អ្នកប្រដាល់ សៀវ ង៉ុយ ក្លិបកងពលធំអន្តរាគមន៍លេខ០២ និង ពុទ្ធ ធារិន អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ពួកគេពីរនាក់នេះ ត្រូវបានឡើងទៅប្រកួតនៅក្នុងជុំទី០២ ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៥៧គ.ក្របន្តទៀត ក្រោយពីពួកគេទាំងពីរបានវាយឈ្នះលើដៃគូ ក្នុងការប្រកួតជម្រុះលើកទី៣ ជុំទី០១ កាលពីយប់ថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើសង្វៀន TV5 ព្រែកកំពឹស។
សៀវ ង៉ុយ គេវាយឈ្នះ នួន រ៉ាថេន អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ ដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា០៣ទឹកនោះ។ នួន រ៉ាថេន គេចាញ់ សៀវ ង៉ុយ មិនជាឯកច្ឆន្ទទេ ដោយក្នុងចៅក្រមទាំង០៥រូប មានចៅក្រម៤រូបបានផ្តល់ពិន្ទុឲ្យ សៀវ ង៉ុយ ឈ្នះ ហើយចៅក្រម០១រូប បានផ្ដល់ពិន្ទុឲ្យ នួន រ៉ាថេន ឈ្នះ ពោលគឺ០៤ទល់ និង០១។
ដូច្នេះ នួន រ៉ាថេន គេត្រូវជ្រុះធ្លាក់ចេញពីការប្រកួតដណ្ដើមកំពូលជើងឯកTV5 Knock Out Series by K.cement ទម្ងន់៥៧គ.ក្រ ត្រឹមជុំទី០១នេះ។ ឯ សៀវ ង៉ុយ គេត្រូវនៅបន្តការប្រកួតក្នុងដំណាក់កាលទី០២ទៀត។
ចំណែក ពុទ្ធ ធារិន ក្លិបពុទ្ធសេរីវង្សកីឡាវិញ គេបានផ្ដួលយកឈ្នះ ថាំង ឌីណា អ្នកប្រដាល់ក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបក្នុងទឹកទី០១ប៉ុណ្ណោះ ក្នុងការប្រកួតជម្រុះជុំទី០១នេះដែរ។
ថាំង ឌីណា ដែលគេជាអ្នកប្រដាល់គ្រាន់បើដែរនោះ បែរជាជួបសំណាងអាក្រក់ដោយត្រូវ ពុទ្ធ ធារិន ដែលជាអ្នកប្រដាល់ជើងថ្មីវាយឲ្យសន្លប់ក្នុងទឹកទី០១ ដោយត្រូវមួយដៃចំចុងចង្កា បណ្តាលឲ្យ ថាំង ឌីណា ដួលដាច់ផ្ងារសន្លប់លែងក្រោកតែម្ដង។
ដូច្នេះ ពុទ្ធ ធារិន គេនៅបន្តការប្រកួតនៅក្នុងជុំទី០២បន្តទៀត ឯ ថាំង ឌីណា ត្រូវជ្រុះធ្លាក់ត្រឹមនេះ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះចម្រាញ់រកកីឡាករដែលខ្លាំងនោះ នឹងធ្វើជា៣ដំណាក់កាល ដោយក្នុងចំណោម៣២នាក់ ក្នុងដំណាក់ទី០១ ចម្រាញ់ទុក១៦នាក់ ដំណាក់កាលទី០២ ទុក០៨នាក់ ដែលជាអ្នកឈ្នះសម្រាប់បន្តការប្រកួតក្នុងដំណាក់កាលទី០៣ ដែលជាការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement ទម្ងន់៥៧គ.ក្រ។
ចំពោះ ការប្រកួតជាលក្ខណៈអន្តរជាតិជាតិ ដែលជាការជួបគ្នារវាង លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូត៍មានរិទ្ធខេត្តបន្ទាយមានជ័យ និងជាម្ចាស់ពានរង្វាន់ជើងឯកTV5 Knock Out Series by K.cement រដូវកាលចាស់ទម្ងន់៦០គ.ក្រ ជាមួយអ្នកប្រដាល់មកពីប្រទេសថៃឈ្មោះ Phich Ngam ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាមនោះ គឺជ័យជំនះបានទៅលើ លាភ រដ្ឋា។
Phich Ngam វាយចាញ់ លាភ រដ្ឋា ដាច់តែម្ដងគឺ០៥ ទល់នឹង០។ Phich Ngam ចាញ់កណ្ដាប់ដៃរបស់លាភ រដ្ឋា ដាច់ ដោយនៅក្នុងទឹកទី០៥ អ្នកប្រដាល់ថៃរូបនេះ ត្រូវ រដ្ឋា ដាល់ត្រូវមុខជាច្រើនដៃ ឡើងចង់គាំងទៅហើយ ប៉ុន្តែក្រោយអាជ្ញាកណ្ដាលរាប់ដល់០៨ Phich Ngam បានបន្តការប្រកួតទៀតរហូតដល់ចប់ទឹកទី០៥ និងចាញ់ លាភ រដ្ឋា ត្រឹមពិន្ទុប៉ុណ្ណោះ។ យ៉ាង ណា Phich Ngam ចាញ់ លាភ រដ្ឋា ដាច់០៥ ទល់០។
ចំណែក ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង បានវាយឈ្នះ រ៉ែម រាជ អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាបដោយពិន្ទុ។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments