ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរអន្តរជាតិមានការយោគយល់ចំពោះការឡើងថ្លៃសណ្ឋាគារនៅខេត្តព្រះសីហនុក្នុងរយៈចុងក្រោយនេះដោយសារតែខេត្តនេះមានសណ្ឋាគារតិចមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវបានគ្រប់គ្រាន់។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡង ប្រណាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨កាលពីថ្ងៃទី២៨ វិច្ឆិកានៅសណ្ឋាគារភ្នំពេញថា បច្ចុប្បន្ននេះនៅខេត្តព្រះសីហនុមានសណ្ឋាគារប្រមាណតែ៨៨កន្លែងស្មើនឹងជាង៣ពាន់បន្ទប់ប៉ុណ្ណោះ ក្នុងនោះ១៤០០បន្ទប់បានជួលសម្រាប់ឲ្យភ្ញៀវអន្តរជាតិជាពិសេស គឺជនជាតិចិន។
លោករដ្ឋមន្ត្រីបានបន្តថា នៅឆ្នាំ២០១៩ខាងមុខ ខេត្តព្រះសីហនុនឹងលែងខ្វះសណ្ឋាគារទៀតហើយ ព្រោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកំពុងជំរុញការសាងសង់បន្ថែមទៀត ជាលក្ខណៈសណ្ឋាគារផ្កាយ៤ចំនួន២ ផ្កាយ៥ចំនួន៧ គឺស្មើនឹងជាង២ពាន់បន្ទប់ទៀតដែលនឹងជួយបំពេញទៅតាមសេចក្តីត្រូវការរបស់ភ្ញៀវជាតិនិងអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រុងព្រះសីហនុកំពុងស្ថិត នៅក្នុងដំណើរការអភិវឌ្ឍយ៉ាងល្អ ដោយបានផ្តល់ចំណូលដល់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិតាមការបង់ពន្ធរបស់អ្នកវិនិយោគ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធមិនបានព្រងើយកន្តើយចំពោះស្ថានភាពនៅខេត្តព្រះសីហនុនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ជាពិសេស ទាក់ទងស្លាកយីហោរបស់ជនបរទេស នៅក្រុងកំពង់សោមថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានផ្សព្វផ្សាយផុសផុលថា អំពីស្លាកសញ្ញា ឬយីហោ នៅតាមហាងនានា ដែលលើកឡើងខុសពីប្រក្រតី។ ប៉ុន្តែក្រសួងក៏បានណែនាំ ឲ្យសរសេរអក្សរជាចាំបាច់ គឺជាអក្សរខ្មែរនៅពីលើ និងអក្សរអង់គ្លេសនៅពីក្រោម ដោយអក្សរអង់គ្លេស ត្រូវតូចជាងអក្សរខ្មែរ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ មានប្រសាសន៍ប្រាប់សារព័ត៌មានអេឡេចត្រូនិចក្នុងមួយស្រុកថា កន្លងទៅថ្មីៗនេះ ក្រុមការងាររបស់លោកបានសហការជាមួយអាជ្ញាធរខេត្តចុះបានរុះរើស្លាកយីហោប្រហែល១០ស្លាក របស់ជនជាតិចិនដែលសរសេរខុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ខ្មែរជាដើម។
លោកបានបន្តថា ក្រោយពីរុះរើ អាជ្ញាធរបានហៅម្ចាស់ហាងមកអប់រំនិងណែនាំឲ្យធ្វើត្រឹមត្រូវតាមច្បាប់កម្ពុជា ដោយថា បើមិនគោរពតាមនឹងបិទហាងមិនឲ្យធ្វើអាជីវកម្មជាដើម។
លោកបានបន្ថែមថា មុនលើកស្លាក គាត់ត្រូវសុំច្បាប់ ហើយត្រូវសរសេរអក្សរខ្មែរនៅពីលើអក្សរចិន។ បើសរសេរអក្សរខ្មែរខុស លើកទីមួយយើងហៅគាត់មកអប់រំ ណែនាំ តែម្តងទេ បើលើកទីមួយគាត់មិនកែតម្រូវ លើកទីពីរ យើងមានវិធានការបិទតែម្តង។
ក្នុងរយៈពេល ៥ ថ្ងៃដែលគិតមកដល់ត្រឹមថ្ងៃទី២៧វិច្ឆិកាអាជ្ញាធរខេត្តព្រះសីហនុបានចុះទៅរុះរើដកស្លាកយីហោរបស់ជនជាតិចិន ដែលសរសេរអក្សរខ្មែរខុស ឬដាក់ឈ្មោះយីហោមិនត្រឹមត្រូវបានជាង ២០០។
គួរបញ្ជាក់ថា ៩ខែ ឆ្នាំ២០១៨ ខេត្តព្រះសីហនុទទួល បានភ្ញៀវទេសចរចំនួន១,៦០០០០០ (មួយលានប្រាំមួយសែន) ភ្ញៀវទេសចរជាតិមានចំនួន ១,១០០០០០ (មួយលានមួយសែន) កើនឡើង១២ភាគរយ សម្រាប់ភ្ញៀវទេសចរអន្តរជាតិវិញ មានចំនួនជិត៥០ម៉ឺននាក់ កើនឡើង១៩ភាគរយ៕
Source: Kampuchea Thmey Daily
0 Comments