Ad Code

ឡៅ ចិ​ត្រា ឈ្នះ Nuth Kor. ទឹក​២ ខ​ណះ​រិ​ទ្ធ ភូ​លូ ចាញ់ Nampetch​ដោយ​ពិន្ទុ



អ្នក​ប្រដាល់​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Nuth Kor.Kesanon ក្នុង​ទឹក​ទី​២ ហើយ​រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ​Nampetch Chhor.Champions ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​ជម្រុះ​ជុំ​ទី​២ ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​៣០​កញ្ញា​២០១៨ ។

ឡៅ ចិ​ត្រា បានធ្វើអោយ Nuth Kor.​សន្លប់​ក្រោក​លែងរួច​បន្ទាប់ពី​អាជ្ញាកណ្តាល​រាប់​ដល់​ដប់​ក្នុង​ទឹក​ទី​២​នោះ ដោយសារ​ជង្គង់​របស់គេ​អុក​ចំ​ចុងដង្ហើម ។ Nuth Kor.​មិនទាន់​ទាំង​បាន​វាយ​តតាំង​ជាមួយ​ចិ​ត្រា​និង​វាយ​ត្រូវ​ចិ​ត្រា​មួយ​ដៃ​ផង ក៏ត្រូវ​ឡៅ ចិ​ត្រា​បោះ​ជង្គង់​បត់​ខ្លី​ចូល​ចំ​ចុងដង្ហើម មួយ​ជង្គង់​ពេញ ធ្វើអោយ Nuth Kor.​សន្លប់​ឈឹង​តែម្តង។​

ជាមួយ​លទ្ធផល​នេះ នាំអោយ Nuth Kor. Kesanon បាន​២​ពិន្ទុ​សម្រាប់​ការប្រកួត​ជម្រុះ​ពីរលើក​នោះ ហើយ​ឡៅ ចិ​ត្រា គេ​បាន​៦​ពិន្ទុ សម្រាប់​ការ​២​ជុំ​នេះ ។​

ចំណែក អ្នក​ប្រដាល់​រិ​ទ្ធ ភូ​លូ វិញ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ឡាវ Nampetch Chhor.Champions ដោយ​ពិន្ទុ ក្នុងការ​ប្រកួត​ប្រាំ​ទឹក​នេះ ។​នៅក្នុង​ការប្រកួត​៥​ទឹក បានធ្វើអោយ Nampetch ឈឺ​សាច់​មិនតិច​ដែរ​ទេ តែដោយសារ​ខ្លួន​វាយ​ចេញ​និង​ចំ​គោលដៅ​ល្អ​បាន​តិចជាង Nampetch នោះ បានធ្វើអោយ​ចាញ់​ពិន្ទុ Nampetch ។ រិ​ទ្ធ ភូ​លូ ចាញ់ហើយ ថែមទាំង​បាក់ឆ្អឹង​ប្រអប់ដៃ​ឆ្វេង​ថែមទៀត។

ដូច្នេះ​សម្រាប់​ការប្រកួត​ជម្រុះ​២​ជុំ ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​ទម្ងន់​៦០​គីឡូក្រាម​នេះ រិ​ទ្ធ ភូ​លូ គេ​បាន​៤​ពិន្ទុ​ដោយ​ឈ្នះ​១ ចាញ់​១​ប្រកួត ឯ Nampetch Chhor.Champions គេ​បាន​៤​ពិន្ទុ​ដែរ ក្នុង​ពីរ​ប្រកួត​ដូចគ្នា គឺ​ឈ្នះ​១​ចាញ់​១​ប្រកួត ។

ចំពោះ​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃទី​២៩​កញ្ញា​នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះដែរ អ៊ូច ធា​រិ​ទ្ធ​អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល​យកឈ្នះ​កំពែង ខ្មៅ សមាគម​កីឡា​ក្រសួងកសិកម្ម ក្នុង​ទឹក​ទី​៤ ។​

ក្នុងនោះ ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្តួល​ORONO នៅក្នុង​ទឹក​ទី​៣ ។ អ្នក​ប្រដាល់​ថៃ​ORONO ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែងអោយ​ប្រកួត ដោយសារតែ​គេ​អសមត្ថភាព​ក្នុងការ​តតាំង​ជាមួយ​ឡៅ ចន្ទ្រា​នោះ។​
​ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង បាន​ផ្តួល​យកឈ្នះ​អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ក្នុង​ទឹក​ទី​២ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៧​គីឡូក្រាម ។​

ដោយឡែក សឿន ឆ្នើម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ បាន​វាយ​ឈ្នះ​ឡេង ម៉ៅ អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ក្នុង​ទឹក​ទី​៤ ។

ចាន់ គឹម​លន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​ប្រកួត​ឈ្នះ​សំណាង ចាន់​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​២ ដោយ​ផ្តួល​អោយ​សន្លប់​តែម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu