យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានបញ្ជាក់ថា ក្រៅពីប្រកួតតានតឹងរវាងក្រុមជើងខ្លាំងទាំង២ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ស្ថាប័នមួយនេះ បានអញ្ញើញតារាចម្រៀងល្បីល្បាញ២រូប គឺ G-Davit និង ទេព បូព្រឹក្ស ព្រមទាំងមានការសម្ដែងរបាំអប្សរាថែមទៀតផង។
សូមបញ្ជាក់ថា មុនឡើងទៅវគ្គផ្តាច់ព័ត្រក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមណាហ្គាវើល ឈ្នះណាហ្គាវើល ៣ទល់១ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ខណៈនៅវគ្គជាមួយគ្នានោះដែរក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ២ទល់០។ ដូច្នេះកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមក្រសួងការពារជាតិ ជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។ ក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនឹងទទួលបានចំណាត់ថ្នាក់៣ស្ទួន។
សំបុត្រសម្រាប់ចូលរួមទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះមាន២ប្រភេទ តម្លៃ៥ពាន់រៀល និង៣ពាន់រៀល។ ក្នុងនោះ CNCC នឹងដកទឹកប្រាក់១ពាន់រៀលក្នុងមួយសំបុត្រពីគ្រប់សំបុត្រទាំងអស់ដែលលក់បាន ដើម្បីយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ ការប្រកួតរវាងក្រសួងការពារជាតិ និង អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ម៉ោង៦និង៣០ល្ងាចថ្ងៃសៅរ៍ទី៦ខែតុលា និងផ្សាយផ្ទាល់ដោយទូរទស្សន៍ BTV។
ប្រភពបានបន្តថា នៅថ្ងៃនោះ តារាចម្រៀងដ៏ពេញនិយមក្នុងស្រទាប់យុវវ័យស្នេហាតន្ត្រីនៅកម្ពុជា G-Davit និងកញ្ញា ទេព បូព្រឹក្ស ព្រមទាំង របាំអប្សរាដែលជាមរតកដ៏ថ្លៃថ្លារបស់កម្ពុជានិងជាសម្បត្តិបេតិកភណ្ឌពិភពលោក នឹងសម្ដែងជូនប្រិយមិត្តទស្សនា តាំងពីមុនការប្រកួតចាប់ផ្ដើមពោលគឺចាប់ពីម៉ោង៤ល្ងាចតទៅ។ នៅអំឡុងពេលសម្រាកវគ្គទី១ G-Davit និង បូព្រឹក្ស នឹងបន្តសម្ដែងជូនប្រិយមិត្តទស្សនាថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments