Ad Code

តារា​សម្ដែង ស៊ីណា​វ៉ា​ត់​ត្រា ក្តាប់បាន​ឱកាស​ដឹក​ដៃ​ស្រី​ស្អាត​ ហក់​ចូល​ក្រុម​បង្ហាញ​ម៉ូដ



ភ្នំពេញ​ ៖ ​តារា​សម្តែង​ប្រុស​សង្ហា​ធ្លាក់​ឆ្លងកាត់​ប្រវត្តិ​កំសត់​ និង​ជា​កូនកំព្រា​ឪពុក​លោក ចាន់​ស៊ី​ស៊ីណា​វ៉ា​ត់​ត្រា ស្របពេល​ដែល​ទី​ផ្សារ​សិល្បៈ​កាន់តែ​ទទួលបាន​ការគាំទ្រ​និង​មាន​ប្រជាប្រិយភាព​នោះ​ ពេលនេះ​ក៏​ស្រាប់តែ​ក្តាប់បាន​ឱកាស​ដឹក​ដៃ​តារា​ស្រី​វ័យក្មេង​ដែល​ធ្លាប់​សម្ដែង​MV​ជាមួយគ្នា​គឺ​កញ្ញា ស្រី​ពៅ ហក់​ចូលក្នុង​ក្រុម​បង្ហាញ​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី​មួយ​ដែល​នឹង​ថត​ស្ទីល​ប្លែកៗ​បែប​យុវវ័យ​បស្ចិមប្រទេស​។​

ជាការ​កត់សម្គាល់​តារា​សម្តែង​ប្រុស​ដែលមាន​ដើមកំណើត​មកពី​ខេត្តបាត់ដំបង​លោក ស៊ីណា​វ៉ា​ត់​ត្រា បច្ចុប្បន្ន​ មិន​ត្រឹម​តែមាន​ភាព​លេច​ធ្លោ​ និង​ទទួលបាន​ឱកាស​ការងារ​សម្តែង​សិល្បៈ​ច្រើន​នោះទេ ​គឺ​លោក​ក៏​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​និង​លើក​សរសើរ​ពី​សកម្មភាព​មនុស្សធម៌​ជាមួយ​អ្នកនាង ឆៃ លីដា​ឡែ​ន តាមរយៈ​ការចែក​អាហារ​និង​សម្ភារៈ​ដល់​តា តា​ធាក់​ស៊ីក្លូ​និង​ជនអនាថា​នៅ​ក្រុងភ្នំពេញ​ទាំង​កណ្ដាល​អធ្រាត្រ​ទៀតផង​។​

ទន្ទឹមគ្នា​នៃ​ការចាប់​បាន​ឱកាស​ការងារ​ថ្មី​នេះដែរ ​លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា ប្រាប់​ឲ្យ​ដឹងថា​ថ្មីៗ​នេះ​ខ្ញុំ​ត្រូវ​ក្រុមហ៊ុន​មួយ​ហៅ​ឲ្យ​ថត​ម៉ូដ​ដាក់​ទស្សនាវដ្ដី​ជាមួយ​ក​ញ្ញា ស្រី​ពៅ រួមទាំង​ជាមួយ​ពិធី​ការិនី​ម្នា​ក់​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​មួយទៀត​ផងដែរ​។ ​តាមពិត​អាជីព​បង្ហាញ​ម៉ូដ​ខ្ញុំ​ស្រលាញ់​ជា​យូរ​មកហើយ​អញ្ចឹង​នាពេល​ខាងមុខនេះ​ខ្ញុំ​នឹង​ចាប់យក​ឲ្យ​ដូច​អាជីព​សម្ដែង​ដែរ​ព្រោះ​ឲ្យ​តែ​ការងារ​សិល្បៈ​ខ្ញុំ​ស្រលាញ់​ទាំងអស់​។​

លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បញ្ជាក់ថា ​អំឡុងពេល​បច្ចុប្បន្ន​នេះដែ​រ​ក៏មាន​ខាង​ផលិតកម្ម​គេ​ទាក់ទង​ហៅ​ថត​ភាពយន្ដ​ដែរ​តែ​ខ្ញុំ​មិនទាន់​ទទួល​ព្រោះ​ខ្លាច​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដោយសារតែ​ខ្ញុំ​ជាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ហេតុនេះហើយ​អាច​ឆ្លៀត​បានតែ​ថត​MV​និង​ខាង​Fashion​ហ្នឹង​ព្រោះ​ថត​រយៈពេល​ខ្លី​ខុសពី​ការថត​កុន​ដែល​យើង​ត្រូវ​ចំណាយពេល​យូរថ្ងៃ​ទើប​អាច​ថត​បាន​។​

ថ្វីត្បិតតែ​បែបនេះ​ក៏ពិតមែន​លោក ណា​វ៉ា​ត់​ត្រា គឺ​នៅ​មិនទាន់​ច្បាស់​ថា ​នឹងចូលរួម​ជាមួយ​ក្រុម​បង្ហាញ​ម៉ូដ​ណាមួយ​ឲ្យ​ពិត​ប្រាក​នោះទេ​ តែ​តារា​សម្ដែង​រូបនេះ​លើកឡើងថា ​ចង់​ថត​សម្ដែង​និង​បង្ហាញ​ម៉ូដ​ជា​លក្ខណៈ​FreeLance​វិញ​ប្រសើរ​ជាង​កុងត្រា​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ដែល​អាចមាន​បញ្ហា​នៅពេលដែល​រូបគេ​គ្មាន​ពេល​គ្រប់គ្រាន់​តាម​​លក្ខខណ្ឌ​សន្យា​នោះ​។​
​សូមបញ្ជាក់ថា​ លោក ណា​វ៉ា​ត់​ត្រា គឺជា​តារា​សម្ដែង​ម្នាក់​ដែលមាន​ប្រវត្តិ​តស៊ូ​កម្សត់​ព្រោះ​លោក​ជា​កូនកំព្រា​ឪពុក​តាំងពី​នៅ​ផ្ទៃ​ម្ដាយ​ម្ល៉េះ ហើយ​ក្នុង​វ័យ​កុមា​រលោក​ធ្លាប់ជា​អ្នក​ទួល​នំកង​ដើរ​លក់​ទៀតផង​។​ ដោយសារ​ឆ្លងកាត់​ការលំបាក​បែបនេះហើយ​ទើប​ថ្មីៗ​នេះ​លោក ណា​វ៉ា​ត់​ត្រា បាន​ចាប់ដៃ​ជាមួយ​អ្នកនាង ឆៃ លីដា​ឡែ​ន ធ្វើ​សកម្មភាព​មនុស្សធម៌​ចែកទាន​ជូន​តា​តា​ធាក់​ស៊ីក្លូ និង​ជនអនាថា​គេង​នៅតាម​ចិញ្ចើមផ្លូវ​នា​ក្រុងភ្នំពេញ​ជាដើម៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu