ភ្នំពេញ ៖ ឯកសារជាភស្តុតាងថ្មីដែលទើបធ្វើថ្មីៗនៅក្នុងឆ្នាំ២០១៨នេះ ពាក់ព័ន្ធការលួចលក់ដីរបស់ក្រុមហ៊ុនអាល្លឺម៉ង់មានទំហំ១១០០ហិកតានៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចទទួលយកបញ្ចូលទៅក្នុងសំណុំរឿងព្រហ្មទណ្ឌដែលបានបើកសវនាការជាច្រើនលើករួចមកហើយ តែមិនទាន់បញ្ចប់។
សវនាការ ដែលបានបើកនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងបទក្លែងឯកសារ ការប្រើប្រាស់ឯកសារក្លែង និងការលួចលក់ដីរបស់ក្រុមហ៊ុនអាល្លឺម៉ង់ ដែលមានឈ្មោះ ដែលតា ដាប់បែលយូ ត្រេឌីង (Delta W Trading Co., Ltd) លើផ្ទៃដីទំហំ ១១០០ហិកតា មានទីតាំងស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡើងជនជាប់ចោទឈ្មោះ នួន ច័ន្ទមករា ភេទ ស្រី ឆ្នាំកំណើត: 01/01/1981, ជនជាតិខ្មែរ, កាន់អត្តសញ្ញាណប័ណ្ណជាតិខ្មែរលេខ: 030459622, ជាអតីតសមាជិកភាគហ៊ុនដែលមានតែឈ្មោះម្នាក់(ម្ចាស់ភាគហ៊ុនខ្យល់)ដែលមានទីកំណើតនៅ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងអាសយដ្ឋានបច្ចុប្បន្ន: ផ្ទះលេខ 98C, ផ្លូវលេខ 608, សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងបក្សពួករបស់នាងមួយចំនួនទៀត។
នៅក្នុងដំណើរការនៃអង្គសវនាការ និងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះ មានការសួរដេញដោលផ្ទាល់មាត់ពីសំណាក់លោកចៅក្រមជំនុំជម្រះ តំណាងអយ្យការ និងពីសំណាក់មេធាវីនៃគូភាគីទាំងសងខាង ក៏ដូចជាមានការចូលរួមស្តាប់ពីសាធារណជនមួយចំនួនផងដែរ។ ក្នុងអំឡុងពេលសវនាការ ជនជាប់ចោទ និងមេធាវីការពារក្តីរបស់ជនជាប់ចោទបដិសេធចោលនូវរាល់ការចោទប្រកាន់កន្លងមក និងការបង្ហាញភស្តុតាងបន្ថែមថ្មីៗមួយចំនួនទៀត ថែមទាំងបានធ្វើការបដិសេធមិនទទួលស្គាល់នូវលទ្ធផលកោសល្យវិច័យចុងក្រោយដោយក្រសួងមហាផ្ទៃទៅលើទម្រង់បែបបទ ឃ្លោងឃ្លា និងខ្លឹមសារទាំងមូលនៃឯកសារដែលមានការចោទប្រកាន់ថា ជាឯកសារក្លែងនោះ.....។
នៅចំពោះមុខអង្គសវនាការ ជនជាប់ចោទ នួន ច័ន្ទមករា បានព្យាយាមពន្យល់ និងលើកឡើងជាញឹកញយថា រឿងនេះ គឺជារឿងប្តីប្រពន្ធរបស់ខ្ញុំ គឺមិនមែនជាករណីព្រហ្មទណ្ឌនោះទេ ហេតុអីបានជាមានការចោទប្រកាន់ ហើយចាប់ដាក់គុកជារឿងព្រហ្មទណ្ឌទៅវិញ?.។
ជនជាប់ចោទ បានទទូចស្មើសុំម្តងហើយម្តងទៀត ឲ្យលោកចៅក្រមធ្វើការជំនុំជម្រះឲ្យបានឆាប់ និងមិនត្រូវអូសបន្លាយពេលវេលាឡើយ!...ហើយសំណួរដែលបានចោទសួរមួយចំនួន ជនជាប់ចោទ បានសុំរក្សាសិទ្ធិមិនឆ្លើយទៅនឹងសំណួរដែលបានសួរនោះឡើយ ដូចជាឯកសារថ្មីដែលទើបលួចលក់ដី១១០០ហិកតាក្នុងឆ្នាំ២០១៨ ក្រោយពេលសាលាឧទ្ធរណ៍បានសម្រេចអោយជនត្រូវចោទបាននៅក្រៅឃុំ និងឯកសារមោឃភាពរបស់មេឃុំជាដើម។ (សូមជម្រាបដល់សាធារណជនផងដែរថា ជនជាប់ចោទក៏ធ្លាប់បានប្តឹងដិតចិត្តសុំដូរចៅក្រមម្តងរួចមកហើយដែរ តែសាលាឧទ្ធរណ៍បានសម្រេចរក្សាចៅក្រមជំនុំជម្រះនៅដដែល)។
ដោយសារភាគីដើមចោទ(លោក រ៉ៃន័រ ម៉ារា វ៉ូលនី/Rainer Maria Wollny) បានដាក់ចូលនូវភស្តុតាងថ្មីមួយចំនួនទៀត ជាពិសេស គឺភស្តុតាងជាឯកសារ ដែលដើមចោទចាត់ទុកថា ជាឯកសារប្រភពដើម ឬ ជាឯកសារច្បាប់ដើមដែលជនជាប់ចោទបានយកទៅក្លែងធ្វើជាកំណត់ហេតុប្រជុំ (ចុះថ្ងៃទី 01/01/14) និងជាលិខិតប្រគល់សិទិ្ធ(ចុះថ្ងៃទី 03/01/14)ឲ្យនាងមានសិទិ្ធក្នុងការចាត់ចែងលក់ដីទាំងមូលរបស់ក្រុមហ៊ុន ហើយយកលុយទាំងអស់នោះទៅដាក់ក្នុងហោប៉ៅរបស់ខ្លួនតែម្នាក់ឯង.....។
ភាគីដើមចោទ ក៏បានបង្ហាញភស្តុតាងជាឯកសារពីរផ្សេងទៀតផងដែរ ដែលបញ្ជាក់ថា ឈ្មោះ នួន ច័ន្ទមករា ពិតជាបានប្រព្រឹត្តបទល្មើសនៃការលួចលក់ដីរបស់ក្រុមហ៊ុនពិតប្រាកដមែន ក្រៅពីឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីមួយចំនួនរបស់ក្រុមហ៊ុនដែល នួន ច័ន្ទមករា បានផ្ទេរទៅឲ្យភាគីទីបីផ្សេងៗដោយគ្មានភាពស្របច្បាប់នេះ (គឺឯកសារកិច្ចព្រមព្រៀងលក់ដីនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ១១០០ហិកតា ទៅឲ្យឈ្មោះ សុង ហេង ដោយមានស្មាមមេដៃរបស់នាង ប្អូនប្រុសរបស់នាង (នួន ច័ន្ទសត្យា) លោកស្មៀនឃុំ (កៀត សាខន) និងហត្ថលេខា និងត្រារបស់លោកមេឃុំដំបូករូង (ខៀវ វណ្ណា)ផងដែរ... និងឯកសារដែលនាងបានស្នើសុំឲ្យលោកមេឃុំធ្វើមោឃភាពចោលទៅលើលិខិតផ្ទេរសិទិ្ធកាន់កាប់ដីចំពោះអ្នកដែលបានទិញដីពីនាងមួយចំនួន ដែលមិនទាន់បានបង់លុយបង្គ្រប់ឲ្យនាង។ ហើយព្រមទាំងបន្តសកម្មភាពល្មើសដោយមិនខ្លាចញញើតអ្វីឡើយ ទោះជានាង ត្រូវបានចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងត្រូវបានចោទប្រកាន់ជាផ្លូវការ ព្រមទាំងបានដាក់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសដោយចៅក្រមស៊ើបសួរ អស់មួយរយៈមកហើយក៏ដោយ។
គួររំលឹកផងដែរថា ឈ្មោះនួន ច័ន្ទមករា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រូវបានដាក់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំការកាត់ក្តី រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ទើបមានការអនុញ្ញាតដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយសាលាឧទ្ធរណ៍ តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ មិនត្រូវចេញក្រៅព្រំដែននៃព្រះរាជាណាចក្រកម្ពុជាទេ ហើយត្រូវចូលខ្លួនមកតុលាការនៅពេល ដែលមានដីកាកោះហៅ..។
បន្ទាប់ពីមានការអាននូវកំណត់ហេតុបំភ្លឺពីសាក្សីពាក់ព័ន្ធ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ដោយក្រឡាបញ្ជី ដូចជា ការបំភ្លឺរបស់លោកខៀវ វណ្ណា មេឃុំដំបូករូង លិខិតជូនដំណឹងរបស់លោកមេធាវី ហេង ពូង ស្តីពីការបដិសេធចោលលើចំណាររបស់លោកនៅលើលិខិតប្រគល់សិទ្ធិដែល នួន ច័ន្ទមករា បានថតចម្លងជាគូល័រយកមកឲ្យលោកចារ និងប្រថាប់ត្រាដឹងឮនោះ លិខិតសម្រង់លទ្ធផលកោសល្យ វិច័យតែទៅលើស្នាមមេដៃ និងហត្ថលេខារបស់លោករ៉ៃន័រ លិខិតសម្រង់លទ្ធផលកោសល្យវិច័យចុងក្រោយទៅលើទម្រង់បែបបទ និងខ្លឹមសារទាំងមូលនៃកំណត់ហេតុប្រជុំ និងលិខិតប្រគល់សិទិ្ធក្លែងក្លាយដែលធ្វើឡើងដោយនួន ច័ន្ទមករានោះ ព្រមទាំងឯកសារបកប្រែលើខ្លឹមសារទាំងមូលនៃលិខិតទាំងពីរពីភាសាអង់គ្លេសមកជាភាសាខ្មែររួចហើយ អង្គសវនាការនេះ ក៏បានបញ្ចប់នាវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់។
លោកចៅក្រម ក៏បានប្រកាសអំពីកាលបរិច្ឆេទនៃការធ្វើសវនាការចុងក្រោយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នាវេលាម៉ោង ៩:០០នាទីព្រឹកខាងមុខនេះ បន្ទាប់ពីឯកសារច្បាប់ដើម ត្រូវបានយកទៅបកប្រែរួចហើយដោយស្ថាប័នដែលមានការទទួលស្គាល់មួយ ដើម្បីយកមកធ្វើការដេញដោល ផ្ទៀងផ្ទាត់ទៅនឹងឯកសារក្លែង និងធ្វើការសន្និដ្ឋានជាចុងក្រោយដោយក្រុមព្រឹក្សាជំនុំជម្រះ។
ក្រោយពេលចេញពីសវនាការភ្លាម លោក រ៉ៃន័រ ម៉ារា វ៉ូលនី បានជម្រាបបណ្តាញសារព័ត៌មានយើងថា លោកទទូចស្នើសុំឲ្យតុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មត្តាជួយរកយុត្តិធម៌ជូនលោកក្នុងនាមជាអ្នកវិនិយោគជនជាតិអាល្លឺម៉ង់ម្នាក់ និងកាត់សេចក្តីដោយផ្អែកទៅលើស្មារតីច្បាប់ និងសីលធម៌តាមរយៈអង្គហេតុ និងភស្តុតាងជាក់ស្តែងទាំងអស់ដែលជនជាប់ចោទ និងបក្សពួករបស់ខ្លួនបានប្រព្រឹត្តមុនពេលចាប់ខ្លួន ក្នុងអំឡុងពេលដែលជនជាប់ចោទកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងក្រោយពេលដែលជនជាប់ចោទត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីរងចាំការកាត់ទោសជាចុងក្រោយ...។ ចំណាត់ការតុលាការ គឺជាយន្តការធានាដ៏រឹងមាំមួយដល់អ្នកវិនិយោគទុនបរទេសផ្សេងៗទៀតដែលបានចូលមកវិនិយោគនៅកម្ពុជាក្នុងបំណងល្អនៃការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្លូតត្រង់តាមរយៈការផ្តល់ការងារធ្វើដែលចេញពីការបោះទុនវិនិយោគទៅលើវិស័យផ្សេងៗដោយស្របច្បាប់ ដូចជារូបខ្ញុំ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments