ភ្នំពេញ ៖ រដ្ឋសភា នឹងលើកយកសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុ ឆ្នាំ២០១៩ មកពិភាក្សាអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ថ្ងៃទី១៥វិច្ឆិកាខាងមុខនេះ។ នេះបើតាមប្រសាសន៍ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយបញ្ចប់កិច្ចគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះនៅវិមានរដ្ឋសភា។
ក្រៅពីអនុម័តច្បាប់ថវិកានេះ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦នេះ ក៏នឹងពិភាក្សាអនុម័តលើរបៀបវារៈមួយចំនួនទៀត ដូចជា ៖ ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ការពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម ៖ កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ការពិភាក្សាអនុម័តកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ការពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
សូមបញ្ជាក់ថា យោងតាមប្រសាសន៍លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ថ្លែងនៅក្នុងសិក្ខាសាលាឈ្វេងយល់អំពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩” ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៦ ខែវិច្ឆិកា មកនេះថា សម្រាប់ឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានកំណត់ចំណាយថវិកាជាតិក្នុងកម្រិតចំនួន២៥.៧៦៥.០២៨ លានរៀល កើន១០% ធៀបឆ្នាំ២០១៨។
ក្នុងនោះចំណាយចរន្តថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ១៦.៨២៧.២៨០លានរៀល និងចំណាយមូលធនថ្នាក់ជាតិមានចំនួន៨.៩៣៧.៧៤៨លានរៀល។
ការចំណាយលើបន្ទុកបុគ្គលិកត្រូវបានគ្រោង ៧.៨៦២.៥៣៧លានរៀល ដូចជា(តម្លើងប្រាក់បៀវត្សរ៍មូលដ្ឋាន លាភការ និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ)។
ការចំណាយមិនមែនបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន៨.៩៦៤.៧៤៣លានរៀល មានសមាមាត្រស្មើនឹង៥៣,២៨% នៃចំណាយចរន្តថ្នាក់ជាតិ ត្រូវជា ៨,១៦%នៃ ផ.ស.ស ដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច។
លើសពីនេះ សម្រាប់ឆ្នាំ២០១៩ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាឆ្លើយតបនឹងសកម្មភាពគាំពារសង្គម ដូចជាបន្តការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ បន្តឧបត្ថម្ភមាតុភាពសម្រាប់កម្មករ និយោជិក ការបន្តនិរន្តភាពមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បន្តសកម្មភាពចុះសួរសុខទុក្ខកម្មករ កម្មការិនី និងកម្មវិធីសង្គហទានសង្គមសម្រាប់ស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារតូច។
ការចំណាយមូលធនថ្នាក់ជាតិត្រូវបានគ្រោង៨.៩៣៧.៧៤៨លានរៀល មានសមាមាត្រស្មើនឹង ៣៤,៧% នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា ៨,១៣% នៃ ផ.ស.ស គឺមានកំណើន ៨,៩% ធៀបនឹងឆ្នាំ២០១៨។
ការចំណាយមូលធនថ្នាក់ជាតិនេះ មានគោលដៅផ្ដល់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីក្នុងវិស័យអាទិភាពដោយផ្ដោតលើការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច៕
Source: Kampuchea Thmey Daily
0 Comments