តាកែវ ៖ អ្នករត់រថយន្តតាក់ស៊ីម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះបង្ក្រាបបានជាមួយនឹងថ្នាំញៀនជិតមួយគីឡូក្រាម បន្ទាប់ពីបើកការស្រាវជ្រាវអស់ជាច្រើនថ្ងៃ។
ករណីចុះបង្ក្រាបការជួញដូរថ្នាំញៀននេះ បានធ្វើឡើងនៅចំណុចផ្ទះជួល១កន្លែង ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ឯកបានឲ្យដឹងថា ក្រោយបើកការស៊ើបអង្កេតនិងស្រាវជ្រាវកម្លាំងលោកបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រស់ សុភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់រថយន្តតាក់ស៊ី មានទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ដោយឡែកវត្ថុតាងដែលដកហូតបានរួមមាន ទូរស័ព្ទដៃ២គ្រៀងនិងម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកដែលមានទម្ងន់៨១៧,៣៣ក្រាម។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments