កូរ៉េទាំងពីរ បានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍យាមចំនួន២០នៅតាមបណ្តោយព្រំដែនដែលមានកំពែងយ៉ាងរឹងមាំរបស់ពួកគេកាលពីថ្ងៃអាទិត្យក្រោមផែនការមួយដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។
នៅក្រោមកិច្ចព្រមព្រៀងមួយដែលធ្វើឡើងរវាងឧត្តមសេនីយ៍របស់ពួកគេកាលពីចុងខែតុលា, ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាដកប៉ុស្តិ៍ចំនួន១០ហើយរក្សាទុកមួយនៅសងខាងព្រំដែន។
ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូងថា កាលពីថ្ងៃអាទិត្យយោធាបានចាប់ផ្តើមបំផ្លាញប៉ុស្តិ៍យាមព្រំដែនចំនួន២០នៅតំបន់គ្មានយោធាដែលបែងចែកកូរ៉េទាំងពីរបន្ទាប់ពីការដកកងទ័ពនិងសម្ភារៈចេញពីទីនោះ។
ភូមិព្រំដែន Panmunjom ឬតំបន់សន្តិសុខរួម (JSA) គឺជាកន្លែងតែមួយគត់តាមបណ្តោយព្រំដែនប្រវែង២៥០គីឡូម៉ែត្រដែលទាហានមកពីកូរ៉េទាំងពីរនិងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិកបានឈរទល់មុខគ្នា។
ប៉ុន្តែជាផ្នែកមួយនៃកាយវិការបង្រួបបង្រួមចុងក្រោយបំផុត កូរ៉េទាំងពីរកាលពីខែមុនបានដកចេញនូវកាំភ្លើងនិងឆ្មាំយាមទាំងអស់ចេញពីតំបន់នោះដោយបន្សល់ទុកបុគ្គលិកគ្មានអាវុធចំនួន៣៥នាក់នៅភាគីម្ខាងៗ។
នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន, ទីក្រុងសេអ៊ូលបានបន្តគោលនយោបាយនៃការចូលរួមជាមួយប្រទេសនុយក្លេអ៊ែរជិតខាងមួយនេះផ្ទុយពីសហរដ្ឋអាមេរិកដែលនៅតែទទូចថា ការគាបសង្កត់គួរតែបន្តដាក់លើទីក្រុងព្យុងយ៉ាងរហូតទាល់តែមានការរំសាយអាវុធនុយក្លេអ៊ែរ។
លោកមូននិងមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានយល់ស្របលើផែនការដ៏ទូលំទូលាយមួយដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកទីបីរបស់ពួកគេនៅក្នុងទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញា។
គួរបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរនៅតែមានសង្គ្រាមបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ដែលបានបែងចែកឧបទ្វីបនេះនិងបញ្ចប់ទៅដោយបទឈប់បាញ់មួយជំនួសឲ្យសន្ធិសញ្ញាសន្តិភាព៕ AFP
Source: Kampuchea Thmey Daily
0 Comments