Ad Code

មេដឹកនាំ​ហ្វីលីពីន​រង​ការរិះគន់​ចំពោះ​ការ​គំរាម​បង្កើត “​ក្រុម​ស្ម័គ្រ​ស្លាប់ Duterte”



ក្រុម​ឆ្វេងនិយម​ហ្វីលីពីន​បាន​ប្រតិកម្ម​ជាមួយ​ការរិះគន់​កាលពី​ថ្ងៃ​ពុធ​ចំពោះ​ការគំរាមកំហែង​មួយ​ដោយ​លោក​ប្រធានាធិបតី Rodrigo Duterte ក្នុងការ​បង្កើត “​ក្រុម​ស្ម័គ្រ​ស្លាប់​” មួយ​ដើម្បី​ប្រមាញ់​នូវ​អ្វីដែល​លោក​និយាយថា ជា​អ្នក​ធ្វើឃាត​ម៉ៅ​និយម​ដែល​ផែនការ​មួយ​នេះ​ត្រូវបាន​អ្នក​រិះគន់​និយាយថា​អាច​បង្ក​ឲ្យ​មានការ​សម្លាប់​រង្គាល​ស្រដៀង​ទៅនឹង​សង្គ្រាម​បង្ហូរឈាម​របស់គាត់​លើ​គ្រឿងញៀន​។​

ពួក​ម៉ៅ​និយម ពួកឆ្វេងនិយម​និង​សមាជិកសភា​មួយចំនួន​បាន​និយាយថា លោក Duterte នឹងធ្វើ​ឲ្យ​កាន់តែ​អាក្រក់​ទៅៗ​នូវ​បរិយាកាស​នៃ​ការភ័យខ្លាច​និង​និ​ទណ្ឌ​ភាព​ដែលមាន​ស្រាប់​ដោយ​ការគំរាមកំហែង​បង្កើត​ក្រុម​បុរស​ដើម្បី​វាយប្រហារ​ទៅលើ​កងទ័ព New People's Army (NPA)​ដែលជា​កងជីវពល​កុ​ម្មុយ​និ​ស្ត​ដែល​បានធ្វើ​បះបោរ​កម្រិត​ទាប​នៅ​ប្រទេស​ហ្វីលីពីន​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​។​

លោក Duterte បាន​និយាយថា ឃាតករ​របស់គាត់​នឹង​កម្ចាត់ NPA ដែល​ពួក​កុ​ម្មុយ​និ​ស្ត​បានដាក់​ពង្រាយ​ដើម្បី​សម្លាប់​ប៉ូលិស​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ​១៩៧០​និង​១៩៨០​អំឡុង​ការគ្រប់គ្រង​របស់​អតីត​បុរស​ខ្លាំង​លោក Ferdinand Marcos ។​

លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​អង្គា​រថា “​ខ្ញុំ​នឹង​បង្កើត​កម្លាំង​ផ្ទាល់​របស់ខ្ញុំ​គឺ ក្រុម​ស្ម័គ្រ​ស្លាប់ Duterte”​។​

លោក Jose Maria Sison ដែលជា​ស្ថាបនិក​និរទេស​ខ្លួន​នៃ​គណបក្ស​កុម្មុយនីស្ដ​ហ្វីលីពីន​បាន​បដិសេធថា មិនមាន​ឃាតកម្ម​ទេ​ហើយ​បាន​និយាយថា លោក Duterte បាន​ប្រើប្រាស់​វា​ធ្វើជា​លេស​ដើម្បី​សម្លាប់​ពួក​ឧទ្ទាម​ម៉ៅ​និយម​។​

លោក Sison បាន​ប្រដូច​វា​ទៅនឹង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​របស់លោក Duterte ដែល​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​។ ក្រុម​សកម្មជន​បាន​និយាយថា មាន​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​គេ​ប្រហារជីវិត​ប៉ុន្តែ​ប៉ូលិស​បដិសេធ​ហើយ​និយាយថា ទាំងអស់នោះ​គឺជា​ការបាញ់សម្លាប់​ជាមួយ​ឈ្មួញ​គ្រឿងញៀន​។​

សេចក្តីថ្លែងការណ៍​រប​ស់លោក Duterte បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ក្រុម​សិទ្ធិមនុស្ស​ដែល​និយាយថា ប៉ូលិស​កំពុង​យល់ឃើញថា ពួកគេ​ត្រូវបាន​គេ​បើកភ្លើង​ខៀវ​ដើម្បី​សម្លាប់​ឧក្រិដ្ឋ​ជនសង្ស័យ​។​

ក្រុម​ឆ្វេងនិយម Bayan បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Duterte កំពុង​ញុះញង់​ឲ្យ​មានការ​សម្លាប់​រង្គាល​ប្រឆាំងនឹង​អ្នក​រិះគន់​រដ្ឋាភិបាល អ្នកការពារ​សិ​ទិ្ធ​មនុស្ស​និង​មនុស្ស​គ្រប់គ្នា​ដែល​រដ្ឋាភិបាល​ចាត់ទុកថា “​មាន​គ្រោះថ្នាក់​”៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu