Ad Code

ឃាត់​ខ្លួន​ក្រុម​និស្សិត​៣​នាក់​ ឃុបឃិត​គ្នា​លួច​ម៉ូតូ​គេ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា



ភ្នំពេញ ​​៖ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន​ក្រុមនិស្សិត​ចំនួន​៣នាក់​ពី​បទ​លួច​យក​ម៉ូតូ​កាលពី​វេលា​ម៉ោង​១២​យប់​​ ​​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ក្នុង​បន្ទប់​ជួល​ ស្ថិត​ក្នុងភូមិ​បុរី​១០០​ខ្នង​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​។​

​ក្រុម​ជនសង្ស័យ​ជា​ចោរ​ទាំង​៣​នាក់​ខាងលើ ១.​ឈ្មោះ តាំង ប៉េង​តុង អាយុ​២១​ឆ្នាំ​ មុខរបរ​និស្សិត ស្នាក់នៅ​បន្ទប់​ជួល​ចំណុចកើតហេតុ​។ ២.​ឈ្មោះ សាយ ខុន អាយុ​២៤​ឆ្នាំ មុខរបរ​​​និស្សិត ស្នាក់នៅ​បន្ទប់​ជួល​ចំណុច​កើតហេតុ​។ ៣.​ឈ្មោះ​លី សុ​ផា អាយុ​២៣​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​បន្ទប់​ជួល​នៅ​ចំណុចកើតហេតុ​។​

ប៉ូលិស​មូលដ្ឋាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ផេង ស្រីមុំ អាយុ​២១​ឆ្នាំ ​បាន​ចត​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​ជួល​ស្នាក់នៅ​របស់​នាង​ ដោយ​មិនបាន​ចាក់សោ​ រួច​ក៏​មក​ហូបបាយ​។ មួយស្របក់​ធំ​ក្រោយមក​នៅវេលា​ម៉ោង​១២​យប់ ក៏បាន​ទៅ​មើល​ម៉ូតូ​របស់​នាង​មិនឃើញ​ក៏​នាំគ្នា​ផ្អើល​ឆោឡោ​ឡើង​ ដោយ​នាងរង​គ្រោះ​មិន​សុខចិត្ត​ក៏បាន​ទៅប្ដឹង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ឲ្យ​មកជួយ​អន្តរាគមន៍​។​

នៅ​គ្រានោះ ប៉ូលិស​បាន​ទំនាក់ទំនង​ឆែកឆេរ​ប្រ​ព័ន្ឋ​កាមេរ៉ា​សុវត្ថិភាព​របស់គេ​នៅ​ក្បែរ​នោះ​ក៏​បានឃើញ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​កំពុង​នាំគ្នា​ចាត់ចែង​អូស​ម៉ូតូ​របស់​ជនរងគ្រោះ​ពី​បន្ទប់​លេខ​១៧​មក​ដាក់​ក្នុង​បន្ទប់​លេខ​១២​របស់​ពួកគេ​ជួល​ស្នាក់នៅ​។​

​ភ្លាមៗ​នោះដែរ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​នៅ​កន្លែង​កើតហេតុ​ ឈ្មោះ តាំង ប៉េង​តុង និង​ឈ្មោះ សាយ ខុន ព្រមទាំង​ដកហូត​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ បានមក​វិញ ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ខេត្ត​កំពង់ចាម .1L 0371 ព្រមទាំង​ដកហូត​ម៉ូតូ​របស់​ក្រុម​ជនសង្ស័យ​ចំនួន​០៣​គ្រឿង​ផ្សេង​ទៀតផង​។​

លុះ​មកដល់​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១១​ស្រាប់តែ​លេចមុខ​បក្ខពួក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​លី សុ​ផា មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​មក​មើល​ម៉ូតូ​របស់​ខ្លួន​ដែល​ប៉ូលិស​រឹបអូស​មក​ដែរនោះ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ទីនោះ​តែម្តង ព្រោះ​នៅក្នុង​រូបភាព​ក្នុង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ពួកគេ​ទាំង​៣​នាក់​បាន​ឃុបឃិត​គ្នា​នៅ​ក្នុងពេល​ធ្វើ​សកម្មភាព​លួច​នេះ​ទាំងអស់គ្នា​។​

​បញ្ហា​ចោរលួច​ម៉ូតូ​នៅក្នុង​បន្ទប់​ផ្ទះជួល​នៅ​សង្កាត់​ទឹកថ្លា​បានកើត​ឡើង​ញឹកញយ​ណាស់ ជួន​ពេលខ្លះ​លួច​យក​ម៉ូតូ​របស់​និស្សិត​អស់​ចំនួន​៤​គ្រឿងក្នុង​១​យប់ ឯ​ម្ចាស់​ផ្ទះជួល​ធ្វើ​មិនដឹង ឯ​ប៉ូលិស​ក៏​មិន​រវល់ ដែល​កាល​នោះគេ​សង្ស័យថា ម្ចាស់​ផ្ទះជួល​ជា​អ្នករៀបចំ​គម្រោង​លួច​នេះ ហើយ​ស្ងាត់ឈឹង​រហូតមកដល់​ពេលនេះ​រយៈពេល​ច្រើន​ឆ្នាំ​ហើយ តែ​វា​កើតឡើង​ដូចគ្នា​ញឹកញយ​ណាស់ ទើបតែ​ពេលនេះ​ចាប់បាន​ទាំង​សម្បុក​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu