Ad Code

លោក អូស្មាន ហាស្មាន់ ដឹកនាំ​ប្រតិភូ ​សាសនា​ឥស្លាម​ទស្សនកិច្ច​សិក្សា ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ របស់​សម្ដេច​តេ​ជោ



ភ្នំពេញ ៖ លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​ដឹកនាំ​ប្រតិភូ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា រួម​ដំណើរ​ដោយ លោក សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា រួម​ជាមួយ​នឹង​សមាជិក សមាជិកា រដ្ឋសភា រាជរដ្ឋាភិបាល សិស្សានុសិស្ស សរុប​ជាង ៤០០​នាក់​ទៅ​ទស្សនកិច្ច​សិក្សា ស្វែងយល់​នៅ​វិមាន​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្ថិតនៅ​សង្កាត់​បាក់​ខែង ខណ្ឌ​ព្រែ​ជ្រោយចង្វារ ដែល​ត្រូវ​បាន​ទទួល​ស្វាគមន៍ ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អនុប្រធាន​គណៈកម្មការ​សាងសង់ និង​សហការី កាលពី​ថ្ងៃ​អង្គារ​៦​កើត ខែកត្តិក ​ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​និង​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៨។



លោក នាយ​ឧត្ដម​សេនីយ៍ ណឹ​ម សុវត្ថិ បាន​បញ្ជាក់​ថា ​វិមាន​ឈ្នះ ឈ្នះ គឺជា​សារមន្ទីរ​មគ្គុទ្ទេសក៍ នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សាងសង់​នៅ​លើ​ផ្ទៃដី ៨​ហិកតា ហើយ​មាន​ផ្ទៃ​បាត​ក្រោម​របស់​វិមាន​ផ្ទាល់​មាន ទំហំ ៧០០០​ម៉ែត្រក្រឡា ស្ថិត​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទល់មុខ​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ប្រើ​រយៈពេល​សាងសង់​ជាង​២​ឆ្នាំ ដែល​គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ដែល​សម្តេច​តេ​ជោ នឹង​រៀប​ចំ​ពិធីបុណ្យ​យ៉ាង​អធិកអធម ជូន​ជនរួមជាតិ​រយៈពេល​៣​ថ្ងៃ ៣​យប់ គឺ​ថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨​។



លោក​បន្ដ​ថា វិមាន​ឈ្នះ​ឈ្នះ គឺជា​ការ​ផ្តួចផ្តើម​គំនិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​មាន​ទស្សនវិជ្ជា​ធំធេង​បំផុត ក្នុង​នយោបាយ​ឈ្នះ​ឈ្នះ នេះ ហើយក៏​ផ្អែក​ទៅតាម​ឯកសារ​នយោបាយ​ឈ្នះ​ឈ្នះ​។

អ្វី​ដែល​មាន​លក្ខណៈ​កាន់តែ​ពិសេស ទៅទៀត​នោះ នៅ​ទី​នេះ សប្បាយរីករាយ​បំផុត ក្នុង​ទស្សនៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​បង្កប់​នូវ​ព្រលឹង​មួយ​ដ៏​ធំធេង​បំផុត គឺជា​ព្រលឹង​នៃ​ការ​ធានា​បាន​នូវ​ការ​ធ្វើ​ឲ្យ​មាន​សុខដុម​បនីយកម្ម​សាសនា និង​សង្គមជាតិ​ទាំងមូល។

ជាក់ស្តែង ក្លោងទ្វារ​របស់​វិមាន​ឈ្នះ​ឈ្នះ គឺជា​ក្លោងទ្វារ​ជ័យ​របស់​យើង​ទាំងអស់​គ្នា ដែល​មាន​ចម្លាក់​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ គឺជា​ចម្លាក់​រូប​សញ្ញា​នៃ​សុខដុម​ប​នីយកម្ម​សាសនា ដែល​មាន​ចម្លាក់​សញ្ញា​នៃ​សាសនា ព្រះពុទ្ធ​នៅ​កណ្តាល ជា​សាសនា​របស់​រដ្ឋ អម​សងខាង​ដោយ​សាសនា​ឥស្លាម និង​សាសនា​គ្រិស្ត ដែល​ត្រូវ​បាន​សិក្សា​យ៉ាង​ម៉ត់ចត់ ល្អិតល្អន់​បំផុត​ពី​បុព្វជិក​សាសនា នីមួយៗ រហូត​ទទួល​បាន​នូវ​ការ​ចម្លាក់​នូវ​សញ្ញា​សាសនា​ទាំង​បី​ក្រោម​ម្លប់​សុខដុម​នីយកម្ម តំណាង ឲ្យ​វិមាន​ឈ្នះ​ឈ្នះ​នេះ​។ នៅ​តាម​ជញ្ជាំង ជាន់​ផ្ទាល់​ដី ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ មាន​រូបចម្លាក់ ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ របស់​សម​មិត្ត ហ៊ុន សែន និង​សមមិត្ត​មួយ​ចំនួន​ទៀត ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​សង្គ្រោះ​ជាតិ​កម្ពុជា​។



លោក​ក៏បាន​បន្ត​ថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រុមការងារ​សាងសង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​កំពុង​ខិតខំ​ធ្វើ​យ៉ាង​ណា​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ​បន្ថែម​ទៀត ដើម្បី​យកមក​ដាក់​តាំង​បង្ហាញ នៅក្នុង​វិមាន​ក្នុង​គោលបំណង​ទុក​ឲ្យ​ក្មេងៗ ជំនាន់​ក្រោយ​សិក្សា​ស្រាវជ្រាវ អំពី​ប្រវត្តិសាស្ត្រ​ពិត​របស់​កម្ពុជា​។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​លើក​ឡើង​ថា ការ​ទស្សនកិច្ច​សិក្សា​មកកាន់​វិមាន​ឈ្នះ​ឈ្នះ​របស់​ប្រតិភូ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ ថ្នាក់ដឹកនាំ​ឥស្លាម និង​សិស្សានុសិស្ស គឺជា​ការ​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​នេះ​ជា​មោទនភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន ដែល​ប្រជាជាតិ​ទាំងមូល រួម​ទាំង​សហគមន៍​ខ្មែរឥស្លាម បាន​ទទួលផល​លើសលប់​ពី​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​គណបក្ស​ប្រជាជន ដែល​លោក​បាន​ពលី​លះបង់​ជីវិត​ឈាម​ស្រស់ ដើម្បី​នាំ​នូវ​ភាព​ជ័យជំនះ គឺជា​ការ​ឈ្នះ​របស់​យើង​ទាំងអស់​គ្នា ជា​ប្រជា​ជាតិខ្មែរ និង​តកូនតចៅ​ទៅ ជំនាន់​ក្រោយ​ទៀត គ្មាន​នរណា​ដែល​មិន​ឈ្នះ​នោះ​ទេ​។

ក្នុងនាម​សហគមន៍​ខ្មែរឥស្លាម លោក អូស្មាន ហាស្សាន់ ក៏បាន​ផ្តាំផ្ញើ ដល់​សហគមន៍ របស់​លោក​ថា ផ្អែកលើ​គោលការណ៍​នៃ​សាសនា​ឥស្លាម សូម​បងប្អូន បន្ត​ចូលរួម​សហការ​គ្នា ថែរក្សា​ឲ្យ​បាន​គង់វង្ស នូវ​កេរ្តិ៍ដំណែល​សុខដុម​នីយកម្ម​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ត្រ​នេះ ឲ្យ​បន្ត​នៅ​ជាប់​ជានិច្ច​និរន្ត​ន៍ ដែល​ជា​ការចូលរួម​គោរព​ដឹងគុណ​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​វីរជន​ស្នេហា​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដរាប៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu