ភ្នំពេញ ៖ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ចំណេះដឹង នៃការបណ្ដុះបណ្ដាលផ្នែកបើកបរ សម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការបើកបរឲ្យមានសុវត្ថិភាព។
ស្របពេលដែលការប្រើប្រាស់ដងផ្លូវចេះតែកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះក្រុមហ៊ុន អេសស៊ីជី មានក្ដីបារម្ភចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនកម្ពុជា ជាពិសេសទាក់ទិននឹងការបើកបរ និងការប្រើប្រាស់ដងផ្លូវ។
ដូច្នេះ អេសស៊ីជី និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ជំនាញបើកបរយានយន្ត ជាពិសេសសម្រាប់ប្រភេទយានយន្តធុនធ្ងន់។
ការបណ្ដុះបណ្ដាល នឹងប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់ អេសស៊ីជី តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរយានយន្តធុនធ្ងន់របស់ខ្លួន ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ។
កម្មវិធីបណ្ដុះបណ្ដាលនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកបើកបរ ទាំងការចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការប្រតិបត្តិបានត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្តរបស់ខ្លួន។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “នៅឯក្រុមហ៊ុនអេសស៊ីជី យើងមានបទពិសោធន៍ និងចំណេះដឹង ទាក់ទិននឹងការបើកបរដោយសុវត្ថិភាព ពីព្រោះយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរដែលទំនើប ដែលមានដំណើរការជាច្រើនឆ្នាំមកហើយ។
យើងជឿថា ចំណេះដឹងទាំងអស់នេះអាចយកទៅកែសម្រួល និងប្រើប្រាស់សម្រាប់ការអប់រំដល់ប្រជាជនកម្ពុជា។
ជាមួយនឹងជំនាញល្អក្នុងការបើកបរ ដូច្នេះដងផ្លូវនៅកម្ពុជាអាចមានសុវត្ថិភាពជាងមុន។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំបានចូលរួមជាផ្នែកមួយ នៃវគ្គបណ្ដុះបណ្ដាល តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នាថ្ងៃនេះ។
កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យយើងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់បទដ្ឋាន នៃការបើកបរនៅក្នុងប្រទេសកម្ពុជា”។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាល នឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះ នឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរជុំវិញច្បាប់ចរាចរណ៍ ដូច្នេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានបន្តថា “ខ្ញុំសូមអរគុណជាទៅក្រុមហ៊ុនអេសស៊ីជី ដែលបានបណ្ដុះបណ្ដាលគ្រូបង្គោលរបស់យើងនៅប្រទេសថៃ ហើយគ្រូបង្គោលនឹងមកបង្រៀនថែមទៀតទៅមន្ត្រី របស់យើង ដើម្បីចូលរួមបង្រៀនអ្នកបើកបររថយន្តធុនធ្ងន់”។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ នៅកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់បានឆក់យកជីវិតមនុស្សជិត២០០នាក់។
បច្ចុប្បន្នរថយន្តធុនធ្ងន់ចំនួន២៣ម៉ឺនគ្រឿង ត្រូវបានចុះបញ្ជី ប៉ុន្តែការបណ្ដុះបណ្ដាល និងកម្រិត នៃអ្នកមានប័ណ្ណបើកបរនៅមានចំនួនទាបនៅឡើយ ដែលក្នុងនោះ អ្នកបើកបរយានយន្តធុនធ្ងន់ មានតែ៦០ភាគរយប៉ុណ្ណោះដែលមានប័ណ្ណបើកបរត្រឹមត្រូវ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា សម្លាប់មនុស្សប្រមាណ០៥នាក់ និងបង្ករបួសស្នាមដល់មនុស្សចន្លោះពី១៥ ទៅ២០ នាក់ជារៀងរាល់ថ្ងៃ ដោយធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ លើការខូចបង់ទ្រព្យសម្បត្តិ ការព្យាបាល និងការខាតបង់ផលិតភាពការងារ។
ដូច្នេះកម្មវិធីបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយ នៃដំណោះស្រាយ ដែលនឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments