Ad Code

ក្រសួង​អប់រំ​ ប្រកាស​ជ្រើសរើស​បេក្ខភាព​ ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់​អាស៊ាន



ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ការប្រកាស​ជ្រើសរើស​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​អាស៊ាន (ASEAN Prize)​ដើម្បី​ចូលរួម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​។

បើតាម​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បញ្ជាក់ថា ការប្រកាស​ជ្រើសរើស​បេក្ខភាព​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​ពានរង្វាន់​អាស៊ាន​នេះ ធ្វើឡើង​តាម​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេស​សិង្ហ​បុរី​ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដែល​បាន​ស្នើ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ ជ្រើសរើស​បេក្ខភាព (​បេក្ខជន​/​បេ​ក្ខ​នារី ឬ​ស្ថាប័ន​) ដែល​មាន​ស្នាដៃ​ឆ្នើម និង​លេចធ្លោ​ជាងគេ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ចូលរួម​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​។

សម្រាប់​លក្ខខណ្ឌ បេក្ខជន​ចូលរួម​ត្រូវជា​ប្រជាពលរដ្ឋ​ក្នុងប្រទេស​អាស៊ាន ឬ​ជា​ស្ថាប័ន​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​។ បេក្ខភាព​ត្រូវ​បង្ហាញ​ពី​ស្នាដៃ​នានា ដែល​សម្រេចបាន​កាលពី​ចន្លោះ​ខែមេសា ឆ្នាំ​២០១៧ និង​ខែមីនា ឆ្នាំ​២០១៨ ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ថា​ពិត ឬ​មិន​ពិត ទាក់ទិន​ក្នុងការ​លើ​កម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​អាស៊ាន​។

ចំពោះ​ការប្រកួត បេក្ខភាព​ត្រូវ​សរសេរ​ទម្រង់​បែបបទ​បរិយាយ​ពី​ស្នាដៃ​របស់ខ្លួន ទៅ​ឲ្យ​គណៈកម្មាធិការ​វិនិច្ឆ័យ ដើម្បី​សម្រេច​ថា តើ​ស្នាដៃ​មួយណា​ល្អ​ជាងគេ ហើយ​កម្មវិធី​ប្រកាស និង​ប្រគល់​ពានរង្វាន់​គ្រោង​ធ្វើឡើង​អាច​នៅក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​លើក​ទី​៣៣ នៅ​សិង្ហ​បុរី នា​ខែវិច្ឆិកា ឆ្នាំ​២០១៨ ឬ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​។

នៅពេល​ដណ្ដើមបាន​ជ័យលាភី បេក្ខជន​នឹង​ទទួលបាន​រង្វាន់​លុយ ២០,០០០​ដុល្លារ ហើយ​ម្ចាស់​ជ័យលាភី​អាច​នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​មួយចំនួន​ហើយ​បេក្ខភាព​ក៏​គួរតែ​ចែករំលែក​ពី​ផែនការ​នាពេល​អនាគត​របស់ខ្លួន ក្នុង​ការបន្ត​កិច្ចប្រឹងប្រែង​នេះ​ទៅមុខទៀត ក្រោយពី​ទទួល​ពានរង្វាន់​ផងដែរ​។

កម្មវិធី​នេះ​ជា​កម្មវិធី​ប្រកួតប្រជែង​លើកដំបូង មិន​ធ្លាប់ធ្វើ​ពីមុនមក​ឡើយ ហើយនឹង​ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ​តទៅ​មុខ​។

បើ​តាម​វេបសាយ ASEAN បេក្ខជន​ត្រូវ​ផ្ញើ​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ទៅកាន់​អ៊ី​ម៉ែ​ល​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា mfaic.asean@mfaic.gov.kh​។

បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្មវិធី​នេះ​អាចមក​ដាក់​និង​ទទួល​ពាក្យ​ចូលរួម​ប្រកួត​នេះ​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​ខាងមុខនេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu