ព្រះសីហនុ ៖ មួកសុវត្ថិភាពចំនួនជាង១០០០មួក បានចែកទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុតាមរយៈការគាំទ្ររបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife)ទៅដល់ កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសាររបស់អង្គការមូលនិធិបង្ការរបួសអាស៊ី។
កម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានផ្តោតលើការចូលរួមចំណែករបស់មាតាបិតា អាណាព្យាបាលសិស្ស ជាពិសេសអ្នកម្តាយដែលជាបុគ្គលគំរូដល់កូនៗជាកុមារក្នុងការពាក់មួកសុវត្ថិភាព។
ឆ្នាំ២០១៧នៅកម្ពុជា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ ចរាចរណ៍ប្រមាណ ៧៥ភាគរយជាអ្នកជិះម៉ូតូទោចក្រយានយន្ត តែមានអ្នកបើកបរជាមនុស្សពេញវ័យតែ ២៧ភាគរយ និងអ្នករួមដំណើរ រួមទាំងកុមារផងតែ ៨ភាគរយប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព។ ការរងរបួស និងការស្លាប់ទាំងនេះអាចបង្ការបានតាមរយៈការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរ ៦៩ភាគរយ និងហានិភ័យនៃ ការស្លាប់ បាន៤២ភាគរយ។ កម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ នឹងរួមចំណែកដោះស្រាយបញ្ហា នៃការមិនពាក់ មួកសុវត្ថិភាពដោយធ្វើការជាមួយនឹងមាតាបិតាអាណាព្យាបាលសិស្ស ដែលជាអ្នកធ្វើការសម្រេចចិត្ត និងជាគំរូនៅក្នុងជីវិតរបស់កុមារ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា “មានការផ្សារភ្ជាប់គ្នាជាវិជ្ជមានរវាងចំណេះដឹងរបស់មាតាបិតាអំពី ការពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងចំណេះដឹងរបស់កុមារអំពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ"។
លោកស្រីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលពិតជាមានការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សសំដៅកាត់បន្ថយ និងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “ខេត្តរបស់យើងមានការកើន ឡើងនូវចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ ហើយជាលទ្ធផលមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់។ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមួយចំនួនជាកុមារ។ យើងបានប្តេជ្ញាចិត្តកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយគាំទ្រដល់កិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធដូចជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដែលផ្តោតលើការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ។”
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា «យើងប្តេជ្ញាធ្វើការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជាដើម្បី ផ្តល់នូវអនាគតល្អប្រសើរសម្រាប់ក្រុម គ្រួសារនៅក្នុងសហគមន៍ដែលយើងប្រតិបត្តិការអាជីវកម្ម។ ចាប់តាំងពី ឆ្នាំ២០១២មក កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ បានផ្តល់នូវការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សចំនួនជាង ៤០០០នាក់ និងមាតាបិតាសិស្សចំនួនជាង៨០០០នាក់។ តាមរយៈការអប់រំ នេះ យើងបានជួយដល់ក្រុមគ្រួសាររាប់ពាន់គ្រួសារឲ្យមានជម្រើសសុវត្ថិភាពល្អៗ និងបានចូលរួមកសាងសហគមន៍ឲ្យកាន់តែមានសុវត្ថិភាពជាងមុន។»
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា “សាលាបឋមសិក្សាហ៊ុនសែនក្រុង ត្រូវបានជ្រើសរើសមកអនុវត្តកម្មវិធី ដោយសារតែទីតាំងជាតំបន់ដែលមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ហើយសិស្សានុសិស្សត្រូវធ្វើដំណើរទៅមកសាលារៀនតាមផ្លូវដែលមានចរាចរណ៍មមាញឹកនៅក្នុងខេត្ដ។ សិស្សានុសិស្សរបស់សាលារៀននេះប្រមាណ ៩០ភាគរយធ្វើដំណើរទៅមកដោយជិះកង់ ឬតាមម៉ូតូជាមួយអាណាព្យាបាល។»
លោកបានបញ្ជាក់ទៀតថា “កាលពីឆ្នាំកន្លងមកនេះ មានសិស្សម្នាក់បានស្លាប់បាត់បង់ជីវិត ហើយយ៉ាងហោចណាស់មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួនប្រាំពីរនាក់ទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងផ្តល់នូវមួកសុវត្ថិភាពដែលមានគុណភាព និងការបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្ស ដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ "
គួរបញ្ជាក់បន្ថែមថា កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងត្រូវបានអនុវត្តនៅខេត្តព្រះសីហនុពេញមួយឆ្នាំសិក្សា២០១៨ ដល់ ២០១៩។ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងប្រមាណជិត ១០% នៅក្នុងខេត្តកាលពីឆ្នាំ២០១៧ ហើយបានធ្វើឲ្យខេត្តព្រះសីហនុក្លាយជាខេត្តដែលមានកម្រិតគ្រោះថ្នាក់ចរាចរណ៍ទី ១១ខ្ពស់ជាងគេ។ គោលដៅរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី គឺបន្តបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពសម្រាប់ប្រជាជនទាំងអស់នៅក្នុងខេត្តព្រះសីហនុ៕
Source: Kampuchea Thmey Daily
0 Comments