ឯម ឡេងលី អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ និង ម៉ន សាម៉េត អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់ខារ៉ាវ នាយប់អាទិត្យថ្ងៃទី២១ តុលា ២០១៨នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ។
ឯម ឡេងលី នឹងប្រកួតក្នុងប្រភេទទម្ងន់៧១គ.ក្រ ជាមួយអ្នកប្រដាល់ថៃChai Suo។Chai Suoនេះ ធ្លាប់មកប្រកួតនៅភ្នំពេញច្រើនលើកហើយកន្លងមក ដែលក្នុងនោះ៣លើកជួបប្រកួតជាមួយនី សុភី ហើយបានចាញ់នីសុភីបានចាញ់សុភី២លើកនិងស្មើ១លើក ។
អ្នកប្រដាល់ថៃរូបនេះ មានកំរិតសមត្ថភាពនិងបច្ចេកទេសល្អហើយរឹងមាំ គេជាជើងខ្លាំងម្នាក់ប្រចាំនៅស្រុកថៃ ។ Chai Suoមានកម្ពស់១,៧២ម៉ែត្រ ខណៈ ឯម ឡេងលី១,៧១ម៉ែត្រ ហើយកំណត់ត្រាប្រកួតលើរេញរបស់ Chai Suo គឺបានចំនួន១០៦លើក ដោយឈ្នះ៩១លើក ចាញ់១៤លើក និង ស្មើ០១លើក បើធៀបជាមួយឯម ឡេងលី មានប្រវត្តិប្រកួតតែ៤២លើក ឈ្នះ៣៣លើក ចាញ់០៨លើក ស្មើ០១លើក និង ធ្លាប់ផ្តួលដៃគូអោយសន្លប់ចំនួន ២៨ លើក ។
ឯម ឡេងលី គេជាអ្នកប្រដាល់ជើងខ្លាំង ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ។ គេធ្លាប់ជួបអ្នកប្រដាល់បរទេសច្រើននាក់ហើយដែរ ដែលការប្រកួតចុងក្រោយរបស់គេនោះ គឺឈ្នះអ្នកប្រដាល់ថៃSuper Chhai ដោយពិន្ទុ កាលពីថ្ងៃទី២៩កញ្ញា២០១៨ ។
សំរាប់ការប្រកួតលើកនេះ ពុំដឹងថា ឯម ឡេងលី គេអាចយកឈ្នះអ្នកប្រដាល់ថៃ Chai Suoបានឬអត់នោះទេ។ ព្រោះថា ឡេងលី មិនធ្លាប់ប៉ះប្រកួតជាមួយChai Suoទេកន្លងមក ។
ចំពោះ អ្នកប្រដាល់ម៉ន សាម៉េត ក្លិបកងចក្ររាជសីហ៍មានរិទ្ធ ត្រូវគេផ្គូអោយប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មីYorth Savich ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
Yorth Savich នេះ គេក៏មិនធ្លាប់មកប្រកួតនៅកម្ពុជានោះដែរកន្លងមក ។ ទោះជាយ៉ាងណា ម៉នសាម៉េត មិនអាចមើលស្រាល Yorth Savich បានទេ ព្រោះអ្នកប្រដាល់ថៃរូបនេះ វាយខ្លាំងនិងមានក្បាច់គុនល្អផងដែរ។ នេះបើតាមការឲ្យដឹងពីលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV ។ ដូច្នេះ សម្រាប់ការប្រកួតជាមួយ Yorth Savich នេះ ម៉ន សាម៉េត ត្រូវតែប្រយ័ត្នកណ្តាប់ដៃរបស់គេ ព្រោះថាកណ្តាប់ដៃរបស់គេរហ័ស លឿន ។
តែយ៉ាងណា Yorth Savich ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះម៉ន សាម៉េត គេក៏វាយខ្លាំងនិងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ ហើយមួយទៀត គេវាយរហ័ស ដករហ័សចេញចូលលឿន ។
ម៉ន សាម៉េត មានកំនត់ត្រាប្រកួតចំនួន១៣៧លើក ក្នុងនោះវាយឈ្នះ១០២លើក ចាញ់៣០លើក និងស្មើ០៥លើក។ ចំណែក Yorth Savich គេមានកំនត់ត្រាប្រកួតត្រឹមតែពាក់កណ្តាលម៉ន សាម៉េតប៉ុណ្ណោះ គឺចំនួន៥៧លើក ឈ្នះ៤៩លើក ចាញ់០៨លើក និងមិនដែលស្មើ ។ ចាំមើល រវាងម៉នសាម៉េត និង Yorth Savich តើនរណាជាអ្នកឈ្នះនោះ ? ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អៀប ឆាអ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ បានសុំជួបប្រកួតជាមួយ តាំង តាក់ អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ។ពួកគេពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦០គីឡូក្រាម ។
អៀប ឆា មិនធ្លាប់ជួបតាំង តាក់ ទេកន្លងមក ។ ដូច្នេះការជួបលើកនេះ គឺដូចជាការជួបលើកទី១របស់អ្នកប្រដាល់ទាំងពីរនេះ ដែលមិនដឹងថានរណាជាអ្នកឈ្នះនោះឡើយ?។
ហេង សុភ័ក្រ អ្នកប្រដាល់ក្លិបព្រៃទទឹងខេត្តបាត់ដំបង ត្រូវគេផ្គូអោយជួបប្រកួតជាមួយសាំង សាលី អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ដោយជួបគ្នាក្នុងទម្ងន់៥៧គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments