Ad Code

រដ្ឋមន្ត្រីក្រសួង​ការងារ​ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ ដល់​កងពលតូច​អន្តរាគមន៍​លេខ​៧​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ



ភ្នំពេញ ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពីដើម​សប្តាហ៍​នេះ​បាន ដឹកនាំ​គណៈប្រតិភូ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង និង​ពលទាហាន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណីជាតិ នៅ​កងពលតូច​អន្តរាគមន៍​លេខ​៧​ស្ថិតនៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​និច្ចកាល​បាន​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការរស់នៅ​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំង​អស់នៃ​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​នៅ​គ្រប់​ទីកន្លែង​។



ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើ​ខ្ពស់​ចំពោះ​ស្មារតី​តស៊ូ​អង់អាច​ក្លាហាន ប្រកបដោយ​វីរភាព​របស់​នាយទាហាន នាយទាហានរង និង​ពលទាហាន​របស់​យើង​នៅ​កងពលតូច​អន្តរាគមន៍​លេខ ៧ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ការពារ​មាតុភូមិ​ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដែល​យើងទាំងអស់គ្នា​បានឃើញ និង​ទទួលបាន​ផល​ពី​សមិទ្ធផល​នេះ ដែល​កើតចេញពី​ការចួលរួម​របស់​ថ្នាក់ដឹកនាំ​ជាតិ បុគ្គលិក មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងយោធពល​ខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ។

បន្ទាប់មក​លោក​រដ្ឋមន្ត្រី ព្រមទាំង​គណៈប្រតិភូ ក៏មាន​នាំយក​នូវ​ថវិកា សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ ចែកជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ព្រមទាំង​ផ្តល់​អាហារូបករណ៍​សិក្សា​មុខជំនាញ​បច្ចេកទេស​ផ្សេងៗ​នៅតាម​វិទ្យាស្ថាន និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​នាយទាហាន នាយទាហានរង ពលទាហាន និង​គ្រួសារ ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu