Ad Code

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កោតសរសើរ ស្ថានទូត និង​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ ដែល សហការ​គ្នា​ល្អ​ប្រសើរ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤



ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ស្ថានទូត​ នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ កម្ពុជា អង្គការ KOICA និង​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ ដែល​បាន​សហការគ្នា​យ៉ាង​ល្អ​ប្រសើរ ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​បាន​តម្កល់ មនុស្ស ជា​អាទិភាព​ទី​១ នៅ​លើ​គេ​។​

​ការ​កោតសរសើរ​របស់ លោក វេ​ង សាខុន នេះ​បាន​ធ្វើឡើង ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ នៅ​សណ្ឋាគារ​ភ្នំពេញ វេលា​ម៉ោង​១៨​និង​០០​ល្ងាច ថ្ងៃ​អង្គារ ៥​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយមាន​ការ ចូលរួម ពី​លោក Oh Nak Young ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Joeng Yun Gil នាយក​អង្គការ KOICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក លោកស្រី ភ្ញៀវ​ជាតិ អន្តរជាតិ និង​អតីត​និស្សិត​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ក្នុងនាម​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ស្ថានទូត​ នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ KOICA និង​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​រៀបចំ​ពិធី​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ដែល​សកម្មភាព​នេះ​បាន​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​បាន​តម្កល់ មនុស្ស ជា​អាទិភាព​ទី​១ នៅ​លើ​គេ​។​

​លោក រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ និង​សង្គម​ក្នុងសម័យ​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ផ្តោត​ជាសំខាន់​ក្នុងការ​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការ​ធ្វើ​យ​ន្តុ​ពាណិជ្ជកម្ម​កសិកម្ម ឌីជីថល​រូបនីយកម្ម​កសិកម្ម​ដែល​បាន និង​កំពុង​ក្លាយជា​ទឡ្ហីករណ៍​កំណើន​ថ្មី​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ និង​បាន​អនុញ្ញាត​ឲ្យ​ប្រជាកសិករ ​និង​វិស័យ​ឯកជន​មាន​លទ្ធភាព​ផ្សារភ្ជាប់​ទៅនឹង​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​លើសពីនេះ​ទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តាមរយៈ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​កសិកម្ម​ព្រែកលៀប និង​កំពង់ចាម រួយ​ជាមួយ​ការ​ជួយ​គាំទ្រ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ដូចជា​សាធារណរដ្ឋ​កូរ៉េ និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ជា​មធ្យម​និស្សិត​ប្រមាណ​ជា​១.២០០​នាក់ ​ត្រូវ​បាន​បញ្ចប់​ការសិក្សា​ជា​រៀងរាល់​ឆ្នាំ​។

អ្វីដែល​គួរ​ជាទី​មោទនៈ​នោះ​ គឺ ក្នុងនោះ​និស្សិត​ជាង​៩៥% ដែល​បានបញ្ចប់​ការសិក្សា​កំពុង​ចូល​បម្រើ​ការងារ​ក្នុង​គ្រប់​វិស័យ​។​

​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ​នឹង​មាន​និស្សិត​ជាច្រើន​ពិនិត្យ ពិចារណា និង​មាន​ចំណាប់អារម្មណ៍​បន្ត​ការ​សិក្សា​ជំនាញ ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​មួយ​កម្រិត​ទៀត​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu