កណ្តាល ៖ នារីចាក់បទចំរៀងខារ៉ាអូខេម្នាក់ និង បុរសជាជនជាតិវៀតណាមប្រកបរបរលក់ទូរស័ព្ទម្នាក់ ត្រូវកម្លាំងនគរបាលស្រុកស្អាងធ្វើការជាត់ខ្លួនពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ប្រព្រឹត្តឡើងនៅថ្ងៃ ពុធ ០៩រោច ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១០និង០០នាទី ចំណុចភូមិព្រែកខ្សេវ ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក សេង សុជាតិអធិការនគរបាលស្រុកស្អាងបានអោយដឹងថាជនសង្ស័យចំនួន០៤នាក់ ចាប់ខ្លួនបាន២នាក់គឺ ១ / ឈ្មោះ វ៉ាន់ នឿង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងទូរស័ព្ទ ទីលំនៅបច្ចុប្បន្នភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
២ / ឈ្មោះ ឡាង វ៉ាន់ណុច ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកចាក់ចំរៀងក្នុងខារ៉ាអូខេផ្កាយរាត្រីបឹងទំពុន ទីលំនៅបច្ចុប្បន្នភូមិ ក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
៣ / ឈ្មោះ ផៃ ផុន ហៅ អូន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ (គេចខ្លួន)
៤ / ឈ្មោះ លីន ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ អ្នកចាក់ចំរៀងក្នុងខារ៉ាអូខេផ្កាយរាត្រី ទីលំនៅ មិនពិតប្រាកដ ។ (គេចខ្លួន) លោកអធិការបញ្ជាក់ថា វត្ថុតាងចាប់យករួមមាន ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ ក្នុងនោះ ធំ ០១កញ្ចប់ និងតូច ០៥កញ្ចប់។ ២ / ឧបករណ៍សំរាប់វេចខ្ចប់និងប្រើប្រាស់មួយចំនួន។
បើតាមការស៊ើបរបស់សមត្ថកិច្ចជំនាញអោយដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ នឿង និងឈ្មោះ ឡាង វ៉ាន់ណុច រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់ ធំ ០១កញ្ចប់ , តូច ០៥កញ្ចប់ និងឧបករណ៍សម្រាប់វេចខ្ចប់ប្រើប្រាស់មួយចំនួន នៅលើផ្ទះយាយរបស់ឈ្មោះ ផៃ ផុន ហៅ អូន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ដើម្បីសាកសួរ។
ចំណែកជនសង្ស័យឈ្មោះ ផៃ ផុន ហៅ អូន និងឈ្មោះ លីន បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ វ៉ាន់ នឿង និងឈ្មោះ ឡាង វ៉ាន់ណុច បានសារភាពថា ខ្លួនទាំងពីរនាក់ និងឈ្មោះ ផៃ ផុន , ឈ្មោះ លីន បានប្រើប្រាស់(ជក់)គ្រឿងញៀន(ម៉ាទឹកកក) នៅចំណុចផ្ទះយាយរបស់ឈ្មោះ ផៃ ផុន ហៅអូន ស្ថិតក្នុងភូមិ ព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ប្រើប្រាស់(ជក់)គ្រឿងញៀន បានចំនួន ០២ជុំ ក៏សមត្ថកិច្ចនគរបាលមកដល់ ឃាត់ខ្លួនតែម្តង។ ឈ្មោះឡាង វ៉ាន់ណុចបានអះអាងថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៦កញ្ចប់ (ធំ ០១កញ្ចប់ និងតូច ០៥កញ្ចប់)ដែលនៅចំពោះមុខ ជារបស់ឈ្មោះ ផៃ ផុន ហៅ អូន និងឈ្មោះ លីន។
បច្ចុប្បន្នជនសង្ស័យទាំងពីរ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments