ប៉ៃលិន ៖ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាតំបន់មួយនៅឆ្ងាយពីប្រភពទឹកស្អាត ដែលធ្វើឲ្យពលរដ្ឋរស់នៅតំបន់នេះ មានការខ្វះខាតទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំង ពិសេសនៅរដូវប្រាំងរាំងស្ងួតតែម្ដង ហើយតំបន់នេះ មិនត្រឹមតែមនុស្សនោះទេ សូម្បីតែសត្វគ្រប់ប្រភេទ ក៏ពិបាកក្នុងការស្វែងរកទឹកផឹកផងដែរ។
ដោយមើលឃើញតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ តាមរយៈលោកចៅសង្កាត់នៅទីនេះ លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្ដូងទឹកស្អាត បានចាត់ឲ្យក្រុមការងារ ធ្វើអណ្ដូងចំនួន១០ ជូនប្រជាពលរដ្ឋនៅទីនេះប្រមាណជិត៦០០គ្រួសារបានអាស្រ័យផល។
ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកជំទាវប្រធានមូលនិធិ បានដឹកនាំក្រុមការងារ ចុះមកពិនិត្យ និងប្រគល់អណ្ដូងទាំងនេះ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ ក្នុងជីវភាពប្រចាំថ្ងៃ ហើយទោះជាផ្លូវធ្វើដំណើរទៅប្រគល់អណ្ដូងទាំងនោះ មានការពិបាក ដើរកាត់វាលចូលព្រៃ ជាប់ភក់យ៉ាងណា ក៏ក្រុមការងារនៅតែបន្តទៅមុខ ប្រគល់ជូនពលរដ្ឋដោយគ្មានការនឿយហត់ឡើយ។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ យ៉ាងស្និទ្ធស្នាល ជាមួយនឹងប្រជាពលរដ្ឋ លោកស្រី ពេជ ចន្ទមុន្នី បានលើកឡើងថា ដោយមើលឃើញពីការកង្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឲ្យក្រុមការងារធ្វើអណ្ដូងចំនួន១០ ជូនលោកយាយ លោកតានៅទីនេះ ប្រើប្រាស់តាមតម្រូវការ ដោយក្នុងនោះមានអណ្ដូងអំណោយ លោកតា ហ៊ុន នាង ចំនួន០៥ និងអណ្ដូងអំណោយ លោកយាយ ប៊ុន ស៊ាងលី ចំនួន០៥។
ប្រជាពលរដ្ឋដែលបានទទួលអាស្រ័យផល នៃអណ្ដូងទឹកទាំងអស់ ម្នាក់ៗមានទឹកមុខពោរពេញដោយភាពសប្បាយរីករាយ និងបានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អណ្ដូង ពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ ដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
ចំណែកអ្នកស្រី សឿន ធានី ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់នេះជាយូរមកហើយ បាននិយាយដែរថា អ្នកស្រីមានការពិបាកខ្លាំងណាស់ក្នុងការស្វែងរកប្រភពទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ជួនកាល ត្រូវចំណាយពេលវេលាយូរ ក្នុងការទៅដងទឹកនៅកន្លែងឆ្ងាយៗ ឬក៏ត្រូវចំណាយថវិកាទិញគេជាប្រចាំទៀតផង។
តាមរយៈលោកស្រីប្រធានមូលនិធិ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ លោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះ និងសារអប់រំមួយចំនួនថា សូមឲ្យបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវប្រធាន ក៏បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ មកពិនិត្យពិគ្រោះសុខភាពជូនប្រជាពលរដ្ឋ និងផ្ដល់ថ្នាំព្យាបាល ជំងឺស្រាលៗជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃផងដែរ៕
Source: Kampuchea Thmey Daily
0 Comments