កណ្តាល ៖ លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចូលរួមពិធីសម្ពោធសមិទ្ធផលនានា និងបញ្ចុះ បឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សាក្នុងវត្តកោះចូរ៉ាម ស្ថិតក្នុងឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិការ ឆ្នាំ២០១៨។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួម លោក ហ៊ុន ម៉ាណែត លើកឡើងថា យើងជួបជុំនៅថ្ងៃនេះ គឺយើងសប្បាយរីករាយ ដើម្បីសម្ពោធសមិទ្ធផល ដោយមិនភ័យព្រួយពីការបែកបាក់ដូចកាលពីជាង៤០ឆ្នាំមុន ហើយយើងបន្តកសាងតទៅទៀត ដើម្បីកុំឲ្យមនុស្សជំនាន់ក្រោយលំបាកដូចមនុស្សជំនាន់មុន។ ប្រជាពលរដ្ឋធ្លាប់តែបែកបាក់គ្នា ប៉ុន្តែថ្ងៃនេះយើងរួមគ្នា យើងជួបជុំគ្នាអបអរសាទរសម្ពោធសមិទ្ធផល ហើយលោកជឿថា ព្រលឹងបុព្វបុរសខ្មែរយើងក៏សប្បាយចិត្តដែរ ដែលឃើញកូនចៅអត់បែកបាក់គ្នា អត់ស្លាប់ដោយសារសង្គ្រាម និងរួមគ្នាកសាងសមិទ្ធផលបន្ថែម។
លោកបន្តថា ការសម្ពោធសមិទ្ធផលនៅក្នុងវិស័យសាសនា គឺសំខាន់ណាស់ បើសង្គមមួយគ្មានសាសនា គឺពិបាករស់នៅ គ្មានសុខដុមនីយកម្មនោះទេ គឺបំផ្លិចបំផ្លាញរលំរលាយដូចសម័យ ប៉ុល ពត ជាដើម ប៉ុន្តែក្រោយឆ្នាំ១៩៧៩ យើងបានសម្បូរសប្បាយ ហើយវិស័យសាសនាបានចូលរួមកសាងប្រទេសជាតិច្រើនណាស់។ បើយើងគ្មានសុខសន្តិភាពផ្លូវចិត្ត គ្មានធម៌អារ យើងប្រកាប់ចាក់គ្នាឥតឈប់ទេ ហើយបើយើងគ្មានគំនិតចែករំលែក និងគ្មានការចូលរួមនោះទេ យើងមិនអាចកសាងសមិទ្ធផលនេះបានឡើយ។
តាមលោក ហ៊ុន ម៉ាណែត យើងរួមគ្នា យើងសម្បូរសប្បាយ ប្រទេសមានសុខសន្តិភាព យើងមានសិទ្ធិសេរីភាពនៅក្នុងការដើរហើរ មានការគោរពសាសនគ្រប់បែបយ៉ាង ហ្នឹងហើយគឺជាអ្វីដែលប្រជាពលរដ្ឋចង់បាន។ កាលពីជំនាន់ប៉ុល ពត គឺគ្មានអ្វីទាំងអស់ ហើយអ្វីដែលប្រជាពលរដ្ឋចង់បាន គឺការដឹកនាំប្រទេស ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កាន់តែមានសេចក្តីសុខសប្បាយ គឺដោះស្រាយនូវអ្វីដែលប្រជាពលរដ្ឋចង់បាន។ លោកបញ្ជាក់ថា ការដឹកនាំប្រទេស គឺមិនអាចជប់បាននោះទេ យើងកសាងប្រទេសតាំងពីបាតដៃទទេ យើងរួមគ្នាកសាងរីកចម្រើនបន្តិចម្ដងៗ មកដល់ម៉ោងនេះ។ អ្វីដែលសំខាន់រាជរដ្ឋាភិបាលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ បង្កើតឱកាសការងារផ្សេងៗសម្រាប់កូនចៅប្រជាពលរដ្ឋ។ នេះហើយគឺជាការដឹកនាំប្រទេសក្នុងការធ្វើបុណ្យជាមួយប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រុមការងារ មន្ត្រីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលខិតខំបម្រើប្រជាពលរដ្ឋ។ បើទោះបីយើងនៅមានចំណុចអសកម្មខ្លះ ប៉ុន្តែយើងមានចំណុចសកម្មច្រើន យើងខំពង្រឹងចំណុចសកម្មទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយខិតខំកាត់បន្ថយចំណុចអសកម្មដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ។ នេះគឺជាអ្វីដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវ និងជំរុញឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេស ម្ចាស់ឆ្នោតដែលបានប្រគល់សិទ្ធិឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដឹកនាំស្ថាប័នរបស់ខ្លួនដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមានភាពស្មើមុខស្មើមាត់ មានមោទនភាពចំពោះជាតិ ដែលយើងរួមគ្នាបានកសាងប្រទេសបានរីកចម្រើន និងមានអ្វីៗដូចសព្វថ្ងៃនេះ ប៉ុន្តែយើងកសាងបានប៉ុណ្ណេះ មិនទាន់ចប់ទេ មិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវរួមគ្នាកសាងបន្ថែមទៀតឲ្យកាន់តែរីកចម្រើន និងឲ្យកាន់តែសម្បូរសប្បាយតទៅទៀត។ ដែលនេះហើយ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកខ្សាច់កណ្ដាលដែលជានិច្ចកាលបានគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ នេះកើតឡើងដោយការជឿទុកចិត្ត នឹងផ្ដល់យុត្តិធម៌ដល់សម្ដេចតេជោ និងក្រុមការងារនៃគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែលចុះជួយ នឹងដោះស្រាយជូនប្រជាពលរដ្ឋ។ ដូច្នេះអុំពូមីងបោះឆ្នោត គឺមិនខុសទេ គឺជ្រើសរើសអ្នកដឹកនាំដែលមានការទទួលខុសត្រូវ ជាថ្នាក់ដឹកនាំដែលធ្វើបុណ្យជាមួយប្រជាពលរដ្ឋ គឺសម្តេចតេជោ និងគណបក្សប្រជាជននឹងហើយ។ សូមប្រជាពលរដ្ឋជឿទុកចិត្តចុះសម្តេចតេជោ មិនដែលរត់ចោលប្រជាពលរដ្ឋនោះទេ គឺទឹកចិត្តនៅតែជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments