Ad Code

ទីបំផុត! ល្ខោនខោល​ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី ​នៃ​មនុស្សជាតិ​ របស់​អង្គការ​យូណេស្កូ​



​ភ្នំពេញ​ ៖​ ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ​និង​ការខិតខំ​ពុះពារ​ចូលរួម​យ៉ាង​សកម្ម​ពី​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នោះ ​ទីបំផុត​សិល្បៈ​ល្ខោនខោល​ត្រូវបាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូប​បី​ នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​។​

បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ បាន​ឲ្យ​ដឹងថា ​នា​ថ្ងៃទី​២៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣ ​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ នៅ​ទីក្រុង​ព័រ​ល្វី​សាធារណរដ្ឋ​ម៉ូ​រី​ស​ បានអនុម័ត​យល់ព្រម​ចុះ​ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្សជាតិ ​តាម​សេចក្ដី​សម្រេច​Decision13.COM.10.a.3​។​

នៅក្នុង​សេចក្ដីជូនដំណឹង​ដដែល​នេះ​បាន​បន្តទៀតថា ​ការសម្រេច​របស់​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល ​នៃ​អង្គការ​យូណេស្កូ​នាពេលនេះ ​គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត ​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ជានិច្ចកាល ​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។​

ប្រភព​បានបញ្ជាក់​ទៀតថា ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ​និង​ការខិតខំ​ពុះពារ​ចូល​រួម​យ៉ាងសកម្ម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ដោយមាន​កិច្ចសហការ​ចូលរួម​គាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បករ អង្គការ​សមាគម សង្គម​ស៊ីវិល ក្នុង​វិស័យ​សិល្បៈ ​វប្បធម៌​ និង​ការជួយ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន ប្រជាជន និង​ស្រទាប់​យុវជន​កម្ពុជា​ទាំងមូល ​ទើប​យើង​ទទួល​បាន​នូវ​លទ្ធផល​ជោគជ័យ ​នៃ​ការដាក់បញ្ចូល​ល្ខោនខោល​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូប​បី​ នៃ​មនុស្សជាតិ​ដ៏​ត្រចះត្រចង់​នាពេលនេះ​។​

សេចក្ដី​ជូនដំណឹង​ខាងលើនេះ​បានបញ្ជាក់​បន្ថែមថា បេតិកភណ្ឌ​វប្បធម៌​រូបី​ និង​អរូបី​របស់​ជាតិ​យើង​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ល្បី​រន្ទឺ​នៅ​លើ​ឆាក​អន្តរជាតិ​ ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ​នៅ​លើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក​ថែមទៀត​ផង​។

ដូច្នេះ​ ក្រសួង​ សូម​អំពាវនាវ​ដល់​សាធារណជន ​មេត្តា​បន្ត​ចូលរួម​ថែរក្សា​ ការពារ​ និង​លើកតម្កើង​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ពិសេស​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្នុង​សម័យ​សាកល​ភា​វូ​នីយកម្ម​នា​ពេល​បច្ចុប្បន្ន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu