ភ្នំពេញ ៖ ដោយសារអត់ទ្រាំលែងបាន តារាសម្ដែងប្រុសរូបសង្ហា លោក អ៊ុន សុទ្ធា បានបញ្ចេញប្រតិកម្មនឹងបង្ហាញការអន់ចិត្តខ្លាំងលើអ្នកសិល្បៈដូចគ្នា ខណៈដែលតារាប្រុសរូបនោះបានអះអាងថាជាតារាសិល្បៈរៀមច្បងផងនោះ។
លោក អ៊ុន សុទ្ធា បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថាថ្ងៃនេះ ខ្ញុំសូមបញ្ចេញពីអារម្មណ៍ពិតបន្តិចចុះ ពីដើមឡើយ ខ្ញុំមិនសូវចូលចិត្ត បង្ហាញ និងបញ្ចេញពីអារម្មណ៍ ខ្លួនឯងលើសង្គម Facebook ប៉ុន្មានទេ ព្រោះមិនចង់ឲ្យមិត្តភ័ក្ដិ ឬក៏Fan (អ្នកគាំទ្រ)របស់ខ្ញុំទទួលអារម្មណ៍មិនល្អទេ ខ្ញុំចង់បង្ហាញ តែពីអ្វីដែលល្អៗ សប្បាយៗ និងជោគជ័យការងាររបស់ខ្ញុំតែប៉ុណ្ណោះ។
តារាសម្ដែងប្រុសមានប្រជាប្រិយភាព លោក អ៊ុន សុទ្ធា បានបន្តទៀតថា កុំឲ្យវែងឆ្ងាយ ខ្ញុំសូមផ្ញើសារនេះ តាមរយៈសង្គម Facebook (ហ្វេសប៊ុក) ជាមួយនឹងការ Share(ស៊ែរ)របស់មិត្តភ័ក្ដិ ទាំងអស់គ្នាផង ដើម្បីឲ្យអ្នកមួយចំនួនតូចនេះ ដែលចេះកើតមានអារម្មណ៍ និងសតិមិនគ្រប់គ្រាន់នេះបានដឹងខ្លួនផង។
លោក អ៊ុន សុទ្ធា និយាយថា ច្រណែនខ្ញុំធ្វើអី? ឈ្នានីសខ្ញុំធ្វើអី? មើលងាយខ្ញុំធ្វើអី ? ក្នុងជាតិនេះ ខ្ញុំគ្មានសារធាតុទាំងបីនេះទេ យើងជាអ្នកដើរលើផ្លូវតែមួយជាមួយគ្នា ហើយបងក៏ជារៀមច្បងរបស់ខ្ញុំទៀតបងមានអ្វីៗ ស្ទើរតែគ្រប់យ៉ាងទៅហើយ ចាំបាច់អីមកមើលឃើញអ្នកសិល្បៈតូចទាបដូចជាខ្ញុំនេះ ខ្ញុំខំប្រឹងប្រែងលើវិថីសិល្បៈនេះ ដោយខ្លួនឯង និងកម្លាំងញើសឈាមរបស់ខ្ញុំ។
ខ្ញុំមិនដែលគិត អគតិលើអ្នកសិល្បៈដូចគ្នាឡើយ (ខ្លួនទីពឹងខ្លួន) ពួកយើងគួរតែ រួបរួមគ្នាដើម្បីឲ្យសិល្បៈរបស់យើងរីកចម្រើនឲ្យពិភពលោកមើលឃើញថា ខ្មែរក៏ជាប្រទេសមួយនឹងគេដែរ កុំឲ្យសាសន៍ដទៃ មើលមកខ្មែរថាជាថៃទៅវិញអញ្ចឹង។
សូមអ្នកទាំងអស់គ្នាជួយ Share (ស៊ែរ) ឲ្យអ្នកដែលមើលងាយ ច្រណែន និងឈ្នានីសខ្ញុំបានឃើញផង។ លោក អ៊ុន សុទ្ធា បន្ថែម៕
Source: Kampuchea Thmey Daily
0 Comments