Ad Code

នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ថ្មី កោតសរសើរ​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម



​ភ្នំពេញ​ ៖ លោកស្រី Sunniya Durrani-Jamal នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​ដែល​ជា​ចលករ​មួយ​ដ៏​សំខាន់​ជួយ​គាំទ្រ​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នា​ឆ្នាំកន្លងមក​។

លោកស្រី​ថ្លែង​បែបនេះ​បាន ធ្វើឡើង ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​ចន្ទ ៥​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ជួប​សម្តែង​ការគួរសម និង​ធ្វើការ​ណែនាំ​ខ្លួន​ដោយ​លោកស្រី​ទើបត្រូវ​បានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

នា​ឱកាស​នេះ លោកស្រី Sunniya Durrani-Jamal បាន​កោតសរសើរ​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ជួយ​គាំទ្រ​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​នា​ឆ្នាំកន្លងមក​។

លោកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា វិស័យ​កសិកម្ម​គឺជា​វិស័យ​មួយ​ដែល​ធនាគារ​អភិវឌ្ឍ​អាស៊ី​ផ្តល់​អាទិភាព​ខ្ពស់ ដោយ​បាន​ដាក់បញ្ចូល​នៅក្នុង​គោលនយោបាយ​ភាពជា​ដៃគូ​រវាង​ប្រទេស​កម្ពុជា និង​ធនាគារ​អភិវឌ្ឍ​អាស៊ី​ថ្មី​សម្រាប់​រយៈពេល ៥​ឆ្នាំ​។ ក្នុង​ឱកាស​នៃ​បេសកកម្ម​របស់លោក​ស្រី​នៅ​កម្ពុជា លោកស្រី​បាន​សន្យាថា​នឹង​ផ្តល់​កិច្ច​សហប្រតិបត្តិ និង​បន្ត​ការ​គាំទ្រ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ក្រសួង​ធ្វើយ៉ាងណា​រួមចំណែក​អភិវឌ្ឍ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន​។



មាន​មតិ​ស្វាគមន៍​លោក​រដ្ឋមន្ត្រី ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​យ៉ាង​ក្នុង​កិច្ច​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពិសេស​បាន​ជួយឧបត្ថម្ភ​ទាំង​បច្ចេកទេស និង​ថវិកា​ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ពាក់ព័ន្ធ​វិស័យ​កសិកម្ម។ ស្តែង​ចេញពី​លទ្ធផល​គម្រោង​ដែល​សម្រេច​បាន បាន​រួម​ចំណែក​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។

តាម រយៈ​លោកស្រី ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​និង​ជឿជាក់ថា ​ធនាគារ​អភិវឌ្ឍ​អាស៊ី​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ជាពិសេស​ជួយឧបត្ថម្ភ​គាំទ្រ​លើ​វិស័យ​កសិកម្ម​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។

ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​លើកយក​ប្រធានបទ​សំខាន់ៗ​ដើម្បី​ដាក់ជូន​លោកស្រី​ពិនិត្យ​លទ្ធភាព និង​ពិចារណា​ក្នុងការ​ផ្តល់​កិច្ចសហប្រតិបត្តិការ រួមមាន​ទី​១-​វិធានការ​នានា​ដែល​ត្រូវ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​កសិកម្ម ទី​២-​ពិនិត្យ និង​ធ្វើការ​សិក្សា​ពី​ការរៀបចំ​ធ្វើ​ផែនទី​កំណត់​តំបន់​ដាំ​ដុះ ទី​៣-​ជួយ​មាន​វិធានការ​នានា​ដែល​ឈានដល់​ការទប់ស្កាត់​ផល​ប៉ះពាល់​លើ​ផលិតកម្ម​ដំឡូង​មី​ដោយសារ​ជំងឺ​ម៉ូ​សា​អ៊ិ​ក​ដំឡូង​មី និង​ផែនការ​គ្រប់គ្រង​ជំងឺ ទី​៤-​ជួយ​រិះរក​វិធានការ​នានា ដែល​ឈាន​ទៅ​ដល់​ការ​សហការ​បាន​ពេញលេញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​កសិកម្ម​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​កាត់បន្ថយ​ការចំណាយ​ឲ្យ​បានជា​អតិបរិមាណ​លើ​ការងារ​គ្រប់គ្រង​ទឹក​និង​ដំណាំ និង​ទី​៥-​ផលិតភាព​ផលិតកម្ម និង​ទីផ្សារ​កសិផល​របស់​ប្រជាកសិករ និង​សហគមន៍​។ ជា​ការ​ឆ្លើយតប លោកស្រី​បាន​ឯកភាព​ទាំងស្រុង​នូវ​រាល់​ចំណុច​សំខាន់ៗ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង និង​យក​ចំណុច​ទាំងនោះ​ទៅ​ពិភាក្សា​ជាមួយ​ក្រុមការងារ​ជំនាញ​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ការគាំទ្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu