ភ្នំពេញ ៖ ចលនារណសិរ្សរំដោះជាតិខ្មែររបស់លោក សម សេរី ដែលធ្លាប់បានធ្វើសកម្មភាពបាចខិតប័ណ្ណជាញឹកញាប់នៅតាមបណ្តារាជធានី ខេត្ត ជាច្រើនទូទាំងប្រទេសកម្ពុជា អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងរដ្ឋាភិបាលនោះ គ្រោងននឹងស្នើបង្កើតគណបក្សមួយដែលមានឈ្មោះថា “គណបក្សរំដោះជាតិខ្មែរ” ដោយចាត់តាំងសកម្មជនមួយរូប ដែលទើបចេញពីពន្ធនាគារ ដើម្បីធ្វើការសម្របសម្រួលចុះបញ្ជីគណបក្សនៅប្រទេសកម្ពុជា។
លោក ធុយ វី ដែលទទួលបានការតែងតាំងជាអ្នកនាំពាក្យគណបក្សរំដោះជាតិខ្មែរបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ថា តាមគំរោងលោកនឹងដាក់ពាក្យស្នើសុំបង្កើតទៅក្រសួងមហាផ្ទៃនៅក្នុងសប្តាហ៍នេះ ប្រសិនបើមិនមានផលលំបាកអ្វីទេនោះ គ្រាន់តែមិនទាន់កំណត់ពេលវេលាច្បាស់ ហើយពេលនេះលោកបានរៀបចំលក្ខន្តិកៈខ្លះៗ ត្រៀមរួចហើយ។
លោកបញ្ជាក់ថា មូលហេតុដែលចង់បង្កើត “គណបក្សរំដោះជាតិខ្មែរ” នេះ ទី១, ចង់ស្រាយវិបត្តិនយោបាយនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទី២, វិបត្តិពេលនេះអាចធ្វើឲ្យគ្រោះថ្នាក់ដល់ប្រយោជន៍ជាតិយ៉ាងធំ ដោយសារអន្តរដាក់ការគាបសង្កត់ ហើយយើងមិនចង់ឲ្យមានបញ្ហានេះទេ យើងចង់ឲ្យប្រទេសជាតិយើងមានការរីកចម្រើនដូចបណ្តាប្រទេសលើពិភពលោក។
តាមលោក ធុយ វី គោលនយោបាយរបស់គណបក្សរំដោះជាតិខ្មែរ ដែលគ្រោងបង្កើតឡើងនេះ មាន៣ចំណុច គឺទី១, នៅថ្នាក់ជាតិ ទី២, នៅថ្នាក់អន្តរជាតិ និងទី៣, និយាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺចង់ឲ្យគណបក្សនេះ ដំណើការទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ចំណែករចនាសម្ព័ន្ធរបស់គណបក្ស លោក ធុយ វី អះអាងថា បានរៀបចំអស់ហើយ តែរង់ចាំការសម្រួលពីរដ្ឋាភិបាល ដើម្បីចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ។ ដោយឡែកទាក់ទងបញ្ហាឈ្មោះរបស់គណបក្ស លោក ធុយ វី បញ្ជាក់ថា ប្រសិនបើក្រសួងមហាផ្ទៃគិតពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះ ដូចជាមិនមានអ្វីចោទជាបញ្ហានោះទេ។
សូមបញ្ជាក់ថា ចលនារណសិរ្សរំដោះជាតិខ្មែរ ធ្លាប់បានធ្វើសកម្មភាពបាចខិតប័ណ្ណជាញឹកញាប់នៅតាមបណ្តារាជធានី ខេត្ត ជាច្រើនទូទាំងប្រទេស ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរ ក្រោកឡើងប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច ហ៊ុន សែន ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ព្រះសង្ឃ ប្រជាកសិករ សិស្ស និស្សិត ក្រោកឡើងប្រឆាំងរបបគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន និងរំដោះជាតិខ្មែរចេញពីការគ្រប់គ្រងមួយ ដែលគេអះអាងថា ជាការឈ្លានពានរបស់វៀតណាម ហើយពួកគេក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។ ពួកគេធ្វើសកម្មភាពក្នុងអង្គការចាត់តាំងក្រៅច្បាប់មួយ ដែលមានឈ្មោះថា រណសិរ្សរំដោះជាតិខ្មែរ ដែលមានឈ្មោះ សម សេរី ហៅ ស សេរី ជាមេដឹកនាំ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អតីតអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិធ្លាប់បានបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ គឺជាក្រុមអង្គការចាត់តាំងក្រៅច្បាប់មួយដែលប្រកាសខ្លួនឯងដោយខុសច្បាប់ ហើយមានទិសដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ បេសកកម្មរបស់គេ គឺរំដោះជាតិ សាសនា ប្រជារាស្ត្រខ្មែរ ឲ្យមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ ពិតប្រាកដពីអាណានិគមនិយមយួនឈ្លានពាន និងគណបក្សប្រជាជនកម្ពុជា និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ចំណុចមួយទៀត គឺបញ្ជាក់ថា រណសិរ្សរំដោះជាតិខ្មែរ មិនទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ដូច្នេះតាមគោលដៅរបស់គេ គឺខុសច្បាប់ទាំងស្រុង។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា សកម្មភាពរបស់រណសិរ្សរំដោះជាតិខ្មែរកន្លងមកនេះ គឺមានការបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ ជាក់ស្តែងនៅពេល ដែលអាជ្ញាធរថៃ បានចាប់ក្រុមនេះមួយចំនួន ដែលស្នាក់នៅថៃខុសច្បាប់បញ្ជូនមកកម្ពុជា ហើយពួកគេបានឆ្លើយសារភាពថា គាត់បានជ្រើសរើសកម្លាំង និងហ្វឹកហាត់កម្លាំងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយធ្វើសកម្មភាពអូសទាញពលករខ្មែរ ព្រះសង្ឃ និងនិស្សិតខ្មែរ ដែលទៅរៀនសូត្រនៅថៃ ឲ្យចូលរួមធ្វើសកម្មភាពគាំទ្រខ្លួន ដើម្បីផ្តួលរំលំរដ្ឋាភិបាល៕
Source: Kampuchea Thmey Daily
0 Comments