ភ្នំពេញ ៖ យ៉ាងហោចណាស់មានទណ្ឌិតជន ប្រុស ស្រី ចំនួន៣១៩នាក់ នឹងត្រូវបានលើកលែងទោស និងបន្ធូរបន្ថយទោសនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
នេះបើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដោយបានថ្លែងថា មានអ្នកទោសនៅកម្ពុជា បានស្នើសុំលើកលែង និងបន្ធូរបន្ថយទោសចំនួន ៣១៩នាក់ ខណៈគណៈកម្មាធិការ លើកលែងទោស និងបន្ធូរបន្ថយទោស កំពុងតែពិចារណា ចំពោះការស្នើសុំមកពីតាមបណ្តាពន្ធនាគារនានាទូទាំងប្រទេស។
សូមបញ្ជាក់ថា កាលឆ្នាំ២០១៧ ព្រះមហាក្សត្រ បានបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតជនសរុបចំនួន១៥៧នាក់ ក្នុងនោះ ស្រី២០នាក់ , ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចំនួន៧២នាក់ , ពិធីបុណ្យពិសាខបូជាចំនួន៣៥នាក់ និងពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក៥០នាក់។
ដោយឡែកក្នុងជំនួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០១៨ សម្ដេចនឹងស្នើសុំ ព្រះមហាក្សត្រដើម្បីឲ្យព្រះអង្គព្រះរាជទាន លើកលែងទោស និងបន្ធូរបន្ថយ ជាទ្រង់ទ្រាយធំបន្ថែម លើកម្មវិធីលើកលែងទោសប្រចាំឆ្នាំ ដូចជា បុណ្យភ្ជុំបិណ្ឌ បុណ្យឯករាជ្យជាតិ និងការប្រារព្ធខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ការលើកលែងទោស ធ្វើឡើងដើម្បីឲ្យខ្មែររួបរួមគ្នាកុំឲ្យបែកបាក់គ្នា និងឲ្យជនទាំងនោះ បានចេញមកកែប្រែខ្លួនកុំឲ្យប្រមាថ មាក់ងាយគ្នាតទៅទៀត។
លោក ជិន ម៉ាលីន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ថា មកដល់ពេលនេះ គឺគណៈកម្មការកំពុងតែ ពិចារណាលើសំណើស្នើសុំពីតាមពន្ធនាគារ តាមមណ្ឌលអប់រំកែប្រែទាំងបួន។ ចំនួនដែលស្នើសុំ ៣១៩នាក់ ក្នុងនោះ មានចំនួន ១៣៣នាក់ជាស្ដ្រីភេទ។
ចំពោះការសម្រេចលើកលែង និងបន្ធូរបន្ថយទោសប៉ុន្មាននាក់នោះ លោកបញ្ជាក់ថា ក្រសួងយុត្តិធម៌មិនទាន់សម្រេចនៅឡើយ ហើយក៏អត់ទាន់កំណត់ថ្ងៃបើកកិច្ចប្រជុំដែរ។ លោកថា ការលើកលែង និងបន្ធូរបន្ថយទោសនេះ ដោយផ្អែកលើគោលការណ៍ច្បាប់ និងមនុស្សធម៌ ដូច្នេះគោលការណ៍មនុស្សធម៌ រួមមាន ៖ ស្ដ្រីមានផ្ទៃពោះ , ស្ដ្រីដែលមានកូនក្នុងពន្ធនាគារ ជនចាស់ជរា អ្នកមានជំងឺ និងអ្នកកែប្រែខ្លួនជាដើមអោយស្អាតស្អំជាដើម។
ចំពោះទណ្ឌិតជន ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ នៅកម្ពុជាឆ្នាំ២០១៧ មានចំនួន២៨,៤១៤នាក់ ក្នុងនោះ មានស្រី្ត ២,៤៤៣នាក់។ ក្នុងចំណោមជនជាប់ឃុំ ទាំងអស់មានជាង៥១ភាគរយ ត្រូវបានចោទពីបទល្មើសគ្រឿងញៀន , ជាង១៨ភាគរយពីបទប្លន់ និងលួចមានស្ថានទម្ងន់ទោស មានជិត៨ភាគរយ , ពីបទឃាតកម្ម និងមនុស្សឃាត មានជាង៧ភាគរយ និងបទរំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗមានជាង១៣ភាគរយ។
ចំពោះចំនួនសរុបនៃទណ្ឌិតជន ដែលកំពុងជាប់ឃុំនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ ក្រសួងយុត្តិធម៌មិនបានបង្ហើបអោយដឹងទេ៕
Source: Kampuchea Thmey Daily
0 Comments