Ad Code

បែកធ្លាយ​រឿង​អធិការ កាង​មេ​ឆ្នោត​ទូទាំង​ស្រុក ក្រោយ​ការ​បង្ក្រាប



បាត់ដំបង ៖ ទីតាំង​លក់​ឆ្នោត​យួន​រាប់សិប​កន្លែង ដែល​ស្ថិតនៅ​ក្នុងស្រុក​សំឡូត ត្រូវបាន​គេ​អះអាងថា មានការ​កាង​យ៉ាង​ពេញទំហឹង​ពី​សំណាក់​លោក​អធិការ កោ ស៊ុន​កាំ​ង នេះ​បើតាម​ការបំភ្លឺ​ពី​មេ​ឆ្នោត​មួយចំនួន ក្រោយពី​មាន​កិច្ចប្រតិបត្តិការ​បង្ក្រាប​របស់​កម្លាំង​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥ រសៀល រួចមក។

​នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​លោក ឈឿង គឹម​សុង​នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បែង​ចេក​ជាច្រើន​មុខសញ្ញា​ព្រមទាំង​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ ដែលជា​មេ​ឆ្នោត​ធំ​ប្រចាំ​ស្រុក​សំឡូត គឺ គោលដៅ​ទី​១ នៅ​ចំណុច​ផ្សារ​សុង ស្ថិត​ក្នុងភូមិ សុង​១ ឃុំ​សុង ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយ​ឃាត់​បាន​មនុស្ស​ម្នាក់​ឈ្មោះ មាស យិន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ។ គោលដៅ​ទី​២ នៅ​ចំណុច​ផ្សារ​តា​សាញ ស្ថិតក្នុង​ភូមិ​ទទឹម ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់ ឈ្មោះ ជុំ សាបាន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ។ គោលដៅ​ទី ៣ នៅ​ចំណុច​ផ្សារ​អក្សរ​តេ ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់​ឈ្មោះ គ្រី សុគន្ធ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ។ និង​គោលដៅ​ទី​៤ នៅ​ចំណុច​ភូមិ​កំពង់​ល្ពៅ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​មនុស្ស​ម្នាក់​ឈ្មោះ ងឿ​ន រី​ណា ភេទ​ស្រី អាយុ ២៧​ឆ្នាំ។

នៅក្នុង​ការបង្ក្រាប​មេ​ឆ្នោត​ទាំង​៤​ទីតាំង​នេះ សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ៖ ម៉ាស៊ីន​គិត​លេខ​ចំនួន ០៥​គ្រឿង ប៊ិច​សរសេរ​ចំនួន ០៧​ដើម ក្រដាស​ដាន ចំនួន ០២​សន្លឹក សៀវភៅ​កត់​លេខ​ឆ្នោត​ចំនួន ០៧​ក្បាល ទឹកលុប​ចំនួន ០៤​ដើម​ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង ចំនួន ០២​គ្រឿង និង ប្រាក់​ខ្មែរ​ចំនួន ៨៧៣,៥០០​រៀល ( ប្រាំបី​សែន ប្រាំ​ពីរ​ម៉ឺន បី​ពាន់ ប្រាំ​រយ​រៀល)។​

បើតាម​ការ​លួច​ខ្សឹប​ពី​សំណាក់​ប្រភព​ច្បាស់ការ​មួយ​បានអោយ កម្ពុ​ជាថ្មី ដឹងថា រយៈកាល​កន្លងមក គឺ​ចាប់តាំងពី​លោក កោ ស៊ុន​កាំ​ង ឡើងកាន់តំណែង​ជា​អធិការ នគរបាល ស្រុក​សំឡូត គឺ​លោក​បាន​ប្រើ​វិធីសាស្ត្រ និង​ល្បិច​យ៉ាងច្រើន​ក្នុងការ​ប្រមូល​ផល​ពី​មេ​ឆ្នោត​នៅក្នុង​ស្រុក​សំឡូត​ទាំងមូល នេះ​គ្រាន់តែ​និយាយ​រឿង​បទល្មើស​ល្បែង​ឆ្នោត​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ដោយ​មួយកន្លែងៗ ចាប់ពី ២០ ដុល្លារ រហូតដល់ ១០០ ដុល្លារ ទៅតាម​ទីកន្លែង តូច ឬ ធំ។

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា ក្រោយមក នៅក្នុង​រយៈពេល​ប្រមាណ ៣ ខែ ចុងក្រោយ​នេះ គឺមាន​មេឆ្នោត​ធំ​ម្នាក់​ឈ្មោះ ប៊ុន ចាន់តូ ដែល​ខ្លះ​បាន​ស្គាល់​ថា គេ​រស់នៅ ក្រុង​បាត់ដំបង ខ្លះ​ថា​នៅ​ខេត្ត ប៉ៃលិន ដោយ​គេ​នោះ​ប្រើប្រាស់​រថយន្ត​រថយន្ត​លុចស៊ីស​៤៧០ពណ៌​ស បាន​ចុះទៅ​ទំនាក់ទំនង​ជាមួយ​លោក​អធិការ ដើម្បី​ធ្វើការ​ប្រមូល​គ្រប់​បណ្តា​មេ​ឆ្នោត​ទាំងអស់​ដែល​មាន​នៅក្នុង​ស្រុក​សំឡូត​អោយ​លក់​ទៅ​អោយ​លោក​អធិការ​ ដោយ​ការ​ប្រមូល​ផ្តុំ​មេ​ឆ្នោត​គឺ​គេ​បាន​ធ្វើ​ឡើង​នៅតាម​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​គ្រប់​ប៉ុស្តិ៍​ក្នុងការ​ចរចា​​គ្នា​ជាមួយ​មេ​ឆ្នោត ជា​ថ្នូរ​នឹង​ការ​មិន​ចាប់ចង។​

ចាប់តាំងពី​ពេលនោះ​មក មេ​ឆ្នោត​ទាំងអស់​ដែលមាន​នៅក្នុង​ស្រុក​សំឡូត​ទាំងមូល​លែងមាន​ការ​ព្រួយបារម្ភ​អំពី​ការ​រក​រឿង និង​ចាប់​ឃាត់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​ទៀតហើយ​ ដោយសារតែ​មានការ​កាង​យ៉ាង​ពេញទំហឹង​ពី​សំណាក់​លោក អធិការ កោ ស៊ុន​កាំ​ង​ដើម្បី​ទទួលបាន​នូវ​ផលប្រយោជន៍​ផ្ទាល់ខ្លួន។​

បើទោះបីជា​លោក​អធិការ​រូបនេះ បានផ្តល់​បទសម្ភាសន៍​ថា លោក​មិនដែល​បាន​ប៉ះពាល់​លុយ​របស់​មេ​ឆ្នោត ១ ម៉ឺនរៀល​ក៏ដោយ ក៏​រឿងអាស្រូវ​របស់​លោក ត្រូវ​បាន​មេ​ឆ្នោត​មួយចំនួន ធ្វើការ​បកស្រាយ​គ្មាន​សល់​នោះឡើយ ជុំវិញ​អំពើពុករលួយ​របស់លោក​ដែល​បាន​ប្រព្រឹត្តិ​នៅក្នុង​មូលដ្ឋាន ហើយក៏​នៅមាន​រឿង​ដ៏​ស្អុយរលួយ​ជាច្រើន​ទៀត ដែល​កម្ពុ​ជាថ្មី ទើប​ទទួលបាន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu