ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យបានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះទៅឲ្យក្រុមហ៊ុននឹម ម៉េង បញ្ឈប់ចាក់ដីលុបប្រឡាយរំដោះទឹកជាបន្ទាន់ ស្របពេលដែលសាលារាជធានីភ្នំពេញ កំពុងតែស្តាប្រព័ន្ធប្រឡាយមួយចំនួននៅក្នុងក្រុងដើម្បីរំដោះទឹកភ្លៀងនារដូវវស្សាបែរជាលោកផ្កាយ៣នឹម ម៉េង បានសម្រុកចាក់លុបប្រឡាយរំដោះទឹកនៅចំនុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរយៈពេល២ថ្ងៃ ទើបប្រជាពលរដ្ឋមានការភិតភ័យខ្លាចលិចលង់ផ្ទះសម្បែងរបស់ពួកគាត់នៅរដូវវស្សាខាងមុខទើបរាយការណ៍ជូនលោកចៅសង្កាត់ស្ទឹងមានជ័យ៣ ហើយលោកចៅសង្កាត់ក៏បានរាយការណ៍ ព័ត៌មាននេះជូនលោកពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ។
នៅពេលដែលលោកអភិបាលខណ្ឌមានជ័យទទួលបានព័ត៌មានថា មានការចាក់ដីលុបប្រឡាយរំដោះទឹក ហើយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានដឹកនាំកម្លាំងចុះបញ្ឈប់និងឃាត់រថយន្តដឹកដីយីឌុបចំនួន៦គ្រឿងទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានបញ្ជាក់ថា ការចាក់ដីលុបប្រឡាយរំដោះទឹកខាងលើនេះ គឺបង្កឲ្យប៉ះពាល់ដល់ការស្តាប្រឡាយ ដែលបច្ចុប្បន្ននេះលោកអភិបាលរាជធានីភ្នំពេញកំពុងមមាញឹកក្នុងការដាក់គ្រឿងចក្រចុះស្តាប្រឡាយឲ្យបានជ្រៅដើម្បីកុំឲ្យលិចលង់លំនៅឋានប្រជាពលរដ្ឋតែបែរជាក្រុមហ៊ុនខាងលើយកដីមកចាក់លុបប្រឡាយទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments