Ad Code

សិក្ខាសាលា​ស្តីពី​”​សង្គតិភាព​ព្រះពុទ្ធសាសនា ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន​៖ ការពង្រឹង​សង្ឃ​វិន័យ​”



ភ្នំពេញ ៖ តាំងពី​បុរាណ​រៀងមក ព្រះពុទ្ធសាសនា​និង​សាវ័ក​ឬ​អ្នកបួស​ក្នុងសង្គម​ខ្មែរ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់​ការអប់រំ​ខាង​ផ្នែក​ស្មារតី​និង​សីលធម៌​សង្គម​និង​សីលធម៌​អ្នកបួស​។

ពេល​បច្ចុប្បន្ន​នេះ​គេ​សង្កេតឃើញថា ផ្នែក​សំភារៈ​ដូចជា​កុដិ សាលាឆាន់ ព្រះវិហារ​តាម​វត្ត​អារាម​ទូទាំងប្រទេស ហាក់​រីកចម្រើន​គួរ​កត់សំគាល់ ប៉ុន្តែ​ផ្នែក​ការអប់រំ​វិន័យ​ព្រះសង្ឃ​វិញ​ហាក់​នៅ​មាន​កំរិត ដែល​នាំ​ឲ្យ​កើត​មាននូវ​ការ​ប្រាសចាក​វិន័យ​សង្ឃ​មួយចំនួន​ដោយ​អន្លើ ប្រការនេះ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ជំនឿ​និង​ការគោរព​ចំពោះ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​នៃ​ចំណែក​ណាមួយ​នោះ​ផងដែរ​។​

ដើម្បី​ចូល​រួម​ចំណែក​ក្នុងការ​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​សហការ​ជាមួយ​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បានរៀបចំ​សិក្ខាសាលា​ស្តីពី​”​សង្គតិភាព​ព្រះពុទ្ធសាសនា ដើម្បី​ពង្រឹង​និង​អភិវឌ្ឍ​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន ការ​ពង្រឹង​សង្ឃ​វិន័យ​”​ក្រោម​ការ​ឧបត្ថ​ម្ភ​របស់​មូ​និ​ធិ​កូរ៉េ​សំរាប់​ការសិក្សា​ជាន់ខ្ពស់ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៨​ដោយ​មានការ​និមន្ត​និង​អញ្ជើញ​ថ្នាក់ដឹកនាំ​ព្រះសង្ឃ​និង​អ្នកស្រាវជ្រាវ​ពី​វិស័យ​ព្រះពុទ្ធសាសនា​ដើម្បី​ចូលរួម​ធ្វើ​បទ​បង្ហាញ​និង​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។

លោក​បណ្ឌិតសភា​ចា​រ្យ ស៊ុំ ឈុំ​ប៊ុន នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​បាន​មានប្រសាសន៍ថា​អង្គសិក្ខាសាលា​ដែល​បានរៀបចំ​ឡើង​នេះ​គឺ​ក្នុង​គោលបំណង​ឈ្វេងយល់​អំពី មធ្យោបាយ​នានា​នៃ​ការពង្រឹង​និង​ការអភិវឌ្ឍន៍​វិស័យ​ព្រះ​ចក្រ​និង​អាណាចក្រ ផលប៉ះពាល់​ដោយ​ការមិន​គោរព​តាម​សង្ឃ​វិន័យ​របស់​ព្រះសង្ឃ​មួយចំនួន​មួយចំនួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​។

លោក​បណ្ឌិតសភា​ចា​រ្យ ស៊ុំ ឈុំ​ប៊ុន បន្ត​ថា ក្រោយពី​ប្រារព្ធ​នូវ​សិក្ខាសាលា​ជាតិ​នេះ​យើង​នឹង​ទទួលបាន នូវ​ការចូលរួម​ពី​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ ព្រះសង្ឃ ស្ថាប័ន​ពាក់​ព័ន្ធ​និង​អ្នកស្រាវជ្រាវ​ពី​រាជបណ្ឌិត្យសភាកម្ពុជា​កា​រ​ពិភាក្សា​លើ​ការ​ពង្រឹង​វិន័យ​សង្ឃ រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​នានា និង​ការរៀបចំ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​សំរាប់​អភិវឌ្ឍន៍​ដើម្បី​រម្ងាប់​អធិករ​ជា បាតុភូត​អវិជ្ជមាន​នានា នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា​នៅក្នុង​សង្គម​កម្ពុជា​យើង​។

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជា​បណ្ឌិត្យសភា​កម្ពុ​ជាមាន​សុទ្ធិ​ដ្ឋិ​និយម​ថា ព្រះពុទ្ធសាសនា​នៅតែ​ដើរ​តួនាទី​សំខាន់​និង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង បានដាក់​ពុទ្ធសាសនា​ថា​ជា​សាសនា​របស់​រដ្ឋ​ផងដែរ​។ ​ពុទ្ធសាសនា​អប់រំ​មនុស្ស​ឲ្យ​ទៅជា​មនុស្ស​ដែល​ពឹង​ខ្លួនឯង​សម្រេច​វាសនា​ដោយ​ខ្លួនឯង​(​អត្ត​ហិ​អត្ត​នោ​នា​ថោ​)​ជា​អ្នកមាន​ការអភិវឌ្ឍ​ដោយ​បរិបូរណ៍​និង​មាន​សេរីភាព​លើ​ជីវិត​របស់​ខ្លួន​។ ពុទ្ធសាសនា​បានស្នើ​នូវ​វិធី​ដែល​អាច​អនុវត្តបាន ក្នុងការ​ស្វែងរក​សន្តិ​ភាព ដោយ​ចាប់ផ្តើម​ពី​ការស្រលាញ់​នូវ​សន្តិភាព ដោយ​បុគ្គល​ម្នាក់ៗ​ជាមុន និង​ការ​រស់នៅក្នុង​វិថី​ជីវិត​អហិង្សា ព្រមទាំង​ការដោះស្រាយ​ទំនាស់​ដោយ​ប្រើ​ហេតុផល​និង ការយោគយល់​គ្នា​ដើម្បី​បញ្ចប់សង្គ្រាម​។ តែ​សន្តិភាព​នោះ​ក៏​នឹង​អាច​បាត់បង់ បើ​សង្គម​នោះ​មាន​ពលរដ្ឋ​ដែល​បាត់បង់​នូវ​ចិត្ត​វិញ្ញាណ និង​សីលធម៌​ក្នុង​សន្តាន​ចិត្ត​ឬ​ពលរដ្ឋ​ខ្លួន​មាន​ជំងឺផ្លូវចិត្ត ហើយ​ជាពិសេស​ទៅទៀត​នៅពេល​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​ព្រះពុទ្ធសាសនា​។

ទន្ទឹមនឹងនោះ​លោក​បណ្ឌិត្យ​សភាចា​រ្យ សុខ ទូច បានស្នើ​ដល់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​មាន​ក្រសួង​ធម្មការ​និង​សាសនា ពុទ្ធិកសិក្សា រួម​នឹង​អ្នកស្រាវជ្រាវ​ជំនាញ ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​អំពី​បញ្ហា​ដែល​កំពុង​ចោទ​មាន​មូល​ហេតុដែល​នាំ​ឲ្យ​ពុទ្ធសាសនា​មានការ​ធ្លាក់ចុះ​ដើម្បី​ស្វែងរក​នូវ​ធាតុ​ចូល​ដាក់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ពិនិត្យ​និង​សំរេច កែប្រែ​ធ្វើ​យ៉ាង​ដើម្បី​ឲ្យ​ពុទ្ធសាសនា​មានការ​រីកចំរើន​ឡើងវិញ​។

ជា​ទិសដៅ​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ លោក​បណ្ឌិត​ប្រធាន ក៏បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​មនុស្សសាស្ត្រ​និង​វិទ្យាសាស្ត្រ​សង្គម ឲ្យ​សិក្សា​ទៅលើ​ប្រធានបទ​”​តើ​ប្រជាជន​មាន​ចំនួន​ប៉ុន្មាន​ដែល​រស់នៅក្នុង​តំបន់​មួយ​អាច​សង់​វត្ត​អារាម​បាន​និង​ក្នុង​មួយ​វត្ត​ត្រូវ​មាន​លោក​ប៉ុន្មាន​អង្គ​? ” និង​ប្រធានបទ​”​តើ​ត្រូវ​រៀន​សិន​ចាំ​បួស ឬក៏​បួស​ហើយ​ទើប​រៀន​?” ដើម្បី​រក​ធាតុ​ចូល​និង​ធ្វើ​សំណើ​ច្បាប់​ទៅ​សភា​អនុម័ត​ព្រោះ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu