៃ​នាំ​ដល់​អង្គភាព​ជំនាញ​ធ្វើការ​សហការ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន និង​មាន​ប្រសិទ្ធភាព មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ឲ្យ​អស់ពី​លទ្ធភាព​។ លោក​រដ្ឋ​រដ្ឋមន្ត្រី​ក៏បាន​ឯកភាព​លើ​សំណើ​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​មួយចំនួនទៀត​ដែលមាន​បំណង​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu