ប្រទេសប៉ាពួញូហ្គីណេបានដាក់ពង្រាយកងនាវាចម្បាំងពហុជាតិសាសន៍ យន្តហោះចម្បាំងនិងកងទ័ពប្រឆាំងភេរវកម្មដើម្បីការពារមេដឹកនាំពិភពលោកដែលនឹងចូលរួមកិច្ចប្រជុំកំពូលមួយនៅក្នុងរដ្ឋធានីដែលញាំញីដោយឧក្រិដ្ឋកម្មរបស់ខ្លួនក្នុងសប្តាហ៍នេះ។
យោធាប្រហែល៤,០០០នាក់ដែលក្នុងនោះមានពាក់កណ្តាលជាជនបរទេសគឺនឹងធ្វើការជាមួយប៉ូលិសរាប់រយនាក់ដើម្បីល្បាតរដ្ឋធានី Port Moresby សម្រាប់វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃសៅរ៍ទៅដែលនឹងទាក់ទាញតំណាងមកពីប្រទេសចំនួន២១។
អ្នកចូលរួមត្រូវបានកំណត់ថានឹងរួមមានទាំងប្រធានាធិបតីចិនលោក Xi Jinping, នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe និងអនុប្រធានសហរដ្ឋអាមេរិកលោក Mike Pence ផងដែរ។
គណៈប្រតិភូរហូតដល់១៥,០០០នាក់ត្រូវបានគេរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលនេះ។ ដោយសារតែកង្វះខាតសណ្ឋាគារ ពួកគេមួយចំនួននឹងឡើងជិះនាវាកម្សាន្តចំនួនបីគ្រឿងនៅកំពង់ផែនេះដែលនេះបានបង្ហាញពីផលវិបាកផ្នែកសុវត្ថិភាពបន្ថែម។
បើទោះបីជាការគំរាមកំហែងដែលបង្កឡើងដោយអំពើភេរវកម្មនៅក្នុងប្រទេសប៉ាពួញូហ្គីណេត្រូវបានគេចាត់ទុកថាមានតិចតួចក្តីក៏ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ប្រទេសក្នុងតំបន់ Melanesian មួយនេះសម្រាប់ការរំលោភបំពាននិងបទឧក្រិដ្ឋអំពើហិង្សានៅតែមិនល្អ។
ក្រុមឧក្រិដ្ឋជនតាមដងផ្លូវដែលត្រូវបានគេស្គាល់ថា “Raskols” បានធ្វើការលួចប្លន់រថយន្តជាទូទៅហើយប្រទេសនេះស្ថិតក្នុងចំណោមប្រទេសមានអត្រាចាប់រំលោភនិងអំពើហិង្សាក្នុងគ្រួសារខ្ពស់បំផុតនៅលើពិភពលោក។
ដើម្បីធានាថាគណៈប្រតិភូមានសុវតិ្ថភាព រដ្ឋាភិបាលបានទទួលជំនួយផ្នែកយោធាពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិកនិងនូវែលហ្សេឡង់។
ទីក្រុងកង់បេរ៉ាកំពុងគ្រប់គ្រងប្រតិបត្តិការសន្តិសុខជាច្រើន។
អូស្ត្រាលីបានបញ្ជូនកងកម្លាំងការពារជាតិចំនួន១,៥០០នាក់រួមជាមួយយន្តហោះចម្បាំង RAAF F / A-18 Super Hornet យន្តហោះស៊ើបការណ៍និងនាវាផ្ទុកឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានី Port Moresby ។
នាវាមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់និងសហរដ្ឋអាមេរិកនឹងការពារដីគោករបស់រដ្ឋធានីហើយប្រទេសទាំងបីបានផ្តល់កងកម្លាំងពិសេស៕ AFP
Source: Kampuchea Thmey Daily
0 Comments