ភ្នំពេញ ៖ នៅព្រឹកព្រលឹមស្រាងៗ នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៨នេះ ពិធីដង្ហែសពលោក នៃ ប៉េណាអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាប់ផ្តើមដង្ហែចេញពីភូមិគ្រឹះលេខ ៣៩១ ផ្លូវ ប៉ូឡាវីស ច្រកទ្វារទី២ នៃបុរីប៉េងហួស (បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ឆ្លងស្ពានព្រះមុនីវង្ស បតស្តាំមកមហាវិថីព្រះនរោត្តម ដល់រង្វង់មូលវិមានឯករាជ្យ បត់ស្តាំមកមហាវិថីព្រះសីហនុ បន្ទាប់មកបតឆ្វេងតាមវិថីសុធារសឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូជាសពឯកឧត្ដម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា។ នៅលើពន្លាជ័យគេសង្កេតឃើញមានវត្តមានឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាច្រើនរូបបានចូលរួមយ៉ាងកុះករ។
លោកទេព ងន ប្រធានស្តីទីព្រឹទ្ធសភាបានអានវិយោគកថាដោយក្តីក្តុកក្តួលថា លោកនៃ ប៉េណា ប៉ុន្មាននាទីទៀតនេះសពលោកនឹងរលាយបាត់សូន្យពីយើងខ្ញុំទាំងអស់គ្នាហើយយើងខ្ញុំទាំងអស់គ្នាសូមគោរពអញ្ជើញវិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភពជាទីបរមសុខជារៀងរហូតតទៅ។ ប៉ុន្តែអ្វីដែលបន្សល់ទុកនៅឡើយមិនរលត់សូន្យបង់តាមរូបកាយរបស់លោកនោះគឺ សេចក្តីល្អអំពើជាកុសល សេចក្តីថ្លៃថ្នូរ សកម្មភាពតស៊ូ អំណត់ព្យាយាម ភាពម៉ឺងម៉ាត់ ក្នុងការងារ ភក្តីភាព និងឧត្តមគតិ ស្នាដៃដ៏ធំធេងរបស់លោកចំពោះជាតិ សាសនា ព្រះមហាក្សត្រ ចំពោះសង្គមជាតិ ចំពោះព្រះពុទ្ធសាសនា និងចំពោះប្រជាពលរដ្ឋ និង ក្រុមគ្រួសារ។ គុណធម៌ដ៏ឧត្តុង្គឧត្តមនេះនឹងមិនបាត់បង់ឡើយហើយនឹងស្ថិតនៅជាអមតៈអស់កាលជាដរាបតរៀងទៅ។ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាបន្តថែរក្សានិងពង្រីកនូវឧត្តមគតិជាតិមនសិការស្នេហាជាតិវីរភាព និងបទពិសោធន៍របស់លោកឲ្យស្ថិតស្ថេរនិងរីកចម្រើនជានិច្ចនិរន្តរ៍។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានអញ្ជើញ ផ្តល់ព្រះអគ្គិដល់សពពីពន្លាជ័យនាម៉ោង៨និង៤៥ នាទី។ សម្លេងទ្រហោយំនៃក្រុមគ្រួសារ និង ញាតិមិត្តបងប្អូនកូនចៅរបស់លោក នៃ ប៉េណា បានបន្លឺឡើងលាយឡំជាមួយសម្លេងរោទិ៍នៃរំសេវផ្ទុះបានបង្កនូវបរិយាកាសដ៏ស្រងេះស្រងោចមួយធ្វើឲ្យអ្នកចូលរួមទាំងអស់ពោរពេញទៅដោយ ក្តីក្តុកក្តួលរំជួលចិត្ត សម្រាប់ការលាគ្នាជាចុងក្រោយដែលលាជារៀងរហូត។
លោកនៃ ប៉េណា កើតនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ១៩៤៤ នៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយរៀង ក្នុងគ្រួសារកសិករក្រីក្រមួយដែលមានឪពុកឈ្មោះនៃ ផៃ និងអ្នកម្ដាយឈ្មោះ កា ឈឹង។
លោកនៃ ប៉េណា មានបងប្អូនបង្កើត ៣ នាក់(ប្រុស ១ ស្រី ២ នាក់)។ លោកជាកូនច្បងក្នុងគ្រួសារដែលត្រូវទទួលភារកិច្ចដ៏ធំនិងគ្រួសារដើម្បីជួយដល់ពុកខាន់ៗក្នុងការមើលថែប្អូនស្រីទាំង២ នាក់។
ក្នុងវ័យកុមារភាពយុវកុមារនៃ ប៉េណា បានអត់ធន់ទ្រាំទ្រការលំបាកណាស់។ ខិតខំរៀនសូត្រប្រឡងជាប់ឡើងជាបន្តបន្ទាប់រហូតបានចូលរៀននៅអនុវិទ្យាល័យព្រះសូរិយវង្សក្នុងខេត្តស្វាយរៀងនៅចុងទសវត្សរ៍ ៥០ ។ ដោយការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមរៀនសូត្រជំនះការលំបាកគ្រប់បែបយ៉ាងនៅចុងទសវត្សរ៍ទី៦០ យុវជននៃប៉េណាបានប្រឡងជាប់ធ្វើជាគ្រូបង្រៀនដែលធ្វើឲ្យក្រុមគ្រួសារទាំងមូលមានសេចក្តីសោមនស្សរីករាយនិងមោទនភាពក្រៃលែងហើយក្រោយមកបានចេញទៅធ្វើជាគ្រូបង្រៀននៅខេត្តព្រះវិហាររហូតដល់ពេលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម។
នៅខែមេសាឆ្នាំ ១៩៧០ ឯកឧត្ដម នៃ ប៉េណា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី មាឃ ឡាញ់ ហើយទទួលបានចំណងដៃកូនប្រុសស្រីចំនួន៨ នាក់ក្នុងនោះកូនប្រុសស្រីចំនួន ៤ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩៣ ។ បច្ចុប្បន្នលោកនៅសល់កូនប្រុសស្រីចំនួន ៤ នាក់។
ដោយសារតែប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិលទសវត្សរ៍ឆ្នាំ១៩៧០ ស្ថានភាពសង្គមនាសម័យនោះបានប្រឈមនឹងភាពវឹកវរគ្មានស្ថេរភាពបានធ្វើឱ្យឯកឧត្ដមនៃ ប៉េណា និងលោកជំទាវត្រូវព្រាត់ឆ្ងាយចេញពីស្រុកកំណើតពីឪពុកនិងម្ដាយជាទីគោរពពីបងប្អូនបង្កើតជាទីស្រលាញ់រហូតដល់ថ្ងៃរំដោះ ៧ មករាឆ្នាំ ២៩៧៩។
ឋានៈនិងតំណែងការងារដែរលោកនៃ ប៉េណាធ្លាប់បានបំពេញមានដូចតទៅ៖ មុនឆ្នាំ ១៩៧០ ជាគ្រូបង្រៀននៅខេត្តព្រះវិហារ។ ឆ្នាំ ១៩៧៥ ជាទាសករក្នុងរបស់ប្រល័យពូជសាសន៍នៅភូមិបឹង ឃុំរបៀបស្រុករវៀងខេត្តព្រះវិហារ។ ខែមករាឆ្នាំ ១៩៧៩ ជាប្រធានភូមិបឹង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ហើយបានក្លាយជាសមាជិកឃុំរបៀប ស្រុករវៀងខេត្តព្រះវិហារ បន្ទាប់មកក្លាយជាប្រធាននគរបាលស្រុករវៀងខេត្តព្រះវិហារ។
ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨២ សមាជិកគណៈអភិបាលកិច្ចការបក្សខេត្តព្រះវិហារទទួលបន្ទុកសន្តិសុខ។ ពីឆ្នាំ ១៩៨២ ដល់ឆ្នាំ ១៩៨៣ ជាគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តព្រះវិហារ។ ឆ្នាំ ១៩៨៣ ដល់ ១៩៨៤ លេខាគណៈអភិបាលកិច្ចការបក្សខេត្តព្រះវិហារនិងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស។ នៅខែតុលាឆ្នាំ ១៩៨៥ ជាប់ឆ្នោតជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សសមាជិកគណៈលេខាមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩០សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សនិងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ សមាជិកគណៈកម្មាធិការចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្ដាល។ ពីឆ្នាំ ១៩៩៣ដល់ឆ្នាំ ២០១២ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្ដាលនិងជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពត។ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៥ សមាជិកគណៈប្រចាំការគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មការទី ៧ នៃព្រឹទ្ធសភា.។ ខែមិថុនាឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្នសមាជិកគណៈប្រចាំការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានទី ១ ព្រឹទ្ធសភា។
លោកនៃ ប៉េណា ជាវិរជនស្មោះត្រង់នឹងជាតិមាតុភូមិដោយប្រកាន់ខ្ជាប់នូវគោលការណ៍សច្ចធម៌និងមានក្តីអំណត់ព្រមទាំងការលះបង់ខ្ពស់ក្នុងការងារបម្រើប្រទេសជាតិនិងផលប្រយោជន៍របស់ប្រជារាស្ត្រទូទៅ ។ តាមរយៈវីរភាព និងស្នាដៃដ៏ធំធេងខាងលើធ្វើឲ្យលោកនៃ ប៉េណា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ដូចតទៅ ១.គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍, ២.មេដៃមាសស្ថាបនាជាតិ ,៣.គ្រឿងឥស្សរិយយសសុវត្ថារាថ្នាក់មហាសេនា,៤.គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍,៥.គ្រឿងឥស្សរិយយសសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍,៦រឿងឥស្សរិយយសជាតូបកា,៧.គ្រឿងឥស្សរិយយ សព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍,៨.មេដាយឯករាជ្យជាតិ,៩.គ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្សត្រីយានីព្រះស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរ័ត្នថ្នាក់មហាសេរីវឌ្ឍន៍ជាតិកិច្ចបច្ឆាមរណៈ។ ក្រៅពីនេះ លោកនៃ ប៉េណា នៅទទួលបានគ្រឿងឥស្សរិយសលពីប្រទេសជាមិត្តផងដែរ។
លោកនៃ ប៉េណា បានទទួលមរណភាពនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៣និង០០ នាទី៕
Source: Kampuchea Thmey Daily
0 Comments