ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះនៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បាន ចុះរៀបចំសណ្ដាប់ធ្នាប់ ដោយប្រើវិធានការក្តៅទៅលើហាងផឹកស៊ី យីហោ "១០៣ អាន់ឆ័រ" ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២៦១ ជាប់និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្នុងសង្កាត់បឹងសាឡាង ខណៈដែលហាងមួយនេះ ចតរថយន្ត និងម៉ូតូយ៉ាងអានាធិបតេយ្យ និងមានសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន៧គ្រឿងយកទៅរក្សាទុក ដែលម្ចាស់ទីតាំងខាងលើឲ្យភ្ញៀវចូលទៅផឹកស៊ី ចតរថយន្តក៏ដូចជាម៉ូតូ គ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ ជាពិសេសចតនៅមុខអធិការដ្ឋាននគរបាលខណ្ឌតែម្តង ធ្វើឲ្យសមត្ថកិច្ចរកកន្លែងផ្លូវចេញចូលមិនចង់បាន និងមានសំឡេងខ្លាំងៗរំខានដល់សមត្ថកិច្ចរកធ្វើការមិនបាន។
ចំណែកប្រជាពលរដ្ឋបានរិះគន់ទៅលើហាងផឹកស៊ីនៅចំណុចទីតាំងខាងលើបានចតរថយន្តនិង ម៉ូតូគ្មានសណ្តាប់នៅតាមដងផ្លូវ បង្កឲ្យមានកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ និងបង្កឲ្យមានសំឡេងខ្លាំងៗរកតែដេកពូនមិនបាន។
បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់ម៉ូតូយកឯកសារមកផ្ទៀងផ្ទាត់និងបានអប់រំណែនាំរួចប្រគល់ម៉ូតូឲ្យម្ចាស់វិញ។ ចំណែកម្ចាស់ទីតាំងខាងលើសមត្ថកិច្ចបានហៅមកធ្វើកិច្ចសន្យាណែនាំនិងផ្តិតមេដៃកុំឲ្យធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរំខានដល់ប្រជាពលរដ្ឋទៀត៕
Source: Kampuchea Thmey Daily
0 Comments