Ad Code

ក្រសួង​អភិវឌ្ឍន៍ជនបទ ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី ៩



កំពង់ស្ពឺ ៖ ការងារ​ផ្គត់ផ្គង់​តឹក​ស្អាត និង​អនាម័យ​ជនបទ រាជរដ្ឋាភិបាល​បាន និង​កំពុង​សម្រួច​ទិសដៅ​របស់​ខ្លួន ដើម្បី​ឲ្យ​ប្រជាជន​នៅ​ជនបទ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ១០០% នៅ​ឆ្នាំ​២០២៥ ដូច​មានចែង​ក្នុង​ទស្សនវិស័យ​នៃ​គោលនយោបាយ ដែល​បាន​កំណត់​ថា នៅ​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​នៅ​ជនបទ​គ្រប់រូប​ត្រូវ​មាន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​មាន​អនាម័យ​គ្រប់គ្រាន់ និង​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកបដោយ​និរន្ដរភាព។

នេះ​ជា​ការ​លើកឡើង​របស់ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ឱកាស​ដែល លោក​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី ៩ កាល​ព្រឹក​ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​សាលាស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ។

បន្ទាប់ពី​ចំណាប់អារម្មណ៍​របស់លោក​ស្រី Natascha Paddison អនុប្រធាន​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា និង​លោក វ៉ី សំណាង អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ស្ពឺ រួចមក លោក ទ្រី មេ​ង រដ្ឋលេខាធិការ បាន​អាន​នូវ​សារលិខិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​អបអរសាទរ​វេទិកា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី ៩ ឆ្នាំ​២០០៨ ដែល​បាន​ផ្ដល់នូវ​អនុសាសន៍​ទាំង ៥ ចំណុច​សំខាន់ៗ​សំដៅ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជំរុញ​ល្បឿន​នៃ​ការអនុវត្ត​កម្មវិធី​លើកកម្ពស់​អនាម័យ​ស្របតាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​កៀរគរ​ធនធាន និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បាន​រំលឹក​អំពី​វឌ្ឍនភាព​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បញ្ជាក់ថា ក្នុង​រយៈពេល ១០ ឆ្នាំ ចុងក្រោយ​នេះ​កម្ពុជា​មាន​មោទនភាព ដែល​អត្រា​រីកចម្រើន​ផ្នែក​អនាម័យ​មានការ​កើនឡើង ពោល​គឺ​ពី ១៦% នៅ​ឆ្នាំ២០០៧ ដល់ ៥៧,៤% នៅ​ឆ្នាំ​២០១៦ គឺ​លើស​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ដែល​បានកំណត់​យក​ត្រឹមតែ ៣០% នៅ​ឆ្នាំ​២០១៥ និង​លើស​គោលដៅ​នៃ​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ដែល​បានកំណត់​យក​ត្រឹមតែ ៦០% នៅ​ឆ្នាំ​២០១៨ ។ លោក​រដ្ឋមន្ដ្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្ដរជាតិ ដៃគូរ​អភិវឌ្ឍន៍ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​វិស័យ​ឯកជន ដែល​បាននឹងកំពុង​ជួយ​គាំទ្រ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ក្រោម​កិច្ច​សហប្រតិបត្តិការ និង​សម្របសម្រួល​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ការជួយ​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​សារសំខាន់​នៃ​ការប្រតិបត្តិ​អនាម័យ ដូច​ជាការ​បន្ទោបង់​ពាសវាលពាសកាល​ឲ្យ​មក​ប្រើប្រាស់​បង្គន់​អនាម័យ​វិញ។

លោក​រដ្ឋមន្ដ្រី បាន​បញ្ជាក់​បន្ថែម​ថា ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ នឹង​អាច​ក្លាយជា​ស្រុក​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាសកាល​នៅ​ឆ្នាំ​២០១៩ ហើយ​ខេត្ត​គោលដៅ​នៃ​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​គឺមាន​ខេត្តកំពង់ស្ពឺ ស្វាយរៀង និង​ខេត្ត​កែប។

ជាមួយនេះ​ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​ជំរុញ​ស្ថានភាព​អនាម័យ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដោយ​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ត​បេសកកម្ម​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​នៅ​ជនបទ ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ ១០០% និង​រស់នៅក្នុង​បរិស្ថាន​ប្រកបដោយ​និរន្ដរភាព៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu